ប៉ូលិស ឥណ្ឌា បាញ់ប្រហារ​គ្នា! អ្នកស្លាប់ និង​របួស កើន​ដល់​ជាង 60 នាក់

ប៉ូលិស​ក្នុង​រដ្ឋ​ចំនួន 2 គឺ​រដ្ឋ Assam និង​រដ្ឋ Mizoram របស់​ប្រទេស ឥណ្ឌា បាន​បាញ់ប្រហារ​គ្នា ដោយសារតែ​ការដណ្ដើម​ទឹកដី បណ្ដាលឱ្យមាន​អ្នកស្លាប់ 6 នាក់ និង​របួស​ជាង 60 នាក់។

មេដឹកនាំ​រដ្ឋ Assam លោក Himanta Biswa Sarma កាលពី​ថ្ងៃទី 27 កក្កដា បានឱ្យដឹងថា បុគ្គលិក​ពិសេស​ចំនួន 4,000 នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​តំបន់​ព្រំប្រទល់​នឹង​រដ្ឋ Mizoram បន្ទាប់ពី​មាន​ករណី​ប្រយុទ្ធ​គ្នា​មួយថ្ងៃ​មុន​នោះ។

ចំណែក មេដឹកនាំ​រដ្ឋ Mizoram លោក Zoramthanga បាន​ចោទថា ប៉ូលិស​របស់​រដ្ឋ Assam បាន​ផ្ទុះអាវុធ​មុន ហើយ​គំរាម​សម្លុត​បុគ្គលិក​នៅ​បន្ទាយ​ការពារ​ដែន និង​បាន​វាយប្រហារ​ពលរដ្ឋ​ស៊ីវិល​ដែល​មិនមាន​អាវុធ។

រដ្ឋ​ទាំងពីរ​មានការ​ប្រទាញប្រទង់​គ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ទាក់ទង​នឹង​បញ្ហា​ព្រំប្រទល់។ ភាព​តានតឹង​បាន​កើនឡើង​តាំងពី​ខែ​មុន នៅពេល​រដ្ឋ Mizoram បាន​ចោទ​កងកម្លាំង​របស់រ​ដ្ឋ Assam ថា បាន​រំលោភ​ទឹកដី។ ជាការ​ឆ្លើយតប រដ្ឋ Assam ក៏បាន​ចោទ​វិញ​ថា ពលរដ្ឋ​របស់​រដ្ឋ Mizoram បាន​រំលោភ​យក​ដីព្រៃ​បម្រុង​របស់​រដ្ឋ​នេះ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឥណ្ឌា លោក Amit Shah បាន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ ប៉ុន្តែ មិនទាន់មាន​ដំណោះស្រាយ​សមស្រប​ដើម្បី​សម្របសម្រួល​បញ្ហា​ដណ្ដើម​ទឹកដី​គ្នា​នេះ​នៅឡើយ។ Sarma សមាជិក​ម្នាក់​នៃ​បក្ស​កាន់អំណាច Bharatiya Janata (BJP) របស់​នាយករដ្ឋមន្ត្រី Narendra Modi ឱ្យដឹងថា អាជ្ញាធរ​របស់លោក​នឹងដាក់​សំណើ​ឡើង​តុលាការ​កំពូល ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា «ពុំមាន​ដីព្រៃ​បម្រុង​មួយ​តឹក​ណា ត្រូវបាន​គេ​រំលោភបំពាន»។

Mizoram ធ្លាប់ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​រដ្ឋ Assam គិត​ត្រឹម​ឆ្នាំ 1972 បន្ទាប់ពី​ត្រូវបាន​បំបែកចេញ​ពីគ្នា ហើយ​ក្រោយមក​ក៏​ក្លាយជា​រដ្ឋ​ដាច់ដោយឡែក​នៅ​ឆ្នាំ 1986។ អាជ្ញាធរ​រដ្ឋ Mizoram ឱ្យដឹងថា តំបន់​ដែល​រដ្ឋ Assam ប្រកាសថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​ដែរនោះ ត្រូវបាន​ពលរដ្ឋ​រប​ស់​ពួកគេ ប្រើប្រាស់​ជាង 100 ឆ្នាំ​មកហើយ។ ប៉ុន្តែ ភាគី​ខាង Assam អះអាងថា ដែនដី​មួយផ្នែកធំ​របស់ខ្លួន ត្រូវបាន​គេ​រំលោភ​កាន់កាប់។

តំបន់​ភាគ​ឦសាន​ដែល​នៅ​ដាច់ស្រយាល និង​សម្បូរ​ធនធានធម្មជាតិ របស់​ប្រទេស ឥណ្ឌា គឺ​ជាទី​ដែលមាន​បញ្ហា​ពូជសាសន៍​កើតឡើង​ជា​ញឹកញាប់ ចាប់តាំងពី​ប្រទេស​នេះ ដណ្ដើមបាន​ឯករាជ្យ កាលពី​ឆ្នាំ 1947។ បន្ទាត់​ព្រំប្រទល់​រវាង​រដ្ឋ​ចំនួន 7 នៅ​តំបន់​នេះ មិនត្រូវ​បាន​ខណ្ឌ​ចែក​ច្បាស់លាស់ ធ្វើឱ្យ​ជម្លោះ​ដណ្ដើម​ទឹកដី និង​ទ្រព្យសម្បត្តិ កើតមាន​ជា​បន្តបន្ទាប់ ប៉ុន្តែ កម្រ​កើតមាន​ការប្រយុទ្ធ​គ្នា​រហូតដល់​ថ្នាក់​មាន​មនុស្ស​ស្លាប់​ច្រើន​ដូច្នេះ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement