ប្រធានាធិបតី អាហ្វហ្គានីស្ថាន អង្គុយបួងសួងធ្វើព្រងើយ ក្រោមស្នូរ​នៃ​​គ្រាប់​រ៉ុក្កែត គួរឱ្យតក់ស្លុត

នៅក្នុង​វីដេអូ​មួយ បង្ហាញថា ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ghani អង្គុយ ក្រាប បួងសួង​ជាមួយនឹង​ក្រុមមន្ត្រី​នៃ​វិមាន​រដ្ឋាភិបាល ដោយ​មិន​ខ្ចី​ចាប់អារម្មណ៍​លើ​សំឡេង​ផ្ទុះ​របស់​គ្រាប់​រ៉ុក្កែត ដែល​កំពុង​លាន់​កងរំពង​នៅ​ជុំវិញខ្លួន។

ប្រធានាធិបតី របស់ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ashraf Ghani កាលពី​ថ្ងៃទី 20 កក្កដា បាន​ដឹកនាំ​ការ​បួងសួង​មួយ​នៅក្នុង​វិមាន​ប្រធានាធិបតី នៅក្នុង​រដ្ឋធានី កា​ប៊ុល ដើម្បី​ចាប់ផ្ដើម​ថ្ងៃបុណ្យ Eid al-Adha របស់​សាសនា​អ៊ីស្លាម។ នៅ​ក្នុង​វីដេអូ​បង្ហាញថា នៅវេលា​ម៉ោង​ប្រហែល 8 ក្នុង​គ្រា​ដែល​ក្រុមមន្ត្រី​កំពុង​ប្រារព្ធ​ពិធីបួងសួង ក៏​ស្រាប់​តែមាន​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ ធ្វើឱ្យ​មន្ត្រី​មួយចំនួន​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច។

បុរស​ម្នាក់ ស្រ​ឡាំ​កាំ​ង ក្រោកឈរ និង​ពិនិត្យមើល​ទី​ជុំវិញ ខណៈ​មនុស្ស​មួយចំនួន ទំនងជា​មានការ​ព្រួយបារម្ភ។ សំឡេង​គ្រាប់​រ៉ុក្កែត នៅតែ​បន្ត​បន្លឺឡើង​នៅលើ​អាកាស ហើយ​សំឡេង​ផ្ទុះ​ជាច្រើន​ក៏បាន​លាន់ឮ​គួរឱ្យ​ព្រឺក្បាល។

ក៏ប៉ុន្តែ ប្រធានាធិបតី Ghani នៅតែ​មិន​អើពើ ហើយ​បន្ត​ដឹកនាំ​ពិធីបួងសួង ចំណែក​ក្រុមមនុស្ស​ក៏​បន្ត​បួងសួង​ជាមួយ​លោក។ បុគ្គលិក​សន្តិសុខ​មួយចំនួន បន្ទាប់មក ក៏បាន​ចាក​ចេញពី​ក្រុម​របស់​ប្រធានាធិបតី ដើម្បី​ទៅពិនិត្យ​ស្ថានការណ៍។

ក្នុង​វីដេអូ យ៉ាងហោច​មាន​រ៉ុក្កែត​ចំនួន 3 គ្រាប់ បាន​ផ្ទុះ​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​ពុំមាន​អ្នករងរបួស​នោះទេ។ ក្រុម​សកម្មប្រយុទ្ធ រដ្ឋ​អ៊ីស្លាម Khorasan (Islamic State Khorasan/IS-K) នៅ អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​នេះ។

«ថ្ងៃបុណ្យ Eid ឆ្នាំនេះ ត្រូវ​បានដាក់​ទៅតាម​ឈ្មោះ​នៃ​កងកម្លាំង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​គោរព​ដល់​ការលះបង់ និង​ភាពក្លាហាន​របស់​ពួកគេ ពិសេស​នៅក្នុង​រយៈពេល 3 ខែ​កន្លង។ ក្រុម តា​លី​បង់ មិនមាន​បំណង ហើយក៏​មិនមាន​គំនិតល្អ​សម្រាប់​សន្តិភាព។ យើង​បាន​បង្ហាញថា យើង​មានបំណង មាន​សុច្ឆន្ទៈ ហើយ​បាន​លះបង់​ដើម្បី​សន្តិភាព» ប្រធានាធិបតី មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចាប់ផ្ដើម​ពិធីបុណ្យ Eid al-Adha ដែលជា​ថ្ងៃបុណ្យ​ធំ​របស់​អ៊ីស្លាម​សាសនិក។

ការវាយប្រហារ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​អនាគត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ក្រុម តា​លី​បង់ កំពុងដណ្ដើម​គ្រប់គ្រង​ទឹកដី​បានជា​បន្តបន្ទាប់ ខណៈដែល​សហរដ្ឋអាមេរិក ដក​កងទ័ព​ស្ទើរតែ​ទាំងអស់​ចេញពី​ប្រទេស​នេះ ក្រោយ​សង្គ្រាម​អូសបន្លាយ​អស់​រាប់​ទសវត្សរ៍។

ប្រធានាធិបតី របស់ អាហ្វហ្គានីស្ថាន លោក Ashraf Ghani

ប្រធានាធិបតី សហរដ្ឋ​អាមេរិក លោក Joe Biden កាលពី​ដើមខែ​នេះ​បានឱ្យដឹងថា ផែនការ​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន សម្រេចបាន​ជាង 95% ចំណែក​ទាហាន​ដែល​នៅ​សេសសល់ នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី 31 សីហា៕

ប្រភព៖ CNN
ប្រែសម្រួល​៖ បុត្រា

Advertisement