ប្រធានាធិបតី​ប្រេ​ស៊ី​ល ត្រូវ​ចូល​ពេទ្យ​វះកាត់​បន្ទាន់ ព្រោះតែ​ត្អើក​ជាង 10 ថ្ងៃ

ប្រធានាធិបតី​របស់ ប្រេ​ស៊ី​ល លោក Jair Bolsonaro ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​អាការ​ត្អើក​ជា​បន្តបន្ទាប់​រយៈពេល 10 ថ្ងៃ ហើយ​អាច​ត្រូវធ្វើ​ការវះកាត់​ជាបន្ទាន់។

សារព័ត៌មាន RT (រុស្ស៊ី) កាលពី​ថ្ងៃទី 14 កក្កដា បានចេញ​ផ្សាយ​ថា ការិយាល័យ​របស់លោក Bolsonaro បាន​បញ្ជាក់ថា ប្រធានាធិបតី​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ Brasilia ក្នុង​ថ្ងៃ​ដដែល​នោះ។ នៅ​ទីនោះ លោក​នឹង​ត្រូវបាន​តាមដាន​សុខភាព​ចាប់ពី 24 ដល់ 48 ម៉ោង។ ក្នុង​ប្រកាស​ថ្មី ការិយាល័យ​ប្រធានាធិបតី ឱ្យដឹងថា លោក Bolsonaro ត្រូវបាន​បញ្ជូន​ទៅកាន់ Sao Paulo ដើម្បី​វាយតម្លៃ​សម្រាប់​ការវះកាត់​បន្ទាន់។

សារព័ត៌មាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល បាន​ផ្សាយ​ដែរ​ថា លោក Bolsonaro មាន​អាការ​ឈឺពោះ និង​ត្អើក នៅពេល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សាធារណជន។ ប្រធានាធិបតី​រូបនេះ ធ្លាប់បាន​និយាយថា អាការ​ត្អើក​នេះ គឺ​មកពី​ថ្នាំ​ដែល​លោក​ត្រូវ​លេប នៅក្នុង​ការវះកាត់​ព្យាបាល​ធ្មេញ កាលពី​មួយខែ​មុន។

លោក Bolsonaro ធ្លាប់បាន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ជាច្រើនលើក ដោយសារតែ​ត្រូវគេ​ចាក់​នឹង​កាំបិត ការឆ្លង COVID-19 និង​ត្រូវ​សត្វព្រៃ​វាយប្រហារ។

កាលពី​ឆ្នាំ 2018 ក្នុងពេល​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត លោក Bolsonaro ត្រូវគេ​ចាក់​ចាំ​ពោះ និង​ក្រោយមក​ក៏ត្រូវ​វះកាត់​ជាច្រើនលើក។

លោក Bolsonaro ត្រូវគេ​រកឃើញថា វិជ្ជមាន​នឹង COVID-19 ជាច្រើនលើក កាលពី​រដូវក្ដៅ​ឆ្នាំមុន។ នៅពេល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ប្រធានាធិបតី​រូបនេះ ក៏ត្រូវ​សត្វ​អូ​ទ្រិ​ស​ធំ​មួយ​ក្បាល ខាំ​ផងដែរ។

ការចូល​ពេទ្យ​លើក​នេះ ទំនង​ជាមាន​សភាព​ធ្ងន់ធ្ងរ​ជាងមុន។ ក្រុម​វេជ្ជបណ្ឌិត បាន​ប្រាប់​សារព័ត៌មាន ប្រេ​ស៊ី​ល ថា អាការ​ត្អើក​ជា​បន្តបន្ទាប់​របស់លោក​ប្រធានាធិបតី Bolsonaro អាចជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ផលប៉ះពាល់​ពី​ការវះកាត់​ព្យាបាល​ធ្មេញ៕

ប្រភព៖ BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement