ក្រុម​ប្រដាប់អាវុធ​ដែល​ធ្វើឃាត​ប្រធានាធិបតី ហៃ​ទី លាក់​ខ្លួន​​ក្នុង​ “ការិយាល័យ​តំណាង​តៃវ៉ាន់”

ពលរដ្ឋ ហៃទី នាំគ្នាឈរក្បែររថយន្តប៉ូលិស ដែលចតក្បែរទីតាំងឃុំខ្លួនក្រុមជនសង្ស័យ ក្នុងករណីឃាតកម្មលើប្រធានាធិបតី Moise (ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021)

ក្រុមមនុស្ស​ចំនួន 11 នាក់ ដែល​ត្រូវគេ​សង្ស័យថា​ជា ឃាតករ​បាញ់សម្លាប់​ប្រធានាធិបតី​នៃ​ប្រទេស ហៃ​ទី លោក Jovenel Moise បាន​ចូល​លាក់ខ្លួន​ក្នុង​ការិយាល័យ​តំណាង​កោះ​តៃវ៉ាន់ ប្រចាំ​រដ្ឋធានី Port-au-Prince ហើយក៏​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

Joanne Ou អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ ថ្ងៃនេះ បានឱ្យដឹងថា ការិយាល័យ​តំណាង​របស់​កោះ​នេះ​ប្រចាំ​នៅ​រដ្ឋធានី​នៃ​ប្រទេស ហៃ​ទី បាន​បិទទ្វារ ដោយសារតែ​បញ្ហា​អសន្តិសុខ ក្រោយ​ប្រធានាធិបតី Moise ត្រូវគេ​ធ្វើឃាត។

លោកស្រី Ou បានឱ្យដឹងថា បុគ្គលិក​សន្តិសុខ​រប​ស់​ការិយាល័យ​តំណាង​តៃវ៉ាន់ បានឃើញ​ជនប្រដាប់អាវុធ​មួយក្រុម សម្រុកចូល​ការិយាល័យ​នេះ។ បុគ្គលិក​សន្តិសុខ​ក៏បាន​រាយការណ៍​ប្រាប់​ប៉ូលីស ហៃ​ទី។ ការិយាល័យ​តំណាង​តៃវ៉ាន់ បានអនុញ្ញាត​ឱ្យ​ប៉ូលិស ហៃ​ទី ចូលទៅ​ខាងក្នុង ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ ក្រោយ​មានការ​ស្នើ​ពី​រដ្ឋាភិបាល ហៃ​ទី។

ក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ ការិយាល័យ​តំណាង តៃវ៉ាន់ ប្រចាំ​ទីក្រុង Port-au-Prince សរសេរថា ក្រុម​ខ្មាន់កាំភ្លើង​នេះ​គឺជា «ទាហាន​ស៊ីឈ្នួល» និង​ជា​ក្រុម​ជនសង្ស័យ​ដែល​ទាក់ទិន​នឹង​អំពើ​ឃាតកម្ម​លើ​ប្រធានាធិបតី Moise។

អតីត​ប្រធានាធិបតី​ ហៃទី លោក​ Jovenel Moise

ប្រកាស​របស់​ការិយាល័យ​តំណាង តៃវ៉ាន់ ឱ្យដឹងថា «ប៉ូលិស​បានចាប់ផ្ដើម​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែល 16 នៃ​ថ្ងៃទី 8 ខែកក្កដា និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 11នាក់។ ការចូលចាប់​ខ្លួន​នេះ ដំណើរការ​ដោយ​រលូន»។ ការិយាល័យ​នេះ អធិប្បាយ​ថា ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise គឺ​ពិតជា «ឃោរឃៅ និង​គួរឱ្យ​ភ័យខ្លាច»។

ហៃ​ទី គឺជា​ប្រទេសមួយ ក្នុងចំណោម 15 ប្រទេស ដែល​នៅ​រក្សា​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់។ ការិយាល័យ​តំណាង​របស់ តៃវ៉ាន់ ស្ថិត​នៅក្បែរ​ភូមិគ្រឹះ​លើ​ជម្រាលភ្នំ របស់​ប្រធានាធិបតី ហៃ​ទី ជាទី​ដែល​លោក Moise ត្រូវគេ​ធ្វើឃាត។

ប៉ូលិស ហៃ​ទី ឱ្យដឹងថា ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 26 នាក់ រួម​នឹង​ជនជាតិ​អាមេរិក​ដើមកំណើត ហៃ​ទី ចំនួន 2 នាក់ គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise។ «យើង​បាន​ចាប់ខ្លួន​ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 15 នាក់ និង​ជនជាតិ​អាមេរិក ដើមកំណើត ហៃ​ទី ចំនួន 2 នាក់។ ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 3 នាក់ ត្រូវបាន​សម្លាប់ ខណៈ 8 នាក់​ផ្សេងទៀត កំពុង​រត់គេចខ្លួន» នេះ​បើតាម​អគ្គស្នងការ​ប៉ូលិស​ជាតិ ហៃ​ទី លោក Leon Charles។

ក្រសួងការបរទេសរ​បស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់​អាច​បញ្ជាក់បាន​អំពី​ករណី​ពលរដ្ឋ​អាមេរិក​ណាខ្លះ ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណា​នៅឡើយ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement