ពលរដ្ឋ​ថៃ​រាប់ពាន់នាក់ ធ្វើបាតុកម្ម ក្នុង​គ្រា COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង

ប្រជាជន​ថៃ ជាង 1,000 នាក់ កាលពី​ថ្ងៃទី 18 កក្កដា បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម ស្នើឱ្យ​នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង នៅពេល​រលក COVID-19 កំពុងតែ​វាយប្រហារ​ប្រទេស​នេះ​យ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក រថយន្ត​បាញ់​ទឹក និង​គ្រាប់កាំភ្លើង​ជ័រ ដើម្បី​រំសាយ​ក្រុមបាតុករ ដែល​ហែ​ក្បួន​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី Prayuth Chan-ocha។ បាតុករ​ជាច្រើន ថែមទាំង​នាំយក​ថង់​ដាក់​សាកសព​ក្លែងក្លាយ​ទៅជា​មួយ ដើម្បី​ជា​តំណាងឱ្យ​អ្នកស្លាប់​ដោយសារ COVID-19។ ក្រុមបាតុករ បាន​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​របស់លោក Pryuth ដែល​ធ្វើ​ការមិន​បានល្អ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 បណ្ដាលឱ្យមាន​ការឆ្លង​រាលដាល​ខ្លាំង។

បាតុករ​ម្នាក់ ឈ្មោះ Kanyaporn Veeratat វ័យ 34 ឆ្នាំ បានឱ្យដឹងថា «រដ្ឋាភិបាល គ្រប់គ្រង​ស្ថានការណ៍​មិនបាន​ល្អ ហើយ​បើសិនជា​យើង​មិន​ធ្វើ​អ្វី​សោះ នោះ​នឹងមិន​មានការ​ប្ដូរផ្លាស់​ណាមួយ​ឡើយ»។

ក្រុមប៉ូលិស ក៏បាន​ចាត់វិធានការ​ក្ដៅ បន្ទាប់ពី​បាតុករ​មួយចំនួន ព្យាយាម​ដោះ​របង​បន្លា​លួស ដែល​សមត្ថកិច្ច​ដាក់ពង្រាយ​ដើម្បី​បិទផ្លូវ​ពី​រូបសំណាក​ប្រជាធិបតេយ្យ ទៅកាន់​វិមាន​រដ្ឋាភិបាល ជា​កន្លែងធ្វើការ​របស់​នាយករដ្ឋមន្ត្រី។

ប៉ូលិស បានស្នើ​ពលរដ្ឋ កុំ​ចូលរួម​ធ្វើបាតុកម្ម ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែខ្លាំង នៃ​វី​រូស COVID-19 ព្រមទាំង​បាន​ព្រមាន​ថា នឹងដាក់​ទោស​ជន​ទាំងឡាយណា​ដែល​បង្ក​ចលា​ច័ល​ទៀតផង។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ថៃ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 415,170 នាក់ ក្នុងនោះ​មាន 3,422 នាក់​បាន​ស្លាប់, 289,651 នាក់​បានជា និង 122,097 នាក់​កំពុង​ព្យាបាល។

រាជធានី បាងកក និង​ខេត្ត​ចំនួន 12 ផ្សេងទៀត​របស់​ប្រទេស​ថៃ បាន​រឹតបន្តឹង​វិធានការ​ទប់ទល់​នឹង COVID-19 ក្នុងនោះ​ក៏មាន​ការកាត់បន្ថយ​ការធ្វើដំណើរ បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បម្រាម​គោចរ​ពេលយប់​ផងដែរ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement