ចិន បំផ្ទុះ​ទំនប់ទឹក ដើម្បី​បង្វែរ​ទិស​មហា​ទឹកជំនន់

កងទ័ព​ចិន បាន​បំផ្ទុះ​ទំនប់ទឹក​មួយ​នៅ Luoyang នៃ​ខេត្ត Henan ដើម្បី​បង្វែរ​ទិស​របស់​ទឹកជំនន់ នៅ​ចំពោះមុខ​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់ ក្រោយ​បាតុភូត​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ក្នុងអំឡុង​ច្រើន​សតវត្សរ៍​កន្លង។

ទំនុបទឹក​ដែល​ត្រូវបាន​បំផ្ទុះ​កាលពី​យប់​ថ្ងៃទី 20 កក្កដា នេះ ស្ថិតនៅក្នុង​ទីក្រុង Luoyang នៃ​ខេត្ត Henan ក្នុង​គ្រា​ដែល​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ទីក្រុង​រដ្ឋបាល​នៃ​ខេត្ត Henan។

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 33 នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត Henan ក្នុងនោះ​ក៏មាន​មនុស្ស​ចំនួន 12 នាក់ ដែល​ជាប់​នៅក្នុង​រថភ្លើង​ក្រោម​ដី ក្នុង​ក្រុង Zhengzhou។ បេសកកម្ម​ជួយសង្គ្រោះ នៅតែ​បន្ត​ធ្វើឡើង ខណៈ​មនុស្ស​រាប់រយ​នាក់​ដែល​បាត់​ខ្លួន មិនទាន់​រកឃើញ​នៅឡើយ។

រដ្ឋបាល​ទីក្រុង Zhengzhou កំពុង​ប្រឹងប្រែង​ដើម្បី​រក្សា​ប្រភពទឹក និង​អគ្គិសនី ស្រប​ពេលដែល​ខេត្ត Henan កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​មួយ​ផ្សេងទៀត។ ទាហាន​ជាង 3,000 នាក់ កំពុងធ្វើការ​នៅតាម​តំបន់​គ្រោះថ្នាក់​នានា នៅ​ជុំវិញ​ទីក្រុង។ ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ត្រូវបាន​គេ​គណនា​ឃើញថា ប្រហែល 1.22 ពាន់​លាន​យុន ស្មើនឹង 189 លាន​ដុល្លារ​អាមេរិក។

ឥទ្ធិពល​នៃ​ទឹកជំនន់​នេះ ក៏បាន​បណ្ដាលឱ្យ​ពលរដ្ឋ​ចំនួន 3 លាន​នាក់ នៅក្នុង​ស្រុក/ខណ្ឌ​ចំនួន 877 របស់​ខេត្ត Henan ត្រូវ​ឈ្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

ខេត្ត Henan ស្ថិតនៅក្នុង​តំបន់​វាលរាប​ភាគ​កណ្ដាល​ប្រទេស​ចិន លាតសន្ធឹង​លើ​អាង​ទន្លេសំខាន់ៗចំនួន 4 គឺ ទន្លេ Hai River (Peiho), ទន្លេ​លឿង (Yellow River), ទន្លេ Hwai (Huai River) និង​ទន្លេ Yangtze (Yangzi river)។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ ទាប​ជាង​តំបន់​ក្បែរ​ខាង ដូច្នេះ ងាយ​នឹងរង​គ្រោះទឹកជំនន់ ខណៈ​ប្រព័ន្ធ​បង្ហូរទឹក​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នេះ​បាន៕

ប្រភព៖ AP
ប្រែ​សម្រួល៖ បុត្រា

Advertisement