ឆេះមន្ទីរពេទ្យព្យាបាលជំងឺ COVID-19 បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 42 នាក់

អ៊ីរ៉ាក់៖ មន្ទីរពេទ្យ​មួយ​ដែលមាន​ជំនាញ​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 នៅ​ទីក្រុង Nassiriya បាន​ជួប​គ្រោះ​អគ្គិភ័យ បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ 100 នាក់ ត្រូវ​រងរបួស និង​បាត់​បង់ជីវិត។

អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 12 ខែកក្កដា នៅ​មន្ទីរពេទ្យ al-Hussain នាទី​ក្រុង Nassiriya ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 42 នាក់ បាន​ស្លាប់ និង​ជាង 60 នាក់ រងរបួស។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ត្រូវបាន​គេ​ជឿថា កើតឡើង​ដោយសារ​ការផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ចំនួន​អ្នកស្លាប់ អាច​កើនឡើង​បន្តទៀត ដោយសារ​មាន​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​នៅឡើយ។

ក្រុមមន្ត្រី​មូលដ្ឋាន បានឱ្យដឹងថា សកម្មភាព​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​មិន​ឈប់ឈរ ក្រោយពី​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង ប៉ុន្តែ ដោយសារ​ផ្សែង​ក្រាស់​ខ្លាំង ដំណើរការ​ជួយសង្គ្រោះ ក៏ត្រូវ​ជួប​ការលំបាក។

របាយការណ៍​បឋមរ​បស់​ប៉ូលិស បានឱ្យដឹងថា បំពង់​អុកស៊ីហ្សែន​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 បាន​ផ្ទុះ និង​បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ​នេះ។

នេះ​គឺជា​ករណី​ឆេះ​មន្ទីរពេទ្យ​ទី​ពីរ​នៅ​ប្រទេស​នេះ ក្នុង​រយៈពេល 3 ខែ​កន្លង។ កាលពី​ខែមេសា មន្ទីរពេទ្យ Ibn Khatib នៅ​រដ្ឋធានី បា​កដាដ ក៏​ជួប​គ្រោះ​អគ្គិភ័យ ដោយសារតែ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន បណ្ដាលឱ្យ​មនុស្ស​ចំនួន 82 នាក់ បាន​ស្លាប់ និង 110 នាក់​រងរបួស៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement