ក្រុម​ប្រទេស​ G7 នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក

ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន (G7) នឹង​បង្កើន​ការផលិត​វ៉ាក់សាំង​បង្ការ Covid-19 នៅ​ទូទាំង​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក តាមរយៈ​កម្ម​វិធីចែក​រំលែក និង​ក្រោមរូបភាព​នៃ​ការផ្ដល់​ជំនួយ។

«នៅក្នុង​កិច្ចប្រជុំ​កំពូល G7 ក្រុម​មេដឹកនាំ​ពិភពលោក តាម​គម្រោង​នឹង​ប្រកាស​ឱ្យដឹង​អំពី​ផែនការ​ផ្ដល់​វ៉ាក់សាំង Covid-19 យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក និង​រៀប​គម្រោង​បង្កើន​ការផលិត​វ៉ាក់សាំង ដើម្បី​សម្រេចបាន​គោលដៅ​នេះ» នៅក្នុង​ឆ្នាំ2023។ នេះ​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ដែល​បានឱ្យដឹង កាលពី​ថ្ងៃទី10 ខែមិថុនា។

ដំណឹង​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Joe Biden ប្រកាសថា សហរដ្ឋអាមេរិក នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​ប្រទេស​ចំនួន 92 ដែលជា​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​ក្រោម​មធ្យម។

ប្រទេស​អង់គ្លេស ដែលជា​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល G7 បានឱ្យដឹងថា ប្រទេស​នេះ​នឹង​ផ្ដល់ជំនួយ​យ៉ាងតិច 100លាន​ដូ​ស ដល់​ពិភពលោក នៅក្នុង​ឆ្នាំ2022 ក្នុងនោះ​មាន 5លាន​ដូ​សនឹង​ត្រូវបាន​ផ្ល​ល់​ឱ្យនៅ​សប្ដាហ៍ក្រោយៗនេះ។

ការសន្យា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មានការ​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន ចែករំលែក​វ៉ាក់សាំង ដល់​បណ្ដា​ប្រទេស​ក្រីក្រ។ អង្គការ​មនុស្សធម៌​នានា បាន​ព្រមាន​ថា ស្ថានភាព​ចាក់​វ៉ាក់សាំង​ដោយ​មិន​ស្មើភាព​គ្នា​នេះ កំពុងតែ​នាំឱ្យមាន «ការរើសអើង​ពូជសាសន៍ ដោយ​ប្រើប្រាស់​វ៉ាក់សាំង»៕

ប្រភព​៖ AFP, Guardian
ប្រែសម្រួល​៖ បុត្រា

Advertisement