រថយន្តបុក​បន្តកន្ទុយ​គ្នា​នៅ សហរដ្ឋ​អាមេរិក បណ្ដាលឱ្យ​ក្មេង​តូច 9នាក់​បាត់​បង់ជីវិត

រថយន្ត​ប្រហែល​ 15គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ដងផ្លូវ​មួយ នៅពេល​សម្ពាធ​ទាប​​កំពុង​កើតមាន​នៅក្នុង​រដ្ឋ Alabama បណ្ដាលឱ្យ​មនុស្ស 10នាក់​បាត់​បង់ជីវិត ក្នុងនោះ​មាន​ក្មេង​តូច​ចំនួន 9នាក់។

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅលើ​ផ្លូវ I-65 នៅក្នុង​ស្រុក Butler កាលពី​ថ្ងៃទី19 ខែមិថុនា ដោយសារ​តែមាន​ភ្លៀង​ធំ​ដែល​កើត​ពី​សម្ពាធ​ទាប ក្រោយពី​មាន​ព្យុះ Claudette ក្នុង​រដ្ឋ Alabama។

Advertisement

មេឃ​ភ្លៀង ធ្វើឱ្យ​ផ្លូវ​ប្រែជា​រអិល ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​ដែលនាំឱ្យ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ក្នុង​គ្រោះថ្នាក់​នេះ ក៏មាន​រថយន្ត​ជាច្រើន​គ្រឿង ត្រូវ​ផ្ទុះ​ឆេះ​ផងដែរ។

ការិយាល័យ​របស់​អធិការ​ប៉ូលិស​ស្រុក Butler បាន​បង្ហោះ​សារ​នៅលើ Facebook ថា នេះ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ស្រុក​នេះ។

គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី20 ខែមិថុនា ប្រកាសថា បាន​បញ្ជូន​អ្នកជំនាញ​មួយក្រុម​ដែលមាន​សមាជិក 10នាក់ ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ៕

ប្រភព៖ NBC, CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement