យន្តហោះយោធា ដឹកតំណាងរាស្ត្រ សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ ៖ ពលរដ្ឋចិនខឹងខ្លាំង ខណៈក្រុង​ប៉េកាំង​ ​ប្រតិកម្មដោយប្រុងប្រយ័ត្ន

យន្ត​ហោះ​យោធាសហរដ្ឋ​អាមេរិក​ ចុះចត​នៅ​កោះ​តៃវ៉ាន់​

ប្រជាជន​ចិន បាននាំគ្នា​រិះគន់ និង​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​ ​រក្សា​ជំហរ​ស្ដីពី «បន្ទាត់​ក្រហម» នៅពេល​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 ដែល​បាន​ដឹក​ប្រតិភូ​សហរដ្ឋអាមេរិក ចុះចត​លើ​កោះ​តៃវ៉ាន់។

យន្តហោះ​ដឹកជញ្ជូន C-17 របស់​ទ័ពអាកាស អាមេរិក ដឹក​ប្រតិភូ​មួយក្រុម ដែលមាន​តំណាងរាស្ត្រ​ចំនួន 3រូប មកពី​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​ចុះចត​នៅឯ​ទីក្រុង តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី6 ខែមិថុនា ហើយ​បាន​ឈប់​នៅទីនេះ​អស់​រយៈពេល 3ម៉ោង។

តំណាងរាស្ត្រ​អាមេរិក ទាំងនេះ រួមមាន Tammy Duckworth, Chris Coons និង Dan Sulliva បាន​ជួបពិភាក្សា​​ជា​មួយ​នឹង​​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ព្រមទាំង​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 750,000ដូ​ស ដល់​កោះ​នេះ​ផងដែរ។

សារព័ត៌មាន​តៃវ៉ាន់ រាយការណ៍​ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 ចុះចត​លើ​កោះ​នេះ រាប់​ចាប់ពី​ឆ្នាំ1995។ ប៉ុន្តែ ភាគី​ចិនដីគោក បញ្ចេញ​ប្រតិកម្ម​ដោយ​ការប្រុងប្រយ័ត្ន។

សារព័ត៌មាន​ចិន រួមមាន Xinhua ជាដើម មិនបាន​រាយការណ៍​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សហរដ្ឋអាមេរិក នេះ​ទេ ចំណែក​ក្រសួងការបរទេស​ចិន និង​ការិយាល័យ​ទទួលបន្ទុក​បញ្ហា​កោះ​តៃវ៉ាន់ ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ។

បញ្ហា​ខាងលើនេះ បានធ្វើឱ្យ​ពលរដ្ឋ​ចិន​ជាច្រើន មានប្រតិកម្ម​យ៉ាងខ្លាំង​ក្លា នៅលើ​បណ្ដាញ​សង្គម Weibo និង​បាន​រំលឹក​អំពី​ទស្សនៈ​របស់​ទីក្រុង​ប៉េកាំង ដែលថា កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន ដែល​កំពុង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។

«បន្ទាត់​ក្រហម​របស់​យើង លែង​នៅ​ជា​បន្ទាត់​ក្រហម​ទៀតហើយ។ បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដូច្នេះ តើ​ធ្វើ​ដូចម្ដេច ជនបរទេស​ព្រម​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់​ចិន?» ការបញ្ចេញមតិ​នៅលើ​បណ្ដាញ​សង្គម Weibo ដែល​ទទួល​បានការ​ចុច​ចូលចិត្ត​ច្រើនជាងគេ នៅ​ខាងក្រោម​រូបថត​នៃ​យន្តហោះ C-17 ដែល​កំពុង​ចត​នៅលើ​កោះ​តៃវ៉ាន់។

ប្រតិភូ​របស់​ សហរដ្ឋ​អាមេរិក​ និង​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​ នៅ​ព្រលាន​យន្ត​ហោះ​ Songshan នៃ​កោះ​តៃវ៉ាន់

ពលរដ្ឋ​ចិន​ជាច្រើន បាន​អំពាវនាវ​ឱ្យមាន​ការទប់ស្កាត់ ទង្វើ​ដែល សហរដ្ឋអាមេរិក កំពុង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​មិន​បង្កជម្លោះ​ប្រដាប់អាវុធ។ អត្ថបទ​មួយ​ដែល​ត្រូវបាន​គេ​ចែករំលែក​ច្រើន បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​មក​កាន់​តៃវ៉ាន់ របស់​ក្រុមមន្ត្រី សហរដ្ឋអាមេរិក គឺជា​ឥរិយាបថ​ដែល «រុញច្រាន​យើង​ទៅកាន់​បន្ទាត់​ក្រហម​បន្តិចម្ដង»។

ក្រុម​អ្នកជំនាញ​យល់ថា ប្រតិកម្ម​របស់​ប្រជាជន​ចិន​ខាងលើនេះ កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន រក្សា​តុល្យភាព​អំណាច ក្រោយ​ទីក្រុង​ប៉េកាំង បាន​ប្រឹងប្រែង​រិះគន់​យ៉ាង​ខ្លាំងក្លា និង​បង្កើន​វត្តមាន​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​រារាំង​ទីក្រុង​វ៉ា​ស៊ី​ង​តោន ខិតចូល​ជិត​ទីក្រុង​តៃប៉ិ។

រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi កាលពី​ខែមីនា បាន​ព្រមាន​ដល់ សហរដ្ឋអាមេរិក ថា «កុំ​ឆ្លង​ផុត​បន្ទាត់​ក្រហម និង​ប្រលែង​លេង​ជាមួយនឹង​ភ្លើង» នៅក្នុង​បញ្ហា​កោះ​តៃវ៉ាន់។

Natasha Kassam ប្រធាន​កម្មវិធី​គោលនយោបាយ​ការបរទេស និង​សាធារណៈ​របស់​វិទ្យាស្ថាន Lowy នៃ​ប្រទេស​អូស្ត្រាលី ឱ្យដឹងថា៖ «ស្ថានការណ៍​មិនដែល​មាន​ស្ថិរភាព ហើយ​ទាំង​ចិន និង​សហរដ្ឋអាមេរិក សុទ្ធតែ​មានការ​ផ្លាស់​ប្ដូ​រ​គួរឱ្យកត់សម្គាល់ នៅក្នុង​គោលនយោបាយ​សម្រាប់​កោះ​តៃវ៉ាន់។ សហរដ្ឋអាមេរិក កំពុង​ឆ្លង​ចេញពី​ទម្លាប់​ដើម ដែល​នេះ​គឺជា​ការ​ប្រតិកម្ម​នៅ​ចំពោះមុខ​ទស្សនៈ​ដាច់ខាត​របស់​ចិន»។

Drew Thompson អតីតមន្ត្រី​តាមដាន​ទំនាក់ទំនង​ផ្នែក​ការពារជាតិ របស់​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក អះអាងថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ការធានា​ចំពោះ​មេដឹកនាំ Tsai Ing-wen ថា សហរដ្ឋអាមេរិក យកចិត្តទុកដាក់​លើ​ស្ថិរភាព​នៃ​ឆ្នេរ​ទាំងពីរ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សង្កត់ធ្ងន់ថា កោះ​នេះ​ត្រូវការ​ការគាំទ្រ ដើម្បី​ការ​ពារ​​ខ្លួន»៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement