​ប្រធានាធិបតី ហៃ​ទី ​ត្រូវគេ​ធ្វើឃាត! អ្នក​ត្រូវស្នង​តំណែង ក៏​បាន​ស្លាប់​ដោយ​សារ​ Covid-19

ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise

ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស ហៃ​ទី នឹងត្រូវ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ជំនួស​លោក Moise ដែល​ទើប​ត្រូវបាន​គេ​ធ្វើឃាត ប៉ុន្តែ​មន្ត្រី​រូបនេះ បានទទួល​មរណភាព​រួចហើយ ដោយសារតែ​ឆ្លង Covid-19។

ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស ហៃ​ទី លោក Haiti René Sylvestre បាន​ស្លាប់​ដោយសារ Covid-19 កាលពី​ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021។

យោងតាម​រដ្ឋធម្មនុញ​របស់ ហៃ​ទី ប្រធាន​តុលាការ​កំពូល នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី នៅក្នុង​ករណី​ចាំបាច់​បន្ទាន់។ Jean Wilner Morin ប្រធាន​សមាគមជាតិ​ចៅក្រម​របស់ ហៃ​ទី បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នកណា​នឹងត្រូវ​ឡើងកាន់តំណែង​ជំនួស​ប្រធានាធិបតី Jovenel Moise ដែល​ទើប​ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ព្រឹក ថ្ងៃទី 7 ខែកក្កដា នៅឡើយ។

លោក Morin និយាយថា នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន Claude Joseph ត្រូវការ​សភា​អនុម័ត ទើប​អាច​ឡើងកាន់តំណែង​ប្រធានាធិបតី​បាន។ ប៉ុន្តែ​ដោយសារតែ​មិនមាន​ការបោះឆ្នោត​នាពេល​កន្លង សភា​ប្រទេស​នេះ លែង​នៅ​ជា​ធរមាន​ទៀតហើយ «ដូច្នេះ បើ​ផ្អែក​តាម​រដ្ឋធម្មនុញ គាត់​មិនអាច​ជំនួស​ប្រធានាធិបតី» បានឡើយ។

Morin បានឱ្យដឹងថា មាន​ករណី​ផ្សេង​មួយ កាលពី​ឆ្នាំ 2015 នៅពេល​ប្រធានសភា ក្លាយជា​ប្រធានាធិបតី។ ប៉ុន្តែ បច្ចុប្បន្ន ពុំមាន​អ្នកណា​កាន់កាប់​តួនាទី​នេះ។ Morin មាន​យោបល់​ថា 1/3 នៃ​សមាជិកសភា​ជាន់ខ្ពស់ នៅតែមាន​សុពលភាព ដូច្នេះ ប្រធាន​សភាព​ជាន់ខ្ពស់ Joseph Lambert អាចជា​ជម្រើស​មួយ។

សូម​រំលឹកថា ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise អាយុ 53 ឆ្នាំ ត្រូវបាន​ខ្មាន់កាំភ្លើង​មួយក្រុម លួច​ធ្វើឃាត​នៅឯ​ផ្ទះ​របស់លោក ស្ថិតក្នុង​រដ្ឋធានី​Port-au-Prince។ ភរិយា​របស់លោក គឺ លោកស្រី Martine Moise កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវបាន​បញ្ជូន​ទៅកាន់ សហរដ្ឋអាមេរិក ដើម្បី​ព្យ​បាលរ​បួស។

អនុរដ្ឋមន្ត្រី​សារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុម​ឃាតករ​ដែល​បាន​បាញ់សម្លាប់​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ ឯកអគ្គរដ្ឋទូត ហៃ​ទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករ​ទាំងនេះ គឺជា ទាហាន​ស៊ីឈ្នួល ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​ពិសេស​របស់​អាមេរិក៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement