ប្រធានាធិបតី ហៃ​ទី ត្រូវ​រង​គ្រាប់កាំភ្លើង​ជាង 10 គ្រាប់! អង្គរក្ស​របស់​ប្រធានាធិបតី នឹង​ត្រូវបាន​សួរចម្លើយឆាប់ៗនេះ

សាកសព​របស់​ប្រធានាធិបតី Jovenel Moise មាន​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 គ្រាប់ នៅត្រង់​កន្លែង​គ្រោះថ្នាក់​ដល់​ជីវិត ខណៈ​បន្ទប់ធ្វើការ និង​បន្ទប់​គេង សុទ្ធតែ​ត្រូវ​ឆែកឆេរ។

«យើង​បាន​រកឃើញ​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 កន្លែង នៅលើ​រាងកាយ​របស់​ប្រធានាធិបតី» Carl Henry Destin អនុប្រធាន​តុលាការ នៅ Pétion-Ville ជាយក្រុង Port-au-Prince បាន​ប្រាប់​កាសែត ហៃ​ទី Le Nouvelliste ដូច្នេះ។ លោក Carl Henry Destin និយាយថា គ្រាប់កាំភ្លើង​ទាំងនេះ ត្រូវបាន​បាញ់​ចេញពី​អាវុធ​ធុន​ធ្ងន់»។

«បន្ទប់ធ្វើការ និង​បន្ទប់​គេង​របស់​ប្រធានាធិបតី ត្រូវបាន​គេ​ឆែកឆេរ​គ្រប់កន្លែង។ យើង​ឃើញថា គាត់​ស្លាប់​ក្នុង​ឥរិយាបថ​ដេក​ផ្ងារ ស្លៀកខោ​ពណ៌​ខៀវ អាវ​សា​មិ​ពណ៌​ស​ធ្លុះធ្លាយ​ដោយ​គ្រាប់កាំភ្លើង និង​មាត់​ហា​ធំ» លោក Destin និយាយ​បន្ថែម។ គ្រាប់កាំភ្លើង​មួយគ្រា​ប់​បាញ់​ចំ​ថ្ងាស ពីរ​គ្រាប់​ត្រង់​ទ្រូង​ទាំងសងខាង បី​គ្រាប់​ត្រង់​ត្រគាក និង​មួយ​គ្រាប់​ត្រង់​ពោះ»។

សម្បកគ្រាប់​កាំភ្លើង​ដែល​ប៉ូលិស ហៃទី​ បាន​រកឃើញ​

ប្រធានាធិបតី Moise មាន​ក្រុម​អង្គរក្ស​ដោយឡែក រួមមាន​សមាជិក​មក​ពី​អង្គភាព​ជំនាញ​របស់​ប៉ូលិស ហៃ​ទី ប៉ុន្តែ ក្នុងករណី​ឃាតកម្ម​កាលពី​ថ្ងៃទី 7 ខែកក្កដា មានតែ​ប្រធានាធិបតី និង​ភរិយា​របស់លោក គឺ លោកស្រី Martine Moise ប៉ុណ្ណោះ ដែល​ត្រូវបាន​បាញ់ប្រហារ។

ដូច​ទៅនឹង​គ្រាប់កាំភ្លើង​ដែល​បៀម​ជាប់​នៅក្នុង​សាកសព​ប្រធានាធិបតី «សម្បក​គ្រាប់កាំភ្លើង​ធុន 5.56 និង 7.62ម​ម ជាច្រើន​គ្រាប់ ត្រូវបាន​រកឃើញ​នៅ​កណ្ដាល​ខ្លោងទ្វារ និង​នៅក្នុង​ភូមិគ្រឹះ» លោក Destin បញ្ជាក់។

អគ្គស្នងការ​ប៉ូលិស ហៃ​ទី លោក Leon Charles បានប្រកាសថា៖ «យើង​កំពុង​តាម​ចាប់ខ្លួន​ពួកវា (ក្រុម​ឃាតករ) ហើយ​យើង​នឹង​នៅតែ​បន្ត​តាមរក»។

ក្រុម​អង្គរក្ស​​របស់​ប្រធានាធិបតី​ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ ឆាប់​ៗ​នេះ

Bed-Ford Claude ប្រធានការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​រដ្ឋធានី Port-au-Prince បានឱ្យដឹង​កាលពី​ថ្ងៃទី 8 កក្កដា ថា៖ «ខ្ញុំ​បានផ្ដល់​សិទ្ធិ​ដល់​ប៉ូលិស ដើម្បី​សួរចម្លើយ​រាល់​បុគ្គលិក​សន្តិសុខ​ដែល​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី Jovenel Moise»។

លោក Bed-Ford Claude ចោទ​សួរថា៖ «បើសិន​អ្នកទទួលខុសត្រូវ​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រធានាធិបតី តើ​អ្នក​នៅទីណា? អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ឱ្យ​ប្រធានាធិបតី​រួច​ផុតពី​ការស្លាប់​នេះ?»៕

ប្រភព៖ NY Post, AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement