“ព្រះ​ចន្ទ​យក្ស” លើកចុងក្រោយ នៃ​ឆ្នាំ2021 នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ

អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ នឹងមាន​ឱកាស​ទស្សនា «ព្រះ​ចន្ទ​យក្ស» (ព្រះ​ចន្ទ​ធំ​ជាង​ធម្មតា) ទី​បី និង​ជា​បាតុភូត​ព្រះ​ចន្ទ​យក្ស​ចុងក្រោយ នៃ​ឆ្នាំ2021 ដែល​នឹង​កើតឡើង​នៅវេលា​ទៀបភ្លឺ ថ្ងៃទី25 ខែមិថុនា​ខាងមុខ។

យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ ព្រះ​ចន្ទ​ពេញវង់ កើតឡើង​ដំណាលគ្នា​នឹង​បាតុភូត «ព្រះ​ចន្ទ​យក្ស» នឹងធ្វើ​ឱ្យ​ពន្លឺ​របស់​វា ភ្លឺ​ខ្លាំង​បំផុត​នៅវេលា​ម៉ោង​ប្រហែល 1និង34នាទី ទៀបភ្លឺ ថ្ងៃទី25 ខែមិថុនា (ម៉ោង​នៅ​ភ្នំពេញ)។ ព្រះ​ចន្ទ​ពេញវង់​លើក​នេះ នឹងមាន​រយៈពេល​ប្រហែល 3ថ្ងៃ ចាប់ពី​ថ្ងៃទី24 មិថុនា ដល់​ថ្ងៃទី26 មិថុនា​ឆ្នាំ2021។ ក្រោយ​ព្រឹត្តិការណ៍ «ព្រះ​ចន្ទ​យក្ស» លើក​នេះ អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ នឹងត្រូវ​រង់ចាំ​ដល់​ឆ្នាំ2022 ទើប​មានឱកាស​គយគន់ «ព្រះ​ចន្ទ​យក្ស»បន្ទាប់។

បាតុភូត​ព្រះ​ចន្ទ​ពេញវង់ កើតឡើង​នៅពេល​ព្រះ​ចន្ទ និង​ផែនដី ស្ថិតនៅក្នុង​ទីតាំង​ដែល​បែរ​ទៅរក​ព្រះអាទិត្យ នាំឱ្យ​ផ្ទៃ​របស់​ព្រះ​ចន្ទ ទទួលបាន​ពន្លឺ​ច្រើន​បំផុត​ពី​ព្រះអាទិត្យ។ ចំណែក បាតុភូត «ព្រះ​ចន្ទ​យក្ស» វិញ គឺ កើតឡើង​នៅពេល​ព្រះ​ចន្ទ​ពេញវង់ ស្ថិតក្នុង​គន្លង​គោចរ​ដែល​ជិត​ផែនដី​បំផុត។ នៅលើ​ផ្ទៃមេឃ «ព្រះ​ចន្ទ​យក្ស» នឹងមាន​រូបរាង​ធំ​ជាង និង​ភ្លឺ​ជាង​បន្តិច បើ​ធៀប​នឹង​ព្រះ​ចន្ទ​ពេញវង់​ធម្ម​តាម។

មុននេះ អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ មានឱកាស​គយគន់​បាតុភូត «ព្រះ​ចន្ទ​លោហិត​យក្ស» កាលពី​ថ្ងៃទី26 ខែឧសភា ដែលជា​បាតុភូត «ព្រះ​ចន្ទ​យក្ស» ទី​ពីរ និង​ជា​បាតុភូត​ចម្លែក គួរ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ឆ្នាំ2021។ បាតុភូត​នេះ កើតឡើង​ដំណាលគ្នា​នឹង​បាតុភូត​ចន្ទ​គ្រាស​ទាំងស្រុង នាំឱ្យ​ព្រះ​ចន្ទ មិន​ត្រឹមតែ​ធំ​ជាង​ធម្មតា 14% នោះទេ តែ​ក៏​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ​ដូច​ឈាម ទើប​គេ​ហៅថា «ព្រះ​ចន្ទ​លោហិត»។ ចំណែក បាតុភូត «ព្រះ​ចន្ទ​យក្ស» លើកទីមួយ នៃ​ឆ្នាំ2021 បាន​កើតឡើង​កាលពី​ថ្ងៃទី26 ខែមេសា៕

ប្រភព៖ Sun
ប្រែ​សម្រួល៖ បុត្រា

Advertisement