ប៉ា​លេ​ស្ទី​ន បន្ត​បង្ហោះ​ប៉ោង​ប៉ោង​បង្ក​អគ្គិភ័យ ចូល​ទឹកដី អ៊ីស្រាអែល! ស្ថានការណ៍​ចាប់​ផ្ដើម​ឡើង​កម្ដៅ​វិញហើយ

ខ្មាន់កាំភ្លើង ប៉ា​លេ​ស្ទី​ន បន្ត​បង្ហោះ​ប៉ោង​ប៉ោង​មានភ្ជាប់​ជាតិ​ផ្ទុះ​ឆេះ ចេញពី​តំបន់ ហ្គា​ហ្សា ចូលមក​ទឹកដី អ៊ីស្រាអែល ក្រោយពី អ៊ីស្រាអែល វាយប្រហារ​តាម​អាកាស ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​បង្ហោះ​ប៉ោង​ប៉ោង​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

អ្នកនាំពាក្យ​របស់​កម្លាំង​ពន្លត់​អគ្គិភ័យ អ៊ីស្រាអែល បាន​ប្រាប់​សារព័ត៌មាន AFP ថា ពួកគេ​កំពុង​ដោះស្រាយ «អគ្គិភ័យ​ចំនួន4 កន្លែង ដែល​កើតឡើង​ដោយសារ​ប៉ោង​ប៉ោង​ហោះ ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង ប៉ា​លេ​ស្ទី​ន បង្ហោះ​ពី​តំបន់ ហ្គា​ហ្សា កាលពី​ថ្ងៃទី16 ខែមិថុនា»។ នេះ​គឺ​ថ្ងៃទី2 ហើយ ដែល​ករណី​អគ្គិភ័យ​បានកើត​ឡើង​នៅលើ​ទឹកដី អ៊ីស្រាអែល ដែល​បង្កដោយ​ប៉ោង​ប៉ោង បង្ហោះ​ចេញពី​តំបន់ ហ្គា​ហ្សា។

មុននេះ កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា ដើម្បី​សងសឹក​នឹង​ប៉ោង​ប៉ោង​បង្ក​អគ្គិភ័យ​កាលពី​ថ្ងៃទី15 ខែមិថុនា យន្តហោះ​ចម្បាំង​របស់​ពួកគេ​បាន​វាយប្រហារ​មូលដ្ឋានទ័ព​នានា​របស់ កងជីវពល ហា​ម៉ាស កាលពី​ថ្ងៃទី16 មិថុនា។ នេះ​គឺជា​ការវាយប្រហារ​តាម​អាកាស​ដំបូង​របស់ អ៊ីស្រាអែល ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី លោក Naftali Bennett និង​ជាការ​វាយប្រហារ​ដំបូង រាប់​ចាប់ពី​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី20 ខែឧសភា។ ពុំទាន់​មាន​របាយការណ៍​អំពី​ការស្លាប់​នោះទេ នៅក្នុង​ករណីនេះ។

នៅ​តំបន់ West Bank ស្ថានការណ៍​ក៏​ចាប់ផ្ដើម​តានតឹង​ឡើងវិញ។ កងទ័ព អ៊ីស្រាអែល ក៏បាន​ឱ្យដឹងថា ពួកគេ​បាន​បាញ់សម្លាប់​ស្ត្រី​ជនជាតិ ប៉ា​លេ​ស្ទី​ន ម្នាក់ នៅពេល​ស្ត្រី​នេះ​ព្យាយាម​បើករថយន្ត​បុក​ទាហាន និង​ក្រោយមក បាន​យក​កាំបិត វាយប្រហារ​លើ​ពួកគេ។

ភាព​តានតឹង​នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ខែ​មុន ក្រោយពី​ប៉ូលិស អ៊ីស្រាអែល ប៉ះទង្គិច​ជាមួយ​ជនជាតិ ប៉ា​លេ​ស្ទី​ន នៅ​បរិវេណ​នៃ​វិហារ​អ៊ីស្លាម Al-Aqsa។ ការប៉ះទង្គិច បាន​ក្លាយជា​សង្គ្រាម​ដែល​អូសបន្លាយ​ពេល 11ថ្ងៃ រវាង កងជីវពល ហា​ម៉ាស និង​កងទ័ព អ៊ីស្រាអែល បណ្ដាលឱ្យ​ជនជាតិ ប៉ា​លេ​ស្ទី​ន ចំនួន 260នាក់ និង​ជនជាតិ អ៊ីស្រាអែល 13នាក់ បាន​ស្លាប់។ សង្គ្រាម 11ថ្ងៃនោះ ក្រោយមក​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី21 ខែឧសភា ដោយមាន អេ​ហ្សី​ប ជា​អ្នកសម្របសម្រួល៕

ប្រភព​៖ AFP
ប្រែសម្រួល​៖ បុត្រា

Advertisement