ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

បារាំង៖ មនុស្ស​ប្រហែល 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​ប្រឆាំងនឹង​ការ​រឹតបន្តឹង​ថ្មី​ក្នុង​បំណង​គ្រប់គ្រង​ស្ថានការណ៍ COVID-19 របស់​រដ្ឋាភិបាល។

បាតុកម្ម​ដាច់ដោយឡែក​ជាច្រើន​ក្រុម ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុងនោះ​ក៏មាន ទីក្រុង Paris, Toulouse, Bordeaux, Montpelier, Nantes រួម​នឹង​តំបន់ផ្សេងៗមួយចំនួនទៀត។ ក្រុមមន្ត្រី​រដ្ឋាភិបាល បារាំង ឱ្យដឹងថា មនុស្ស​ប្រមាណ 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម។ ក្រសួងមហាផ្ទៃ បារាំង បានប្រកាសថា បាតុកម្ម​តូច-ធំ ចំនួន 53 ត្រូវបាន​ធ្វើឡើង​នៅ​តំបន់សំខាន់ៗនៃ​ប្រទេស​នេះ។

បាតុកម្ម​មួយចំនួន​នៅ Paris បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ក្នុង​គ្រា​ដែល​ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំ អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​បារាំង ត្រូវបាន​ធ្វើឡើង​តាម​បណ្ដោយ​មហាវិថី Champs-Elysees ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី Emmanuel Macron។

មូលហេតុ​នៃ​បាតុកម្ម​នេះ កើតឡើង​ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​សេចក្ដីសម្រេច​មួយ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 12 កក្កដា ស្ដីពី​ការបង្ខំ​ឱ្យ​បុគ្គលិក​សុខាភិបាល ទទួល​ការចាក់​វ៉ាក់សាំង ក៏ដូចជា​ការតម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ទើប​អាច​ចេញ-ចូល​ទីសាធារណៈ ឬ​តម្រូវឱ្យ​ពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ទើប​អាច​ចូល​ភោជនីយដ្ឋាន​បាន។

យោងតាម​ការស្រាវជ្រាវ​មួយ​របស់ Elabe ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា វិធានការ​ថ្មី​ខាងលើនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​បារាំង។ ពលរដ្ឋ​ប្រមាណ 35.5 លាន​នាក់ (ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​បារាំង) បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស​រួចហើយ។

គិត​មកដល់​បច្ចុប្បន្ន បារាំង បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 5,829,724 នាក់ ក្នុងនោះ​​ក៏​មាន​ករណី​ស្លាប់ 111,413 នាក់, ជាសះស្បើយ 5,162,757 នាក់ និង​កំពុង​ព្យាបាល​ចំនួន 555,554 នាក់៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement