ទឹកជំនន់ “លេប​យក” កប៉ាល់ និង​ផ្ទះ​ជាច្រើន នៅ​ប្រទេស​ចិន

ជំនន់​ទឹកភ្លៀង បាន​គួច និង​វាយ​ពន្លិច​កប៉ាល់​ជាច្រើន​គ្រឿង នៅពេល​មេឃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​វាយប្រហារ​លើ​ទីក្រុង Bazhong នៃ​ខេត្ត Sichuan ភាគ​ឦសាន​ប្រទេស​ចិន។

ក្នុង​វីដេអូ ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា ទឹកជំនន់ កំពុង​ហូរ​គួច​យ៉ាង​ខ្លាំងក្លា​នៅក្នុង​តំបន់ភ្នំ​មួយ​នៃ​ទីក្រុង Bazhong កាលពី​ថ្ងៃទី 10 កក្កដា បន្ទាប់ពី​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​កាលពី​ដើមខែ​នេះ។ កប៉ាល់​ជាច្រើន​គ្រឿង​ត្រូវបាន​ទឹកជំនន់​គួច​យកទៅ​ទម្លាក់​ចូលទៅក្នុង​ទី​ជ្រៅ​នៃ​ទន្លេ។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខេត្ត Sichuan ចាប់ពី​ថ្ងៃទី 9 កក្កដា បាន​បណ្ដាលឱ្យ​ទឹកទន្លេ​ចំនួន 14 នៅ​ប្រទេស​ចិន ត្រូវ​ឡើង​ខ្ពស់ និង​គួច​យក​ទាំង​ស្ពាន កប៉ាល់ និង​ផ្ទះ​ជាច្រើន ហើយ​នាំឱ្យ​មនុស្ស​ជាង 4,600 នាក់ ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់​ទី​សុវត្ថិភាព។

 

មិនទាន់មាន​របាយការណ៍​អំពី​ការស្លាប់ ប៉ុន្តែ សារព័ត៌មាន​ចិន បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់​មនុស្ស​ជាង 120,000 នាក់ និង​បង្ក​ការខូចខាត​ជាង 176 លាន​យុន (ប្រហែល 27 លាន​ដុល្លារ​អាមេរិក)។

មជ្ឈមណ្ឌល​ជាតិ​ឧតុនិយម​របស់​ចិន កាលពី​ថ្ងៃទី 11 កក្កដា បាន​បន្ត​ប្រកាសអាសន្ន ដោយ​ប្រាប់ថា ភ្លៀង​ធំ​នឹង​ធ្លា​ក់នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ពិសេស​គឺ​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្ដាល៕

ប្រភព៖ Reuters, Global Times
ប្រែ​សម្រួល៖ បុត្រា

Advertisement