ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ រវាង រុ​ស្ស៊-អាមេរិក

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden និង​សម​ភាគី រុស្ស៊ី លោក Vladimir Putin កាលពី​ម្សិលមិញ បាន «ប្រឈមមុខ​ដាក់គ្នា​ផ្ទាល់» ក្នុង​គ្រា​ទំនាក់ទំនង​ទ្វេភាគី ស្ថិតក្នុង​ស្ថានភាព​អាក្រក់​បំផុត រាប់​ចាប់ពី​សម័យ​សង្គ្រាមត្រជាក់។

ភូមិគ្រឹះ La Grange ស្ថិតនៅ​ក្បែរ​បឹង Geneva នៃ​ប្រទេស ស្វី​ស ជា​កន្លែង​ដែល​មេដឹកនាំ​ទាំងពីរ​រូប​ខាងលើ ជួបពិភាក្សា​គ្នា កាលពី​ថ្ងៃទី16 ខែមិថុនា។ ជំនួប​កំពូល​នេះ គឺជា​ព្រឹត្តិការណ៍​ដំបូង បន្ទាប់ពី​សេត​វិមាន​បាន​ប្ដូរ​ម្ចាស់។

ជំនួប​កំពូល​របស់​ប្រធានាធិបតី​ទាំងពីរ​រូប ដែលមាន​វត្តមាន​អមដោយ រដ្ឋមន្ត្រីការបរទេស អាមេរិក Antony Blinken និង​សម​ភាគី​រុស្ស៊ី Sergey Lavrov រួម​នឹង​អ្នកបកប្រែ​ពីររូប​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្តបន្ទាប់ ដោយ​មិនមាន​ពេល​សម្រាក។ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា មេដឹកនាំ​ទាំងពីរ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក។

ដើម្បី​ការពារ​សន្តិសុខ ក្រុមមន្ត្រី​នៃ​ប្រទេស ស្វី​ស បាន​ហាម​ការហោះហើរ​នៅលើ​ដែនអាកាស ក្បែរ​តំបន់​ដែលមាន​ជំនួប​កំពូល​នេះ និង​ដាក់ពង្រាយ​ទាហាន និង​ប៉ូលិស​ចំនួន 3,000នាក់។ ឧទ្យាន La Grange និង Haut Vives ដែល​នៅក្បែរនោះ ក៏​ត្រូវបាន​រាំងខ្ទប់​ដោយ​សំណាញ់​ដែក​បន្លា​លួស ខណៈ​រថយន្ត​ក៏ត្រូវ​បាន​ហាម​ចត​នៅ​ជិត​តំបន់​នេះ​ផងដែរ។

ក្រោយ​ជំនួប​នេះ ក្រុមអ្នកវិភាគ​យល់ថា លោក Biden បាន «ភ្ជង់​មើម​ការ៉ុត» ដាក់​លោក Putin នៅពេល​ជំនួប​កំពូល​នេះ ប្រព្រឹត្ត​ទៅដោយ​ការគោរព​គ្នា។ ខណៈដែល​ភាគី រុស្ស៊ី បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ចៀសវាង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​អាក្រក់​ជាង​មុន ភាគី អាមេរិក ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ដោះស្រាយ​បញ្ហាធំៗមួយចំនួន​របស់​ពិភពលោក ហើយ​យ៉ាងហោចណាស់​ក៏​សម្រេចបាន​ផលប្រយោជន៍​រយៈពេល​ខ្លី។ នេះ​បើតាម​សារព័ត៌មាន CNN ដកស្រង់​មតិ​របស់​លោកស្រី Evelyn Farkas អតីត​ជំនួយ​ការរង របស់​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក​បញ្ហា រុស្ស៊ី, អ៊ុយ​ក្រែ​ន និង​តំបន់​អាស៊ី អឺរ៉ុប។

លោក Sean O’Keefe អតីតមន្ត្រី​មួយរូប នៅក្នុង​រដ្ឋការ​ប្រធានាធិបតី​អាមេរិក George H.W.Bush និង George W.Bush យល់ថា អ្វីដែល​សំខាន់​នៅក្នុង​ជំនួប​នេះ នោះ​គឺ ភាគី​ទាំងពីរ ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​កាត់បន្ថយ​ភាគ​តានតឹង។ «ប្រការនេះ បើកផ្លូវ​ឱ្យមាន​ការស្វែងរក​ចំណុចរួម និង​ប្រការ​ដែល​ជួយ​ឱ្យ​ភាគី​ទាំងពីរ មាន​ក្ដីសង្ឃឹម» លោក Sean O’Keefe បញ្ជាក់។

ទាំង​លោក Putin ទាំង​លោក Biden សុទ្ធតែ​មិនបាន​កំណត់​គោលដៅ​ធំដុំ​សម្រាប់​ជំនួប​កំពូល​នេះ ប៉ុន្តែ មេដឹកនាំ​ទាំងពីរ សុទ្ធតែ​សង្ឃឹមថា អាចបង្កើត​បាន​ឈ្នាន់​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព៕

ប្រភព​៖ CNN, Guardian
ប្រែសម្រួល​៖ បុត្រា

Advertisement