អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុស្អិតដូចលៀសសមុទ្រ ឃាត់ឈាមបានភ្លាមៗ និងអាចប្រើក្នុងការវះកាត់

កាវ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបតែ​បាន​អភិវឌ្ឍ​រួចរាល់ ដែលមាន​សមត្ថភាព​ជួយសង្គ្រោះ​ជីវិត​ទាហាន ជន​ដែល​ត្រូវគេ​ចាក់​នឹង​កាំបិត ឬ​ត្រូវ​រងរបួស​ក្នុង​គ្រោះថ្នាក់ផ្សេងៗ នេះ ត្រូវបាន​យោងទៅតាម​សារជាតិ​ស្អិត​របស់​សត្វ​លៀស​សមុទ្រ​មួយ​ប្រភេទ។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ Mayo និង​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) របស់​សហរដ្ឋអាមេរិក បង្កើតបាន​សារធាតុ​ឃាត់ឈាម​រហ័ស ដោយយោង​ទៅតាម​ជាតិ​ស្អិត​មាន​ប្រេង​ដែល​សត្វ​លៀស​សមុទ្រ goose barnacle បញ្ចេញ​មក ដើម្បី​សម្អាត​ផ្ទៃ​លើ ទប់ស្កាត់​សំណើម មុនពេល​តោង​ជាប់​នឹង​ថ្ម ឬ​កំណាត់ឈើ។ សមាសធាតុ​ដែល​ដូច​ទៅនឹង​ជ័រកាវ​នេះ តោង​ជាប់​នឹង​គ្នា ដូច​ឈាមកក​របស់​មនុស្ស។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 09 សីហា លើ​ទស្សនាវដ្ដី Nature Biomedical Engineering។

វេជ្ជបណ្ឌិត​ផ្នែក​វះកាត់ តែងតែ​ប្រើប្រាស់​ធាតុ​សិប្បនិម្មិត​ដើម្បី​ឃាត់ឈាម​អ្នកជំងឺ ប៉ុន្តែ ក្នុងករណី​លឿន​បំផុត ពួកគេ​ក៏​នៅតែ​ត្រូវ​ចំណាយពេល​រាប់​នាទី ដើម្បី​ឃាត់ឈាម​បានសម្រេច។ ក្នុងការ​ពិសោធ​លើស​ត្វ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សមាសធាតុ​ថ្មី​ដែល​ឃាត់ឈាម​បានសម្រេច ដោយ​ប្រើពេល​តែ 15 វិនាទី​ប៉ុណ្ណោះ មុនពេល​ដំណាក់កាល​នៃ​ការ​កកឈាម​កើតឡើង។

សត្វលៀស​សមុទ្រ​ប្រភេទ​ pelagic gooseneck barnacle តោង​យ៉ាង​ស្អិត​ទៅ​លើ​វត្ថុ​ដែល​ពួក​វា​ស្ថិត​នៅ​

អំពី​សត្វ​លៀស​សមុទ្រ goose barnacle ៖ ក្រោយពី​បញ្ចេញ​សារជាតិ​ស្អិត ពួកវា​បន្ត​បង្កើត​ប្រូតេអ៊ីន ជួយ​ឱ្យ​រាងកាយ​បន្ត​តោង​ជាប់​ទៅនឹង​ផ្ទៃ​របស់​វត្ថុ។ ដំណើរការ​នេះ​គឺ ដូច​ទៅនឹង​ដំណាក់​កាលដែល​បាន​កើតឡើង​នៅពេល​គេ​ប្រើប្រាស់​កាវ​ក្នុងការ​វះកាត់​សរីរាង្គ​ខាងក្នុង​របស់​មនុស្ស។

ជាតិ​ស្អិត​ថ្មី​នេះ មាន​ផ្ទុក​សារជាតិ​ប្រេង​មិន​ជ្រាប​ទឹក និង​សារជាតិ​ស្អិត​ជីវសាស្ត្រ។ នេះ​គឺជា​ប្រភេទ​ភាគល្អិត​នៃ​ជាតិ​ស្អិត​ដែល​ត​ភ្ជាប់​នឹង​គ្នា និង​តោង​ជាប់​លើ​ផ្ទៃ​របស់​វត្ថុ បន្ទាប់ពី​ជាតិ​ប្រេង​បាន​សម្អាត​កន្លែង​ដែល​វា​ស្ថិតនៅ។ សារធាតុ​ជីវសាស្ត្រ​ថ្មី​នេះ មាន​សមត្ថភាព​រំលាយ​ខ្លួនឯង​បន្តិចម្ដងៗ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ៕

Advertisement