នាវាផ្ទុកយន្តហោះចម្បាំងទីបីរបស់ ចិន ស្ថិតក្នុងដំណាក់កាលដំឡើងបញ្ជាការដ្ឋាន

នាវា​ផ្ទុក​យន្តហោះ Type-003 កំពុង​ត្រូវបាន​ដំឡើង​ទីបញ្ជាការ ហើយ​វា​មាន​ទំហំ​តូច​ជាង​បន្តិច បើ​ធៀប​នឹង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្នាក់ Ford របស់ សហរដ្ឋអាមេរិក។

រូបថត​ស្ដីអំពី Type-003 របស់​ប្រទេស​ចិន នៅក្នុង​រោងចក្រ Jiangnan Shipyard ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 6 កក្កដា បង្ហាញថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ កំពុង​ត្រូវបាន​ដំឡើង​បញ្ជាការដ្ឋាន។ Type-003 គឺជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី Ford របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក។

រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប Kompsat កាលពី​ថ្ងៃទី 22 ខែមិថុនា បង្ហាញថា Type-003 មាន​បណ្ដោយ​ប្រវែង​ប្រហែល 320 ម៉ែត្រ ខ្លី​ជាង 13 ម៉ែត្រ ធៀប​នឹង​នាវា​ថ្នាក់ Ford របស់ អាមេរិក។

ទីលាន​សម្រាប់​យន្តហោះ​ចុះចត​នៅលើ Type-003 មាន​ទទឹង​ប្រហែល 73 ម៉ែត្រ ខ្លី​ជាង​នាវា​ថ្នាក់ Ford និង​ប្រហាក់ប្រហែល​នឹង​នាវា Liaoning និង Shandong របស់​ចិន។

តាម​ផែនការ Type-003 នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​បាញ់​បង្ហោះ (EMALS) ដែល​អនុញ្ញាតឱ្យ​យន្តហោះ​ចម្បាំង​ដែល​ហោះ​ចេញពី​នាវា​នេះ នាំយក​អាវុធ និង​ឥន្ធនៈ​ច្រើនជាង​ការប្រើប្រាស់​ស្ពាន​សម្រាប់​ហោះ​ឡើង​ដូច​នៅលើ​នាវា Liaoning និង Shandong។ Type-003 នឹងមាន​ប្រព័ន្ធ EMALS ចំនួន​ពីរ​នៅ​ផ្នែក​ខាងមុខ និង​មួយទៀត​នៅ​កណ្ដាល​នាវា ដែល​ចំនួន​នេះ តិចជាង​មួយ​ប្រព័ន្ធ បើ​ធៀប​នឹង​នាវា​ថ្នាក់ Ford និង Nimitz។

ផ្ទៃក្រឡា​នៃ​ទីលាន​ចុះចត​របស់​នាវា​ផ្ទុក​យន្តហោះ Type-003 ប្រហាក់ប្រហែល​នឹង 19,500 ម៉ែត្រការ៉េ ធំ​ជាង​បន្តិច ធៀប​នឹង​ប្រព័ន្ធ​របស់ Ford នៃ​សហរដ្ឋអាមេរិក។

បញ្ជាការដ្ឋាន​របស់ Type-003 ទំនងជា​ទាប​ជាង​បន្តិច បើ​ធៀប​នឹង​នាវា Liaoning និង Shandong។ ទីបញ្ជាការ​របស់ Type-003 ត្រូវបាន​ដាក់​នៅ​កណ្ដាល​នាវា ខុសពី​នាវា​ផ្ទុក​យន្តហោះ​ថ្នាក់ Ford ដែល​ត្រូវ​បានដាក់​នៅ​ផ្នែក​ខាងក្រោយ​បន្តិច៕

ប្រភព៖ Naval News
ប្រែ​សម្រួល៖ បុត្រា

Advertisement