ជីវភាពរស់នៅ របស់អ្នកអវកាសចិន នៅលើស្ថានីយអវកាស Tiangong

បន្ទប់​ស្នូល Tianhe ត្រូវបាន​រចនា​ឡើង ដើម្បី​នាំមក​នូវ​ផាសុក​ភាពជា​អតិបរមា សម្រាប់​ក្រុម​អ្នក​អវកាស ដែល​រស់នៅ និង​ធ្វើការ​រយៈពេល 3ខែ។

បន្ទប់​ស្នូល Tianhe របស់​ស្ថានីយ​អវកាស Tiangong មាន​កន្លែង​សម្រាប់​រស់នៅ​ដែលមាន​ទំហំ 110 ម៉ែត្រគូប ធំ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​បន្ទប់ពិសោធន៍​អវកាស Tiangong 1 របស់​ចិន (ឈប់​ដំណើរការ​កាលពី​ឆ្នាំ2018) ដែលមាន​ទំហំ​ត្រឹមតែ 15 ម៉ែត្រគូប។

យោងតាម People’s Daily បន្ទប់​ស្នូល Tianhe មាន​បន្ទប់​គេង​ចំនួន3 និង​បន្ទប់​ងូតទឹក​ចំនួន1 រួម​នឹង​ម៉ាស៊ីន​ដើរ​ហាត់ប្រាណ​មួយគ្រឿង និង​កង់​មួយគ្រឿង សម្រាប់​ពង្រឹង​សុខភាព​របស់​អ្នក​អវកាស។ ចំណែក​បន្ទប់​ហូបចុក​វិញ រួមមាន ចង្ក្រាន ទូ​យោ​ទឹក ឧបករណ៍​សម្រាប់​កម្ដៅ និង​ក្លាសេ​អាហារ ក៏ដូចជា​តុ​អាហារ។ ក្នុង​បន្ទប់​ហូបចុក​នេះ មាន​អាហារ​ជាង 120 មុខ ដែល​អាច​ទុក​បានយូរ។

ស្ថានីយអវកាស​ចិន​ Tiangong

អវកាស​ចរម្នាក់ៗ មាន​ឧបករណ៍​បញ្ជា​មួយ​ក្នុង​ដៃ ដែលមាន​អមដោយ​កម្មវិធី​គ្រប់គ្រង​អំពូល​ភ្លើង​ក្នុង​បន្ទប់​ស្នូល​ទាំងមូល។ នៅពេល​ងូតទឹក អ្នក​អវកាស​នឹង​ប្រើ​ក្បាល​ទូ​យោ​បាញ់​ទឹក​ដែលមាន​កម្លាំង​ខ្លាំង។ ដើម្បី​ដេក ពួកគេ​ត្រូវ​ប្រើ​ថង់​សម្រាប់​ដេក ដែល​អាច​ដេក​ដូច​មនុស្ស​នៅលើ​ផែនដី ជំនួស​ការ​ដេក​បែប​ឈរ បែប​ជា​អ្នក​អវកាស។

ក្រៅពី​បេសកកម្ម​អវកាស ពួកគេ​ត្រូវ​ហ្វឹកហាត់​ក្នុងការ​កាត់សក់​ឱ្យ​គ្នា​ផងដែរ។ ដោយសារ​សរសៃសក់ អណ្ដែត​ពាសពេញ​ក្នុង​បន្ទប់​នៃ​ស្ថានីយ​អវកាស ព្រោះតែ​ស្ថិតក្នុង​ស្ថានភាព​មិនមាន​ទំនាញ ដូច្នេះ ពួកគេ​ប្រើប្រាស់​ឧបករណ៍​ស្រូប​ពិសេស ដើម្បី​ប្រមូលយក​សក់មក​ដាក់​មួយ​កន្លែង។

បន្ទប់​ស្នូល​ក្នុង​ស្ថានីយ​អវកាស​នេះ មាន​បំពាក់​ឧបករណ៍​បញ្ចេញ​រលក Wi-Fi ដើម្បី​ជួយ​ឱ្យ​ក្រុម​អ្នក​អវកាស រក្សា​ទំនាក់ទំនង​នឹង​គ្នា​បាន​គ្រប់ពេល។ ពួកគេ​ក៏​ប្រើប្រាស់​កាស ដើម្បី​ទាក់ទង​គ្នា ទាំង​នៅក្នុង​ស្ថានីយ​អវកាស ទាំង​ការទាក់ទង​មកកាន់​ទីបញ្ជាការ​នៅលើ​ផែនដី។ អ្នក​អវកាស​ក៏មាន​ប៉ូ​ស្តិ៍​ដោយឡែក​ផ្ទាល់ខ្លួន ដើម្បី​ហៅ​ទៅកាន់​គ្រួសារ​របស់​ពួកគេ​ផងដែរ៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement