ទស្សនា អវកាសចរ “ហោះហើរ” ដើម្បីដំឡើងឧបករណ៍ថ្មី ឱ្យស្ថានី ISS នៅលើមេឃ

កាលពី​ថ្ងៃទី20 ខែមិថុនា អ្នក​អវកាស 2រូប របស់ សហរដ្ឋអាមេរិក និង​បារាំង បានចេញ​ធ្វើការ​នៅក្នុង​លម្ហ​អវកាស រយៈពេល 6ម៉ោង ដើម្បី​ដំឡើង​ផ្ទាំង​សូ​ឡា​ថ្មី បំណង​ទាញយក​ថាមពលព្រះអាទិត្យ​បន្ថែមទៀត សម្រាប់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

សារព័ត៌មាន AFP ដកស្រង​ដំណឹង​នៅលើ​ទំព័រ​បណ្ដាញ​សង្គម Twitter របស់​អ្នក​អវកាស​ជនជាតិ​បារាំង Thomas Pesquet បានឱ្យដឹងថា៖ «ថ្ងៃនេះ យើង​ត្រូវ​ចេញទៅ​ទី​អវកាស ដើម្បី​បញ្ចប់​ការដំឡើង​ផ្ទាំង​ស្រូប​ថាមពលព្រះអាទិត្យ​ថ្មី។ រាល់​លើក​នៃ​ការបំពេញ​ការងារ​នេះ តែងតែ​ទាមទារ​ឱ្យមាន​កិច្ចសហការ​ច្រើន​រវាង​សមាជិក។ ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ នៅពេល​ត្រលប់​មកវិញ​ដោយ​ជោគជ័យ ជាមួយនឹង​មិត្ត​រួមការ​ងារ ជា​ជនជាតិ​អាមេរិក Shane Kimbrough»។

ដោយមាន​អាយុកាល​ឡើងដល់ 15ឆ្នាំ ផ្ទាំង​សូ​ឡា​ទាំងនេះ នឹង​ផ្គត់ផ្គង់​ថាមពល​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ក៏ដូចជា​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នានា​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ។

បេសកកម្ម​ដំបូង​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី16 ខែមិថុនា បាន​ជួប​ឧបសគ្គ​មួយចំនួន មានដូចជា ឈុត​អវកាស​របស់លោក Kimbrough ជួប​បញ្ហា អេក្រង់​បាត់បង់​ទិន្នន័យ​បណ្ដោះអាសន្ន ក៏ដូចជា​សម្ពាធ​កើនឡើងភ្លាមៗ ក្នុង​រយៈពេល​ខ្លី​ជាដើម។

បេសកកម្ម​កាលពី​ថ្ងៃទី20 ខែមិថុនា គឺជា​លើក​ទី​បួន ដែល​អវកាស​ចរ​ទាំង​ពីររូប​នេះ បានធ្វើការ​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស ជាមួយគ្នា។ កាលពី​ឆ្នាំ2017 ពួកគេ​ធ្លាប់បាន​សហការគ្នា បំពេញ​កិច្ចការ​នៅ​ទី​អវកាស នៅពេលដែល ISS ស្ថិតនៅ​កម្ពស់​ប្រមាណ 400គីឡូម៉ែត្រ​ពី​ផែនដី។

គិត​មកដល់​បច្ចុប្បន្ន ក្រុម​អ្នក​អវកាស​របស់ ISS បាន​បំពេញបេសកកម្ម​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស​ចំនួន 240លើក​រួចមកហើយ ដើម្បី​ដំឡើង និង​ថែទាំ​ឧបករណ៍​នានា៕

ប្រភព៖ Guardian, Nasaspaceflight
ប្រែសម្រួល​៖ បុត្រា

Advertisement