ប្រទះឃើញ​ត្បូង​ខ្នាត​យក្ស មានតម្លៃ 100 លាន​ដុល្លារ ពេល​ជីក​អណ្ដូង​ក្នុងផ្ទះ

ស្រីលង្កា៖ ក្រុមកម្មករ​​ដែល​ជីក​អណ្ដូង​ក្នុងផ្ទះ​របស់​អ្នកជំនួញ​ម្នា​ក់នៅ​តំបន់ Ratnapura បាន​ប្រទះឃើញ​ត្បូង​កណ្ដៀង (sapphire) មួយ​ដុំ​ធំ​ដែលមាន​ទម្ងន់​ជាង 500 គីឡូក្រាម និង​មានតម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាមេរិក។

បណ្ដាញសារព័ត៌មាន ស្រីលង្កា កាលពី​ថ្ងៃទី 27 កក្កដា បានចេញ​ផ្សាយ​ថា ត្បូង​កណ្ដៀង (sapphire) ទម្ងន់​ជាង 2.5 លាន​កា​រ៉ា​ត ត្រូវបាន​ក្រុម​អ្នក​ជីក​អណ្ដូង ប្រទះឃើញ​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នកជំនួញ Gamage នៅក្នុង​ក្រុង Ratnapura ខេត្ត Sabaragamuwa ដែលជា​តំបន់​មួយ សម្បូរ​ធនធានធម្មជាតិ ពិសេស​គឺ​ត្បូង​ដែលមាន​តម្លៃ​ខ្ពស់ របស់ ស្រីលង្កា។

«កម្មករ​ជីក​អណ្ដូង បាន​ប្រាប់ថា ពួកគេ​ប្រទះឃើញ​ត្បូង​តូច​មួយចំនួន។ ក្រោយមក យើង​ក៏បាន​បន្ត​រកឃើញ​ត្បូង​ដ៏​ធំ​នេះ» លោក Gamege ប្រាប់​ដូច្នេះ។

ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ត្បូង​កណ្ដៀង​ទម្ងន់​សរុប 510 គីឡូក្រាម ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា «Serendipity Sapphire» នេះ មានតម្លៃ​ឡើងដល់ 100 លាន​ដុល្លារ​អាមេរិក នៅលើ​ទីផ្សារ​ត្បូង​អន្តរជាតិ។

អ្នកជំនួញ Gamage ជា​សមាជិក​នៃ​គ្រួសារ​ដែល​ធ្វើ​ជំនួញ​ខាងត្បូង អស់ 3 ជំនាន់​មកហើយ ក្រោយមក​ក៏បាន​រាយការណ៍​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ។ ប៉ុន្តែ ក្រុមមន្ត្រី​ត្រូវការ​ពេល​ជាង 1 ឆ្នាំ ក្នុងការ​សម្អាត ទើប​អាច​វាយតម្លៃ​ជា​ផ្លូវការ​បាន។

Gamage ថ្លែងថា ក្នុងអំឡុង​សម្អាត​ដំបូង ត្បូងតូចៗមួយចំនួន​បាន​របេះ​ចេញពី Serendipity Sapphire ហើយ​វា​ត្រូវបាន​បញ្ជាក់ថា ជា ត្បូង​កណ្ដៀង​រូប​ផ្កាយ (Star Sapphire) ដែលមាន​គុណភាព​ខ្ពស់។

Gamini Zoysa ដែលជា​បណ្ឌិត​ផ្នែក​ត្បូង​ពេ​ជ្យ បាន​អធិប្បាយ​អំពី Serendipity Sapphire ថា៖ «ខ្ញុំ​មិន​ធ្លាប់​បានឃើញ​វត្ថុ​ធំ​យ៉ាង​ដូច្នេះ​ទេ។ ត្បូង​នេះ ទំនងជា​បាន​កកើត​តាំងពី 400 លាន​ឆ្នាំមុន»។

យ៉ាងណាក៏ដោយ អ្នកជំនាញ​មួយចំនួន​និយាយថា បើជា​ត្បូង​នេះ​មាន​ទម្ងន់​ធ្ងន់ ប៉ុន្តែ មិន​ប្រាកដថា គ្រប់ផ្នែក​របស់​វា សុទ្ធតែជា​ត្បូង​ដែលមាន​គុណភាព​ខ្ពស់​នោះដែរ។ Thilak Weerasinghe មេដឹកនាំ​ស្ថាប័ន​ត្បូង​មានតម្លៃ​របស់ ស្រីលង្កា សង្ឃឹមថា ត្បូង Serendipity Sapphire នេះ នឹង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមហ៊ុន ឬ​សារមន្ទីរ​អន្តរជាតិ៕

ប្រភព៖ BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement