Joe Biden ប្រកាស​បញ្ចប់​បេសកកម្ម​សង្គ្រាម​របស់ អាមេរិក នៅ អ៊ីរ៉ាក់

ប្រធានាធិបតី សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សកម្មភាព​ប្រយុទ្ធ​របស់​ទាហាន​អាមេរិក នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ក្រោយ​ការចូល​ធ្វើ​អត្ត​រាគ​មន៍​ជាង 18 ឆ្នាំ។

«តួនាទី​របស់​យើង​នៅ​ប្រទេស អ៊ីរ៉ាក់ នឹង​ជាការ​បង្វឹក គាំទ្រ និង​ជួយឧបត្ថម្ភ ក៏ដូចជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើសកម្មភាព បើសិនជា​ក្រុម​រដ្ឋ​អ៊ីស្លាម (IS / Islamic State) បង្ហាញខ្លួន​ជាថ្មី។ ប៉ុន្តែ យើង​នឹងមិន​ចូលរួម​ការប្រយុទ្ធ ចាប់ពី​ចុងឆ្នាំ​នេះ» ប្រធានាធិបតី Joe Biden ថ្លែង​ក្រោយ​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Mustafa al-Kadhimi នៅ​សេត​វិមាន កាលពី​ថ្ងៃទី 26 កក្កដា។

ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Biden បានប្រកាស​ដកទ័ព អាមេរិក ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន បញ្ចប់សង្គ្រាម​ពីរលើក​ដែល​ចាប់ផ្ដើម​តាំងពី​ជំនាន់​អតីត​ប្រធានាធិបតី George W. Bush។

លោក Joe Biden (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ អ៊ីរ៉ាក់ Mustafa al-Kadhimi

សហរដ្ឋអាមេរិក កំពុង​ដាក់​ទាហាន 2,500 នាក់ នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ដោយមាន​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS ។ តួនាទី​របស់​ទាហាន អាមេរិក នឹង​ងាក​ទៅធ្វើជា​គ្រូបង្វឹក និង​ប្រឹក្សា​យោបល់​ឱ្យ​កងទ័ព អ៊ីរ៉ាក់ ក្នុង​បេសកកម្ម​ប្រយុទ្ធ។ ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក នឹង​ទុក​ទាហាន​ចំនួន​​ប៉ុន្មាន​នាក់ ឱ្យនៅ​ក្នុងប្រទេស អ៊ីរ៉ាក់ នោះទេ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រយុទ្ធ។

សហរដ្ឋអាមេរិក បាន​បញ្ជូន​កងទ័ព​​របស់​ខ្លួន​ចូល​ប្រទេស អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2003 ដើម្បី​ផ្ដួលរំលំ​របប​ប្រធានាធិបតី Saddam Hussein ហើយ​ក្រោយមក​ក៏បាន​ដកទ័ព​ទាំងអស់​ចេញពី​ប្រទេស​នេះ នៅ​ខែធ្នូ ឆ្នាំ 2011 ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី Barack Obama ប៉ុន្តែ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់ អ៊ីរ៉ាក់ ជាថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS តាម​ការស្នើ​របស់​ប្រទេស​នេះ។

«នឹង​មិនមាន​អ្នកណាម្នាក់ ប្រកាស​បញ្ចប់​ភារកិច្ច​នោះទេ។ គោលដៅ​គឺ​ការធានា​ឱ្យបាន​នូវ​បរាជ័យ​របស់ IS » នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ សហរដ្ឋអាមេរិក ដែល​ទំនងជា​ចង់​បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិន​បោះ​បង់ អ៊ីរ៉ាក់ នោះឡើយ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement