រុស្ស៊ី គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ នៅលើ​ភព​អង្គារ

ទីភ្នាក់ងារ​អវកាស រុស្ស៊ី (Roscosmos) ដាក់សំណើ​សាងសង់​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ នៅលើ​ពិភព​ព្រះ​អង្គារ ក្នុង​កិច្ចខិតខំ ដើម្បី​ប្រកួតប្រជែង​នៅ​ទី​អវកាស ជាមួយនឹង សហរដ្ឋអាមេរិក និង ចិន។

ការសាងសង់​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ នៅលើ​ភព​ព្រះ​អង្គារ​នេះ ត្រូវបាន​ស្នើឡើង​ដោយ​សាខា​មួយ​របស់ Roscosmos គឺ​ការិយាល័យ Arsenal មាន​ជំនាញ​ខាង​ផលិត​យានអវកាស ផ្កាយរណប និង​ឧបករណ៍​បច្ចេកវិទ្យា​ដ​ទៃទៀត ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​តំបន់ St. Petersburg។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik។

ក្រុម​វិ​ស្វាករ​របស់ Arsenal បង្ហើប​ឱ្យដឹងថា រោងចក្រ​នេះ នឹងត្រូវ​បាន​នាំទៅ​កាន់​ភព​អង្គារ តាមរយៈ Zeus ជា​យាន​អូស​អវកាស ដើរ​ដោយ​នុយ​ក្លេ​អែរ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ 2030។

ក្រោយពីត្រូវបានដំឡើង រោងចក្រនេះនឹងត្រូវដំណើរការ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់មូលដ្ឋានរបស់រុស្ស៊ី ដែលស្ថិតនៅលើដីភពអង្គារ។

សារព័ត៌មាន Sputnik សង្កត់ធ្ងន់ថា «យោងតាម​សំណើ​របស់ Arsenal រោងចក្រ​នុយ​ក្លេ​អែរ នេះ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ភព​ក្រហម ដោយ​យានអវកាស Zeus ហើយ​ត្រូវ​ទម្លាក់​ចុះទៅ​កាន់​ភព​នេះ​ដោយ​ប្រព័ន្ធ​ឆត្រយោង។ ក្រោយពី​ត្រូវបាន​ដំឡើង រោងចក្រ​នេះ​នឹងត្រូវ​ដំណើរការ ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់​មូលដ្ឋាន​របស់​រុស្ស៊ី ដែល​ស្ថិតនៅ​លើដី​ភព​អង្គារ។

នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ប្រចាំ Roscosmos លោក Alexander Bloshenko ឱ្យដឹងថា ពួកគេ​ក៏មាន​ផែនការ​នាំយក​យានអវកាស Zeus ទៅកាន់​ឋាន​ព្រះ​ចន្ទ ភព​ព្រហស្បតិ៍ និង​ភព​សុក្រ​ផងដែរ។

បើទោះជា​ត្រូវបាន​កត់ត្រា​ថា មាន​ផ្កាយរណប មនុស្ស ស្ថានីយ​អវកាស ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ដំបូង​គេ​ក្នុង​ពិភពលោក ប៉ុន្តែ រុស្ស៊ី ចំណាយ​ប្រាក់​ត្រឹមតែ 3.58 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​កម្មវិធី​អវកាស នៅក្នុង​ឆ្នាំ 2020។ តួលេខ​នេះ ច្រើនជាង ជប៉ុន (260 លាន​ដុល្លារ) ប៉ុន្តែ តិចជាង​ឆ្ងាយ បើ​ធៀប​នឹង បារាំង (4.04 ពាន់​លាន​ដុល្លារ) ចិន (8.85 ពាន់​លាន​ដុល្លារ) និង សហរដ្ឋអាមេរិក (47.69 ពាន់​លាន​ដុល្លារ) ក្នុងដំណាក់កាល​ដូចគ្នា៕

ប្រភព៖ Sputnik, Sun
ប្រែ​សម្រួល៖ បុត្រា

Advertisement