យានអវកាស​របស់ អាមេរិក ថតរូប​រ៉ូ​បូត​របស់ ចិន នៅលើ​ពិភព​ព្រះ​អង្គារ

រូបថត​ថ្មី បង្ហាញឱ្យឃើញ​ស្ថានីយ​ចុះចត និង​រ៉ូ​បូត​របស់ ចិន កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ភាគខាងត្បូង​នៃ​វាលរាប Utopia Planitia របស់​ពិភព​ព្រះ​អង្គារ។

យាន ឬ ផ្កាយរណប​តាមដាន​ភព​អង្គារ (MRO/ Mars Reconnaissance Orbiter) របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​ថតរូប​ស្ថានីយ​ចុះចត និង​រ៉ូ​បូត Zhurong របស់ ចិន នៅលើ​ភព​អង្គារ កាលពី​ថ្ងៃទី6 ខែមិថុនា។ MRO ធ្លាប់​ថត​បាន​រូបភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ នៃ​រ៉ូ​បូត Curiosity និង Perseverance របស់ NASA ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ហើយ ដែល​ផ្កាយរណប MRO ថតរូប​រ៉ូ​បូត Zhurong នៃ​បេសកកម្ម Tianwen-1 របស់​ទីភ្នាក់ងារ​អវកាស​ចិន (CNSA)។ Tianwen-1 រួមមាន យាន​គោចរ​ជុំវិញ​ភព​អង្គារ​មួយគ្រឿង ស្ថានីយ​ចុះចត​មួយគ្រឿង និង​រ៉ូ​បូត​ស្រាវជ្រាវ​លើដី​មួយគ្រឿង។

ក្នុង​រូបថត​នេះ​ កាមេរ៉ា​ MRO-HiRise កំណត់​បាន​ទីតាំង​របស់​ឆត្រ​យោង​ និង​សម្បក​ខាង​ក្រោយ​ (ពាក់កណ្ដាល​នៃ​ផ្នែក​ខាង​លើ​របស់​យាន​ចុះ​ចត)

ក្រុម​គ្រប់គ្រង​កាមេរ៉ា HiRise របស់​យាន MRO នៃ​សាកលវិទ្យាល័យ Arizona កាលពី​ថ្ងៃទី10 ខែមិថុនា បានឱ្យដឹងថា៖ «យើង​អាច​មើលឃើញ​ច្បាស់ ទីតាំង​ជុំវិញ​ស្ថានីយ​ចុះចត គឺជា​ស្នាម​ចំហាយ​ដ៏​ខ្លាំង​ដែល​បាន​បាញ់​ចេញ (ពី​យាន​ចុះចត)»។

Zhurong ដែល​បាន​ចុះ​ដល់​ដី​នៃ​ភព​អង្គារ កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ2021 បាន​ជួយ​ឱ្យ ចិន ក្លាយជា​ប្រទេស​ទី​ពីរ​ដែលមាន​រ៉ូ​បូត ធ្វើ​សកម្មភាព​នៅលើ​ពិភព​ក្រហម​មួយ​នេះ បន្ទាប់ពី សហរដ្ឋអាមេរិក។

រូប​ ថត​បាន​ពី​ រ៉ូបូត​ Zhurong ពេល​វា​បាន​ចុះចេញ​ផុត​​ពី​យាន​ចុះ​ចត

Zhurong កំពុងស្ថិត​នៅលើ​តំបន់​វាលរាប។ «រូបភាព​ថ្មី បង្ហាញ​យ៉ាងច្បាស់​អំពី​សណ្ឋាន​ដី​ពិសេស នៅ​តំបន់​ភាគខាងត្បូង​រប​ស់​វាលរាប Utopia Planitia ដែល​រាបស្មើ និង​ហាក់​មិនមាន​ដុំថ្ម។ រូបភាព​ពណ៌​លឿង មាន​រាង​កោង គឺជា​សណ្ឋាន​ដី Aeolian (ខ្យល់​បោកបក់)» នេះ​បើតាម​ក្រុម HiRise។

មកដល់​បច្ចុប្បន្ន ចិន បានប្រកាស​បង្ហាញ​រូបភាព​ដ៏​តិចតួច ដែល​ពួកគេ​ទទួលបាន​ពី​បេសកកម្ម Tianwen-1 ដែល​នេះ​គឺ​ផ្ទុយទៅនឹង NASA ដែល​បញ្ចេញ​រូបភាព​នៃ​ភព​អង្គារ​ដល់​សាធារណជន ជា​បន្តបន្ទាប់។ ក្នុងចំណោម​រូបថត​ដែល​ចិន បាន​បញ្ចេញឱ្យឃើញ មាន​រូប​មួយចំនួន​ស្ដីអំពី​ផ្ទៃដី​របស់​ភព​អង្គារ និង​ដាន​កង់​របស់​យាន Zhurong នៅពេល​រ៉ូ​បូត​នេះ ចាកចេញ​ផុតពី​ស្ថានីយ​ចុះចត កាលពី​ខែឧសភា។

បណ្ដា​បេសក​កម្ម​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​លើ​ពិភព​អង្គារ

រូបថត​ថ្មី​ដែល​បាន​ថត​ពី​យាន MRO របស់ សហរដ្ឋអាមេរិក ស្ដីពី​រ៉ូ​បូត​ចិន Zhurong គឺជា​ការឆ្លើយតប​នឹង​ការទន្ទឹងរង់ចាំ​របស់​ក្រុម​អ្នក​ចូលចិត្ត​វិស័យ​អវកាស បាន​មួយផ្នែក៕

ប្រភព៖ Cnet, BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement