បក្ស​សាធារណរដ្ឋ របស់ អាមេរិក ប្រកាសថា «COVID-19 រួច​ចេញពី​បន្ទប់ពិសោធន៍»

បក្ស​សាធារណរដ្ឋ របស់ សហរដ្ឋអាមេរិក បានចេញ​របាយការណ៍​មួយ​និយាយថា COVID-19 បាន​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​នៅ​ប្រទេស​ចិន បើទោះជា​សហគមន៍​អ្នកស៊ើប​ការណ៍​សម្ងាត់ មិនទាន់​ធ្វើការ​សន្និដ្ឋាន​ក៏ដោយ។

លោក Mike McCaul សមាជិក​នៃ​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប នៃ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 01 សីហា ឆ្នាំ 2021 បានប្រកាស​របាយការណ៍​មួយ​របស់​ក្រុម​សមាជិក​បក្ស​សាធារណរដ្ឋ នៅក្នុង​គណៈកម្មការ​នេះ ដោយមាន​ភ័ស្ដុតាង​ជាច្រើន បង្ហាញថា ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan (WIV) របស់ ចិន កំពុង​ពិសោធ​លើ​ការកែប្រែ​ហ្សែ​ន​របស់​វីរុស CORONA ដើម្បី​ចម្លង​ទៅ​មនុស្ស ហើយ​សកម្មភាព​ដូចនេះ អាច​ត្រូវបាន​លាក់បាំង។

«ពេលនេះ យើង​ជឿថា ដល់​ពេលដែល​ត្រូវ​លុបបំបាត់​សម្មតិកម្ម​ដែលថា វីរុស​មាន​ប្រភពពី​ផ្សារ​លក់​សត្វ​រស់។ យើង​ក៏​ជឿជាក់​ទៅលើ​ភាពលេច​ធ្លោ​នៃ​ភ័ស្ដុតាង​នានា​ដែល​បញ្ជាក់ថា វីរុស​បាន​រួច​ចេញពី​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ហើយ​ករណី​លេច​ធ្លាយ​នេះ កើតឡើង​មុន​ថ្ងៃទី 12 កញ្ញា ឆ្នាំ 2021» របាយការណ៍​ខាងលើ​បានឱ្យដឹង​ដូច្នេះ។

របាយការណ៍ បាន​យោងទៅតាម​អ្វីដែល​ក្រុម​អ្នកតំណាងរ​រាស្ត្រ​របស់​បក្ស​សាធារណរដ្ឋ​ហៅថា «ព័ត៌មាន​ថ្មី និង​កម្រ​ត្រូវ​បានប្រកាស» ស្ដីពី​ការរក្សា​អនាម័យ​នៅឯ​បន្ទប់ពិសោធន៍ WIV ក្នុងនោះ​រួមមាន​ទាំង​សំណើ​កាលពី​ខែកក្កដា ឆ្នាំ 2019 ទាក់ទិន​នឹង​ការកែលម្អ​ប្រព័ន្ធ​សម្អាត​កាកសំណល់​គ្រោះថ្នាក់ ដោយ​ប្រើប្រាស់​ថវិកា 1.5 លាន​ដុល្លារ បើទោះជា​វិទ្យាស្ថាន​នេះ​ទើបតែ​បើក​ដំណើរការ​មិនទាន់បាន 2 ឆ្នាំ​ក៏ដោយ។

លោក Mike McCaul

ក្រុម​ស៊ើបការណ៍​សម្ងាត់ អាមេរិក កាលពី​ខែមេសា បានឱ្យដឹងថា ពួកគេ​យល់ស្រប​ជាមួយនឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​និយាយថា វីរុស COVID-19 មិនមែនជា​ផលិតផល​របស់​មនុស្ស ឬ​ត្រូវបាន​កែប្រែ​ហ្សែ​ន។ ប្រធានាធិបតី Joe Biden កាលពី​ខែឧសភា ក៏បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​អ្នកស៊ើប​ការណ៍ តាមរក​ប្រភព​របស់​វីរុស និង​ធ្វើ​របាយការណ៍​ក្នុង​រយៈពេល 90 ថ្ងៃ។

អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បច្ចុប្បន្ន​មិនទាន់​សន្និដ្ឋានថា វីរុស​នេះ​មាន​ប្រភពពី​សត្វព្រៃ ឬ​រួច​ចេញពី​បន្ទប់ពិសោធន៍​នៅឡើយ។

ប្រទេស​ចិន បាន​ច្រានចោល​ការសន្និដ្ឋាន​ដែលថា COVID-19 រួច​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ក៏ដូចជា​ការចោទប្រកាន់​ដែលថា ចិន បាន​លាក់បាំង​អំពី​ប្រភព​របស់​វីរុស។ អ្នកស្រាវជ្រាវ​មួយចំនួន​យល់ថា វីរុស​នេះ មាន​ប្រភពពី​សត្វ​ដែល​អាច​ចម្លង​វីរុស​មក​មនុស្ស​នៅក្នុង​ផ្សារ​លក់​សត្វ​រស់​មួយ​នៅក្បែរ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​របស់​ទីក្រុង Wuhan៕

Advertisement