ទិដ្ឋភាព​នៃ​ឧបទ្ទវហេតុ “ធ្លាក់​​យន្ត​ហោះ” របស់​កងទ័ព ហ្វីលីពីន កាល​ពី​យប់​ថ្ងៃទី​4 កក្កដា

សាកសព​របស់​យន្តហោះ​ដឹកទំនិញ C-130H របស់​កងទ័ព ហ្វីលីពីន ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​ជាច្រើន​ម៉ោង បន្ទាប់ពី​បាន​ធ្លាក់ ខណៈដែល​កម្លាំង​ជួយសង្គ្រោះ រួម​នឹង​ប្រជាជន​ក្នុង​តំបន់ នាំគ្នា​រក​វិធី​ចូលទៅ​ជួយ​ជនរងគ្រោះ។

អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​យន្តហោះ​ដឹកទំនិញ C-130H ដែលមាន​ស្លាក​លេខ 5125 របស់​ទ័ពអាកាស​នៃ​ប្រទេស ហ្វីលីពីន ក្រោយពី​បាន​ធ្លាក់​នៅលើ​កោះ Jojo នៃ​ខេត្ត Sulu កាលពី​ថ្ងៃទី4 ខែកក្កដា។

ក្នុងចំណោម​ជនរងគ្រោះ​ចំនួន 96នាក់​នៅលើ​យន្តហោះ ភាគច្រើន​គឺជា​ទាហាន​ដែល​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់មូលដ្ឋាន និង​ត្រូវបញ្ជូន​ទៅកាន់​កោះ​ខាងលើ ដើម្បី​ចូលរួម​ជាមួយ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​ទីនោះ។

ផ្សែងខ្មៅ​ខ្មួល ហុយ​ទ្រលោម​ចេញពី​ទីតាំង​ដែល​យន្តហោះ C-130H ធ្លាក់ ស្ថិតនៅ​ក្បែរ​ផ្ទះ​ជាច្រើន​ខ្នង ក្នុងភូមិ​មួយ នៃ​ទីរួមស្រុក Patikul លើ​កោះ Jojo។

សាក្សី​ម្នាក់ ឈ្មោះ Almar Hajiraini Aki បានឱ្យដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់​ក្បែរ​ផ្ទះ ចម្ងាយ​ប្រហែល 20ម៉ែត្រ។ Almar Hajiraini Aki និង​មិត្តភក្ដិ បាននាំគ្នា​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ មិនអាច​ចូលទៅ​ក្បែរ​បាន ដោយសារតែ​គ្រាប់រំសេវ​ក្នុង​យន្តហោះ ផ្ទុះ​ជា​បន្តបន្ទាប់ ខណៈ​ភ្លើង​កំពុង​ឆាបឆេះ។

ក្រុម​ទាហាន​របស់ ហ្វីលីពីន ក៏បាន​បង្ហាញ​វត្ត​មាននៅ​កន្លែងកើតហេតុ ដើម្បី​ចូលរួម​ស្វែងរក ជួយសង្គ្រោះ និង​ការពារ​សន្តិសុខ។

អ្នកស្រុក​ កំពុង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​នៃ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ​C-130H។

កងកម្លាំង​ពិសេស Sulu (JTFS) នៃ​កងទ័ព ហ្វីលីពីន ឱ្យដឹងថា «ទាហាន​ជាច្រើនរូប បាន​លោត​ចេញពី​យន្តហោះ មុនពេល​វា​ដាំ​ក្បាល​ចុះដី» ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ​នៅមាន​ជីវិត ឬ​យ៉ាងណា​នៅឡើយ។

ឧ​ត្ត​ម​សេនី Cirilito Sobejana អគ្គ​មេ​បញ្ជា​កងទ័ព​របស់ ហ្វីលីពីន បានឱ្យដឹងថា C-130H ត្រៀម​ចុះចត​លើ​កោះ Jojo ហើយក៏​បាន​ហោះ​ខុសផ្លូវ​ចុះចត។ អ្នកបើកបរ បាន​ព្យាយាម​បង្កើនល្បឿន​ហោះហើរ ប៉ុន្តែ មិនបាន​សម្រេច។

C-130H ដែលមាន​ស្លាក​លេខ​សម្គាល់ 5125 បាន​ហោះហើរ​លើកដំបូង​កាលពី​ឆ្នាំ 1988។ នេះ​គឺជា​យន្តហោះ​មួយគ្រឿង ក្នុងចំណោម 2គ្រឿង ដែល​សហរដ្ឋអាមេរិក បានប្រគល់​ឱ្យ ហ្វីលីពីន កាលពីដើមឆ្នាំ 2021 នេះ៕

ប្រភព៖ Reuters, Rappler
ប្រែ​សម្រួល៖ បុត្រា

Advertisement