អា​ហ្វ​ហ្គា​នី​ស្ថាន៖ ទស្សនា​សកម្មភាព ស្ត្រី​អ្នកយកព័ត៌មាន​របស់ CNN ចុះ​យក​ព័ត៌មាន​ពី តា​លី​បង់ និង​ពលរដ្ឋ ក្រោយ​ក្រុម​ឧទ្ទាម គ្រប់គ្រង​កា​ប៊ុល បាន 24 ម៉ោង (វីដេអូ)

Clarissa Ward អ្នកយកព័ត៌មាន របស់ទូរទស្សន៍ CNN

អ្នកយកព័ត៌មាន Clarissa Ward របស់​ទូរទស្សន៍ CNN ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សហរដ្ឋអាមេរិក បាន​សួរ​សមាជិក​មួយចំនួន​របស់​ក្រុម​តា​លី​បង់ និង​ពលរដ្ឋ​សាមញ្ញ​នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី​កា​ប៊ុល រយៈពេល 24 បន្ទាប់ពី តា​លី​បង់ បាន​ចូល​កាន់កាប់​រដ្ឋធានី។

ភ្លាមៗបន្ទាប់ពី​ចាកចេញ​ពី​ទីតាំង​ស្នាក់នៅ យើង​ឃើញច្បាស់​ថា អ្នកណា​ជា​អ្នកទទួលខុសត្រូវ។ ក្រុម​ប្រដាប់អាវុធ បានបង្ហាញ​ខ្លួន​គ្រប់​ទីកន្លែង​ក្នុង​រដ្ឋធានី។ ពួកគេ​ញញឹម​ដោយសារ​ទទួលបាន​ជ័យជំនះ ព្រោះ​បាន​កាន់កាប់​ទីក្រុង​ដែលមាន​ពលរដ្ឋ 6 លាន​នាក់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង និង​ស្ទើរតែ​មិនចាំបាច់​ផ្ទុះអាវុធ។

Clarissa Ward ៖ នេះ​គឺជា​ទិដ្ឋភាព​ដែល​ខ្ញុំ​មិន​នឹកស្មានថា​បាន​ជួបប្រទះ។ នេះ​ជា​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ ហើយ​នៅ​ខាងក្រោយ​គឺជា​ស្ថានទូត សហរដ្ឋអាមេរិក។ ទាហាន (តា​លី​បង់) មួយចំនួន ដែល​ប្រដាប់​ដោយ​អាវុធ​របស់ សហរដ្ឋអាមេរិក និយាយថា ពួកគេ​មក​ទីនេះ​ដើម្បី​ការពារ​ច្បាប់ និង​រក្សា​សណ្ដាប់ធ្នាប់។

មេបញ្ជាការ​ម្នាក់​របស់ តា​លី​បង់ បាន​ប្រាប់ថា៖ «គ្រប់យ៉ាង​ស្ថិតក្នុង​ការគ្រប់គ្រង គ្រប់យ៉ាង​នឹង​ពុំមាន​បញ្ហា​នោះទេ។ គ្រប់គ្នា​មិនបាច់​ព្រួយបារម្ភ​ឡើយ»។

Clarissa Ward ៖ «តើ​ពួកលោក ចង់​បញ្ជូន​សារ​អ្វីខ្លះ​ទៅកាន់ សហរដ្ឋអាមេរិក?»

មេបញ្ជាការ​ខាងលើ​និយាយថា៖ «អាមេរិក បាន​ចំណាយពេល​គ្រប់គ្រាន់​ហើយ​នៅក្នុង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ពួកគេ​ត្រូវ​ការចាកចេញ។ ពួកគេ​បាន​ខាតបង់​អាយុជីវិត និង​ប្រាក់កាស​ច្រើនណាស់»។

Clarissa Ward ៖ មនុស្សម្នា ចូលមក​ថតរូប​ជាមួយ​ពួកគេ (ទាហាន តា​លី​បង់)។ ពួកគេ​ស្រែកថា «ពួក អាមេរិកាំង ត្រូវតែ​ស្លាប់» ប៉ុន្តែ ទន្ទឹមនឹងនេះ ពួកគេ​ហាក់ដូច​ស្និទ្ធស្នាល ពិតជា​គួរឱ្យ​ចម្លែក។

Clarissa Ward ៖ គ្រប់កន្លែង​ដែល​ពួកយើង​បាន​ទៅដល់ ក្រុម តា​លី​បង់ ហាក់​សុទ្ធតែ​ចង់​និយាយ​ជាមួយ។ មនុស្ស​ជាច្រើន​មានការ​ភ័យខ្លាច​ថា តា​លី​បង់ អាច​វាយប្រហារ​សងសឹក​ចំពោះ​សមាជិក​នៃ​កងសន្តិសុខ (របស់​រដ្ឋាភិបាល)។

«ចាប់តាំងពី​ម្សិលមិញ យើង​បាន​បញ្ជាក់ថា ពុំមាន​បញ្ហា​អ្វី​កើតឡើង។ យើង​ធានា​ចំពោះ​គ្រប់គ្នា​ថា ពួកគេ​នឹងមាន​សុវត្ថិភាព» Mawlawi Akhundzada ដែលជា​មេបញ្ជាការ​ម្នាក់​របស់ តា​លី​បង់ និយាយ​ដូច្នេះ។ «យើង​ស្ដាប់​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ។ នៅពេល​បាន​សន្យា​ហើយ យើង​នឹង​គោរព​តាម»។

Clarissa Ward ៖ ការរក្សា​ច្បាប់ និង​សណ្ដាប់ធ្នាប់​គឺជា​អាទិភាព​កំពូល​នៅក្នុង​ការសន្យា។ ក្រុម តា​លី​បង់ ឈរ​យាម​ខ្លោងទ្វារ​នៃ​វិមាន​ប្រធានាធិបតី។ ពួកគេ​និយាយថា ពួកគេ​មក​ទីនេះ​ដើម្បី​ជំនួស​កន្លែង​ទំនេរ នៅពេល​ក្រុមមន្ត្រី​រដ្ឋាភិបាល បាន​រត់គេចខ្លួន។

Clarissa Ward ៖ ប៉ុន្តែ ឥរិយាបថ​ស្វាគមន៍ បានបញ្ចប់​ត្រឹមនេះ ហើយ​វត្តមាន​របស់ខ្ញុំ​ក៏​ចាប់ផ្ដើម​បង្កឱ្យមាន​ភាព​តានតឹង។ ពួកគេ​ឱ្យ​ខ្ញុំ​ឈរ​ទៅ​ម្ខាង ព្រោះតែ​ខ្ញុំ​ជា​ស្រី។

Clarissa Ward ៖ តា​លី​បង់ មិនទាន់​ប្រើប្រាស់​ច្បាស់​សាសនា​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​របស់ខ្លួន ប៉ុន្តែ មនុស្ស​ជាច្រើន​បាន​ត្រៀមខ្លួន​សម្រាប់​ប្រការនេះ។ អ្នក​អាច​មើលឃើញ​ហាង​ផាត់មុខ​នេះ និង​ហាង​ដទៃ ដែល​បាន​លាបថ្នាំ​ពណ៌​លើ​រូបភាព​របស់​ស្ត្រី​ដែល​មិន​បាំង​មុខ​នៅខាងមុខ​ហាង។

មេបញ្ជាការ​ម្នាក់​របស់ តា​លី​បង់ លោក Assad Massoud Khistani និយាយថា «ច្បាប់​សាសនា​អ៊ីស្លាម នឹង​ត្រូវបាន​អនុវត្ត​ជាសន្សឹម។

Assad Massoud Khistani

Clarissa Ward ៖ អស់លោក​នឹង​ការពារ​ស្ត្រី​ដោយ​របៀប​ណា? ព្រោះថា ស្ត្រី​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា នឹងមិន​បាន​ទៅ​សាលារៀន ឬ​ទៅ​ធ្វើការ។

Assad Massoud Khistani ៖ ស្ត្រី​អាច​បន្ត​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន ហើយ​យើង​នឹងមិន​ថា​អ្វី​នោះដែរ។ ពួកគេ​អាច​បន្ត​ការសិក្សា ប៉ុន្តែ ត្រូវ​ជួត​កន្សែង hijab របស់​សាសនា​អ៊ីស្លាម។

Clarissa Ward ៖ ដូច​កន្សែង​ដែល​ខ្ញុំ​ជួត​នេះដែរ មែន​ទេ?

