ចិន ទទួលជោគជ័យ ក្នុងការ​ធ្វើតេស្ត​យន្តហោះ​អវកាស

ប្រទេស​ចិន បាន​បាញ់​បង្ហោះ​សាកល្បង យាន​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ និង​អាច​ប្រើប្រាស់​ឡើងវិញ​ច្រើនដង កាលពី​ថ្ងៃទី 16 កក្កដា នៅឯ​សមុទ្រ​ខ្សាច់ Gobi។

យន្តហោះ​សម្រាប់​ហោះ​ទៅ​ក្បែរ​គន្លង​គោចរ​របស់​ផែនដី និង​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ច្រើនដង ត្រូវបាន​បាញ់​បង្ហោះ​ឡើង និង​ចុះចត​ត្រង់ ប្រកបដោយ​ស្ថិរភាព នៅលើ​ព្រលានយន្តហោះ​នៅឯ​ទីរួមស្រុក Alashan Meng នៃ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ក្នុង (Inner Mongolia Autonomous Region) នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ ការធ្វើ​តេស្ត​នេះ ស្ថិតក្នុង​គម្រោង​ត្រួតពិនិត្យ និង​ទទួលស្គាល់​បច្ចេកវិទ្យា និង​ជាការ​ហោះហើរ​សាកល្បង​ដំបូង​ដែល​ទទួលបាន​ជោគជ័យ​គ្រប់​ជ្រុងជ្រោយ។ យន្តហោះ​នេះ ត្រូវបាន​បញ្ជា​ឱ្យ​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅលើ​សមុទ្រ​ខ្សាច់ Gobi ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន។

យាន​ខាងលើ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​អាកាសចរណ៍​អវកាស​ចិន (CASC)។ នេះ​គឺជា​ជោគជ័យ​ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន ដែល​អាច​ប្រើ​ឡើងវិញ​ច្រើនដង របស់ ចិន។

CASC បានប្រកាស​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​អវកាស ដែល​អាច​ប្រើប្រាស់​ឡើងវិញ កាលពី​ឆ្នាំមុន។ គម្រោង​នេះ រួមមាន​ទាំង​ការអភិវឌ្ឍ​យាន​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដូច​ទៅនឹង​យន្តហោះ​ធម្មតា ប៉ុន្តែ អាច​ហោះ​ទៅដល់​គ្រប់​ទីកន្លែង​នៅលើ​ផែនដី ដោយ​ចំណាយពេល​ត្រឹម​តែមួយ​ម៉ោង ពោលគឺ​លឿន​ជាង​ល្បឿន​សំឡេង​រហូតដល់ 5 ដង​ឯណោះ។ បណ្ដាញ​យន្តហោះ​ប្រភេទ​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយបាន​យ៉ាងច្រើន បើ​ធៀប​នឹង​រ៉ុក្កែត​ធម្មតា ព្រោះ​វា​ងាយស្រួល​សម្រាប់​ការថែទាំ និង​ចំណាយពេល​តិច​ក្នុង​ការរៀបចំ​សម្រាប់​ជើងហោះហើរនីមួយ។

កម្មវិធី​របស់​ចិន​ខាងលើនេះ កំពុង​ឈានទៅរក​ការអភិវឌ្ឍ​ដោយ​ជោគជ័យ នូវ​យន្តហោះ​អវកាស នា​ឆ្នាំ 2045 ប៉ុន្តែ ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ​គឺ​ការអភិវឌ្ឍ​យាន​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដំណើរការ​ដោយ​ពឹង​លើ​រ៉ុក្កែត។

នៅក្នុង​ឆ្នាំ 2020 កន្លងទៅ ប្រទេស​ចិន ក៏បាន​ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​យន្តហោះ​អវកាស​មួយ​ផ្សេងទៀត ដែល​រុញច្រាន​ដោយ​រ៉ុក្កែត និង​បាន​ហោះ​ទៅក្នុង​គន្លង​តារាវិថី​រយៈពេល 2 ថ្ងៃ ហើយ​ក្រោយមក​ក៏បាន​ត្រលប់​មកកាន់​ផែនដី។ យន្តហោះ​អវកាស​នេះ ត្រូវបាន​គេ​យល់ឃើញថា មាន​ចំណុច​ច្រើន​ដែល​ដូច​ទៅនឹង X-37B ជា​យន្តហោះ​ស្វ័យប្រវត្តិ​ដែល​ហោះ​ជុំវិញ​គន្លង​គោចរ​ផែនដី របស់​ទ័ពអាកាស សហរដ្ឋ​អាមេរិក៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement