ការសាកល្បង​ធ្វើការ តែ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅ អ៊ី​ស្លង់ ទទួលបាន​ជោគជ័យ!

ប្រជាជន​ អ៊ីស្លង់ នាំ​គ្នា​គាំទ្រ​លើក​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ ដែល​ប្រកួត​បាល់​ទាត់​ នៅ​អឺរ៉ុប កាល​ពី​ឆ្នាំ​ 2016

ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា «រូបមន្ត​ធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅ​ប្រទេស អ៊ី​ស្លង់ ទទួលបាន «ជោគជ័យ​យ៉ាង​ត្រចះត្រចង់» ក្រោយ​ការសាកល្បង​រយៈពេល 4 ឆ្នាំ។

ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សមាគម​ដើម្បី​ប្រជាធិបតេយ្យ​ប្រកបដោយ​និរន្តរភាព (Association for Sustainability and Democracy / Alda) ប្រចាំ​ប្រទេស អ៊ី​ស្លង់ និង​អង្គការ​ប្រឹក្សា​គោលនយោបាយ Autonomy របស់ អង់គ្លេស នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ឆ្នាំ 2015 ដល់​ឆ្នាំ 2019។

កម្មវិធី​សាកល្បង​ខាងលើ ត្រូវបាន​ធ្វើឡើង​ចំពោះ​ពលករ / កម្មករ ចំនួន 2.500 នាក់ ដែល​ប្រហាក់ប្រហែល​នឹង 1% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ពេញវ័យ​សរុប​នៅ​ប្រទេស អ៊ី​ស្លង់។ ក្នុង​កម្មវិធី​នេះ ពលករ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​តែ 4 ថ្ងៃ​ប៉ុណ្ណោះ ក្នុង 1 សប្ដាហ៍ តែ​ទទួលបាន​ប្រាក់ខែ​ពេញលេញ​ដដែល។

នៅក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 4 ខែកក្កដា Will Strong ដែលជា​នាយក​ផ្នែក​ស្រាវជ្រាវ របស់ Autonomy បានឱ្យដឹងថា ៖ «ការសិក្សា​បានបង្ហាញ​ថា វិស័យ​ការងារ​សាធារណៈ (ការងារ​រដ្ឋ) មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​អាច​នាំមុខគេ នៅក្នុង​ការធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍»។

ប្រទេស​ អ៊ីស្លង់

កម្លាំង​ពលកម្ម​ដែល​បាន​ចូលរួម​ក្នុងការ​សាកល្បង​ខាងលើ ធ្វើការ​ចាប់ពី 35 ដល់ 36 ម៉ោង ក្នុង 1 សប្ដាហ៍។ Alda បាន​អះអាងថា ជីវភាព​រស់នៅ​របស់​ពលករ ត្រូវបាន​កែលម្អ​មួយ​ភាគ​ធំ នៅ​គ្រប់​ស្ថានភាព រាប់​ចាប់ពី​ការ​ប្រឈម​នឹង​សម្ពាធ​នានា រហូតដល់​សុខភាព ការ​ហត់នឿយ និង​តុល្យភាព​រវាង​ការងារ និង​ជីវិត​ប្រចាំថ្ងៃ ខណៈដែល​ការងារ​ដែលជា​តួនាទី​របស់​ពួកគេ នៅតែ​ត្រូវបាន​ធានា​ដដែល ហើយក៏​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​បរិស្ថាន​នៃ​ការងារ​មួយចំនួន​ផងដែរ។

កម្មវិធី​សាកល្បង​ដែលមាន​រយៈពេល 5 ឆ្នាំនេះ ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ក្រុមប្រឹក្សាភិបាល​នៃ​ទីក្រុង Reykjavik និង​រដ្ឋាភិបាល អ៊ី​ស្លង់ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​សំណាក់​ក្រុម​សហជីព និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល។

របាយការណ៍​របស់ Alda និង Autonomy បាន​រៀបរាប់ថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ គឺជា «គំរូ» សម្រាប់​ការសាកល្បងផ្សេងៗទៀត​នាពេលខាងមុខ៕

ប្រភព ៖ CBS
ប្រែ​សម្រួល ៖ បុត្រា

Advertisement