ចិន រិះគន់ អាមេរិក ព្រោះ​បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង Covid-19 ដល់​កោះ​តៃវ៉ាន់

លោក​ Zhao Lijian

ចិន ចោទ សហរដ្ឋអាមេរិក ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ និង​ប្រើ​ឧបាយកល​ក្នុង​រឿង​នយោបាយ នៅពេល​ទីក្រុង​វ៉ា​ស៊ី​ង​តោន ផ្ដល់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 2.5លាន​ដូ​ស ឱ្យ​កោះ​តៃវ៉ាន់។

«យើង​អំពាវនាវ​ឱ្យ សហរដ្ឋអាមេរិក មិន​ប្រើប្រាស់​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង ធ្វើជា​ឧបាយកល​នយោបាយ និង​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក Zhao Lijian និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី21 ខែមិថុនា។

ការរិះគន់​របស់​ប្រទេស​ចិន ត្រូវបាន​ធ្វើឡើង ក្នុង​គ្រា​ដែល​វ៉ាក់សាំង Moderna ចំនួន 2.5លាន​ដូ​ស ត្រូវបាន​ដឹកជញ្ជូន​ពី​ទីក្រុង ម៉ែ​ម​ហ្វី​ស (Memphis) នៃ​រដ្ឋ Tennessee សហរដ្ឋអាមេរិក ទៅកាន់​ទីក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី20 ខែមិថុនា។ តួលេខ​នៃ​វ៉ាក់សាំង​នេះ ច្រើនជាង 3ដង ធៀប​នឹង​ការសន្យា​ដំបូង របស់​ប្រធានាធិបតី Joe Biden។

ជំនួយ​ជា​វ៉ាក់សាំង របស់ សហរដ្ឋអាមេរិក ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពេលដែល​ទំនាក់ទំនង​រវាង សហរដ្ឋអាមេរិក និង ចិន កំពុង​តានតឹង​ខ្លាំង ទាក់ទិន​នឹង​បញ្ហា​កោះ​តៃវ៉ាន់ ជា​ដែនដី​ដែល ចិន ចាត់ទុកថា​ជា ផ្នែក​មួយ​របស់ខ្លួន។ កាលពី​ដើមខែ​នេះ ក្រុមមន្ត្រី​ចិន សំដែង​ការខឹង​ខ្លាំង នៅពេលដែល​តំណាងរាស្ត្រ 3រូប របស់ អាមេរិក មក​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ដោយ​ជិះ​យន្តហោះ​យោធា។

វ៉ាក់សាំង​ Covid-19 ដែលជាជំនួយ​របស់​ សហរដ្ឋ​អាមេរិក​ បាន​មក​ដល់​ កោះតៃវ៉ាន់ កាល​ពី​ថ្ងៃទី​20 ខែមិថុនា​ ឆ្នាំ​2021

លោក Zhao Lijian ក៏បាន​រិះគន់​ក្រុមមន្ត្រី តៃវ៉ាន់ ថា «ប្រើ​គ្រប់​វិធី​ដើម្បី​រារាំង​ការដឹកជញ្ជូន​វ៉ាក់សាំង​ពី​ដីគោក និង​និយាយ​កុហកថា ដីគោក រារាំង​ពួកគេ​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង»។ កន្លងមក តៃវ៉ាន់ បាន​ចោទប្រកាន់ថា «ការរំខាន​របស់​ប្រទេស​ចិន» នាំឱ្យ​ពួកគេ (តៃវ៉ាន់) មិនអាច​ទិញ​បាន​វ៉ាក់សាំង Pfizer។

កោះ​តៃវ៉ាន់ បច្ចុប្បន្ន ទើបតែ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់ខ្លួន បាន​ប្រហែល 6% ប៉ុណ្ណោះ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន 23.5លាន​នាក់។ កោះ​នេះ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី AstraZeneca និង Moderna ចំនួន​ជាង 20លាន​ដូ​ស ប៉ុន្តែ ទើបតែ​ទទួលបាន​មួយចំនួន​តូច​ប៉ុណ្ណោះ។

គិត​មកដល់​បច្ចុប្បន្ន កោះ​តៃវ៉ាន់ បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 14,080​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 569​នាក់, ជាសះស្បើយ​ចំនួន 8,626​នាក់ និង​កំពុង​ព្យាបាល​ចំនួន 4,885នាក់៕

ប្រភព៖ NYTimes
ប្រែ​សម្រួល៖ បុត្រា

Advertisement