Assad Massoud Khistani ៖ មិន​ដូច​របស់​អ្នក​ទេ ពួកគេ នឹងត្រូវ​បិទមុខ។

Clarissa Ward ៖ បិទមុខ?

Assad Massoud Khistani ៖ ត្រូវ​ហើយ។

Clarissa Ward ៖ លោក​ចង់​និយាយ​អំពី niqab?

Assad Massoud Khistani ៖ គឺ niqab។

Clarissa Ward ៖ ហេតុអ្វី​ពួកគេ​ត្រូវ​បិទមុខ?

Assad Massoud Khistani ៖ នេះ​គឺជា​ការកំណត់​របស់​សាសនា​អ៊ីស្លាម។

Clarissa Ward ៖ កាន់សាសនា​អ៊ីស្លាម​គឺ​ត្រូវ​ប្រើ​ឈ្នួត niqab?

Assad Massoud Khistani ៖ ពិតណាស់។ កាន់សាសនា​អ៊ីស្លាម​គឺ​ត្រូវតែ​អីចឹង។

ក្រុម​ តាលីបង់

Clarissa Ward ៖ ភាគច្រើន​នៃ​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​យើង​បាន​ជួប ពួកគេ​សុទ្ធតែ​មានការ​រន្ធត់ និង​ពិបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុងអំឡុង 24 ម៉ោង​កន្លង។

Clarissa Ward ៖ Fistula និយាយថា ឪពុក​របស់គាត់​គឺជា​ទាហាន​របស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន និង​បាន​ស្លាប់​នៅ​រដូវក្ដៅ​ឆ្នាំនេះ ហើយ​គាត់​មិនដឹងថា ត្រូវធ្វើ​យ៉ាងណា។

Fistula ៖ កាលពី​ម្សិលមិញ ខ្ញុំ​បាន​បាត់បង់​គ្រប់យ៉ាង ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុវត្ថិភាព​ទេ ពេល​នៅទីនេះ។

Clarissa Ward ៖ លោក​ខ្លាច?

ពលរដ្ឋ​មួយ​ចំនួន​ដែល​ Clarissa Ward បាន​ជួប

Fistula ៖ ពិតណាស់ ខ្ញុំ​ភ័យខ្លាច ខ្ញុំ​បាត់បង់​ឪពុក ហើយ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​នៅឯ​ខេត្ត Logar កាលពី​ខែ​មុន។

Clarissa Ward ៖ សោកស្ដាយ​ណាស់​ដែល​បានឮ​រឿងនេះ។

Fistula ៖ នៅតែ​ខ្ញុំ និង​ប្អូនស្រី​របស់ខ្ញុំ យើង​នៅផ្ទះ ហើយ​នេះ​ជា​មូល​ហេតុដែល​យើង​ភ័យខ្លាច​អ្វីដែល​នឹង​កើតឡើងឆាប់ៗនេះ។ នោះ​គឺជា​បញ្ហា​ធំ​មួយ​សម្រាប់​ពួកយើង។

Clarissa Ward ៖ នេះ​គឺជា​អារម្មណ៍​ដែល​មនុស្ស​ជាច្រើន​កំពុង​ជួបប្រទះ។ ដើរ​តាម​ដងផ្លូវ គេ​មាន​អារម្មណ៍​ថា បញ្ហា​ពិតប្រាកដ​គឺ​មិន​ស្ថិតនៅលើ​អ្នក​ដែល​ដើរ​តាម​ដងផ្លូវ​នោះទេ។ ពួកគេ​ទាំងនោះ (អ្នក​នៅក្នុង​ផ្ទះ) ភ័យខ្លាច​ខ្លាំង​ក្នុងការ​ចេញពីផ្ទះ។ រង់ចាំ​មើលថា តើ​ថ្ងៃស្អែក​នឹង​ទៅជា​យ៉ាងណា…

Advertisement