វេជ្ជបណ្ឌិត​កន្លះ​លាន​នាក់​នៅ ឥណ្ឌា នាំគ្នា​ធ្វើបាតុកម្ម

វេជ្ជបណ្ឌិត ប្រហែលជា​កន្លះ​លាន​នាក់ បាននាំគ្នា​ដង្ហែ​ក្បួន នៅ​ពាសពេញ​ប្រទេស ឥណ្ឌា កាលពី​ម្សិលមិញ ដើម្បី​ស្នើឱ្យ​មានការ​ការពារ នៅ​ចំពោះមុខ អំពើ​វាយប្រហារ ពី​សំណាក់​អ្នកជំងឺ និង​អ្នកផ្ទះ​របស់​អ្នកជំងឺ។

«បើសិនជា​រដ្ឋាភិបាល មិន​ស្ដាប់​ពួកយើង នោះ សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា (IMA) នឹងធ្វើ​ការសម្រេច ហើយ​ក្រុម​វេជ្ជបណ្ឌិត នឹងមិន​នាំ​អ្នកជំងឺ​ណា​ម្នាក់​ទៅ​សង្គ្រោះបន្ទាន់។ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល នឹង​ស្ដាប់​យើង» វេជ្ជបណ្ឌិត Jayalal ប្រធាន IMA បាន​និយាយ​ដូច្នេះ។

IMA ឱ្យដឹងថា ក្នុង​រយៈពេល​ជាង 1ឆ្នាំ​កន្លង អំពើហិង្សា​លើ​វេជ្ជបណ្ឌិត ប្រហែល 400 ករណី បានកើត​ឡើង​នៅ ឥណ្ឌា។ IMA បាន​អះអាងថា នេះ​គ្រាន់តែ​ជា «ផ្នែក​អណ្ដែត នៃ​ផ្ទាំង​ទឹកកក» ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ឥណ្ឌា ត្រូវ​រង​ការវាយប្រហារ ទាំង​ផ្លូវការ និង​ផ្លូវចិត្ត តាំងពី​មណ្ឌល​សុខភាព​តូច ដល់​មន្ទីរពេទ្យធំ។

វេជ្ជបណ្ឌិត Rohan Krishnan ថ្លែងថា៖ «នៅក្នុង​ប្រទេសមួយ​ដែល​ពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​អំពី​អំពើហិង្សា​លើ​សត្វ​គោ ប៉ុន្តែ ហេតុអ្វី​ក្រុម​វេជ្ជបណ្ឌិត បែរជា​ត្រូវគេ​បោះបង់​នៅលើ​ដងផ្លូវ​រហូតដល់​ស្លាប់?»។

កាលពី​ឆ្នាំ2019 សេចក្ដីព្រាងច្បាប់​មួយ​ត្រូវបាន​ក្រសួងសុខាភិបាល ឥណ្ឌា ស្នើឡើង ស្ដីពី​ការដាក់ទោស​លើ​ជន​ណា​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​គ្រូពេទ្យ និង​អ្នកជំនាញ​ខាង​សុខាភិបាល ដែល​កំពុង​បំពេញការងារ។ ក៏​ប៉​ន្តែ សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​បដិសេធ​ដោយ​ក្រសួងមហាផ្ទៃ ឥណ្ឌា។

នៅក្នុង​ស្ថានភាព Covid-19 កំពុង​រាតត្បាត​ខ្លាំង មន្ទីរពេទ្យ​នានា មិនអាច​ទទួល​ព្យាបាល​អ្នកជំងឺ​បាន​គ្រប់គ្នា ដែល​ប្រការនេះ ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត ឥណ្ឌា ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ ពី​សំណាក់​អ្នកជំងឺ និង​អ្នកផ្ទះ​របស់​អ្នកជំងឺ។ IMA ស្នើឱ្យ​រដ្ឋាភិបាល បង្កើន​ការយកចិត្តទុកដាក់​លើ​ផ្នែក​សន្តិសុខ​នៅតាម​មន្ទីរពេទ្យ ហើយ​បានប្រកាសថា នេះ​គឺជា «តំបន់​ដែល​ត្រូវការពារ»។

IMA ក៏បាន​បញ្ជាក់ថា វេជ្ជបណ្ឌិត​ប្រមាណ 80% នៅ ឥណ្ឌា កំពុង​ទទួលរង​សម្ពាធ​ខ្លាំង​ក្នុង​ការងារ ខណៈដែល​វេជ្ជបណ្ឌិត ប្រមាណ 75% ធ្លាប់​រង​អំពើហិង្សា​ដោយ​សម្ដី ឬ​ដោយ​កម្លាំងបាយ៕

ប្រភព៖ Spunik
ប្រែ​សម្រួល៖ បុត្រា

Advertisement