ស្ត្រី​ជា​តំណាងរាស្ត្រ ទះកំផ្លៀង​អ្នក​រួម​ការងារ ពេល​កំពុង​ជជែក​គ្នា នៅ​លើ​កញ្ចក់​ទូរទស្សន៍

ប៉ា​គី​ស្ថាន៖ ស្ត្រី​ជា​អ្នកតំណាងរាស្ត្រ​ម្នាក់ ឈ្មោះ Ashiq Awan ទះកំផ្លៀង​មិត្ត​រួម​ការងារ​ម្នាក់ ឈ្មោះ Qadir Mandokhail បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា នៅក្នុង​ការបញ្ចេញមតិ​លើ​កញ្ចក់​ទូរទស្សន៍​ដែល​កំពុង​ផ្សាយ​ផ្ទាល់។

អំពើហិង្សា​នេះ បានកើត​ឡើង នៅពេល​លោកស្រី Awan ដែលជា​សមាជិក​ម្នាក់រ​បស់​បក្ស Pakistan Tehreek-e-Insaf ចូលរួម​ជជែក​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ជាមួយនឹង​លោក Qadir Mandokhail ដែលជា​តំណាងរាស្ត្រ​មកពី​បក្ស ប្រជាជន​ប៉ា​គី​ស្ថាន MNA។ សកម្មភាព​នៃ​អំពើហិង្សា​នេះ បន្ទាប់មក​ក៏ត្រូវ​បាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី10 ខែមិថុនា។

ដោយសារតែ​មិនមាន​ការឯកភាព​គ្នា លោកស្រី Awan ក៏បាន​ចូលទៅ​ក្បែរ និង​ទះ​មួយ​ដៃ ទៅលើ​គូភាគី។ លោក Qadir Mandokhail ព្យាយាម​ចាប់ដៃ​លោកស្រី Awan និង​បន្ត​ជជែក​តវ៉ា ប៉ុន្តែ ស្ត្រី​តំណាងរាស្ត្រ​រូបនេះ នៅតែ​ប្រតាយប្រតប់ និង​ទះ​បាន​មួយ​ដៃ​ទៀត ធ្វើឱ្យ​លោក Qadir Mandokhail លើកដៃ​តបត។ ភ្លាមនោះ ក្រុម​បុគ្គលិក​ផ្សាយ​របស់​ទូរទស្សន៍ ក៏បាន​ចូលមក​សម្របសម្រួល។

ក្រោយពី​វីដេអូ​ខាងលើ ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម តំណាងរាស្ត្រ Awan ដែល​ធ្លាប់ជា​ជំនួយការ​ពិសេស​ស្ដីពី​ព័ត៌មាន របស់​នាយករដ្ឋមន្ត្រី Imran Khan ឱ្យដឹងថា លោក Qadir Mandokhail មុន​នោះ បាន​គំរាម​លោកស្រី ព្រមទាំង​បាន​មើលងាយ​គ្រួសារ​លោកស្រី ធ្វើឱ្យ​លោកស្រី​មិនអាច​ទប់​កំហឹង​បាន។ លោកស្រី Awan ថែមទាំង​បាន​ព្រមាន​ថា នឹង​ប្ដឹង​លោក Mandokhail បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​មេធាវី។

លោក Mandokhail ពេលនោះ បាន​និយាយថា លោក​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឱ្យមាន​យោបល់ នៅក្នុង​កម្មវិធី​ជជែក​ដេញដោល​គ្នា ព្រោះតែ​លោកស្រី Awan និយាយ​មិន​ឈប់ ពេញ 30នាទី។ លោក Mandokhail ថា លោក​បាន​សុំ​ការអនុញ្ញាត​ដើម្បី​បញ្ចេញយោបល់ ប៉ុន្តែ ត្រូវ​លោកស្រី Awan បដិសេធ ហើយ​ថែមទាំង​ចោទ​បក្ស​របស់លោក​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ៕

ប្រភព៖ Republicworld, Pakistantime
ប្រែ​សម្រួល៖ បុត្រា

Advertisement