តា​លី​បង់ ប្រមូល​ទាហាន ឆ្ពោះទៅ​វាយប្រហារ​មូលដ្ឋានទ័ព Panjshir របស់​ក្រុម​ដែល​មិន​ព្រម​ចុះចាញ់

ក្រុមទាហាន​ តាលីបង់ នៅ​ កាប៊ុល កាល​ពី​ថ្ងៃទី 19 សីហា​ 2021

ក្រុម តា​លី​បង់ បានប្រកាសថា ទាហាន​រាប់រយ​នាក់​របស់ខ្លួន កំពុង​ឆ្ពោះទៅកាន់​ជ្រលង​ភ្នំ Panjshir ជាទី​ដែល​អតីតមន្ត្រី​យោធា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​បង្កើត​ចលនា​ប្រឆាំង តា​លី​បង់។

«ក្រុម មូ​ចា​ហ៊ី​ឌី​ន (ជា​ក្រុម​ប្រយុទ្ធ​ដើម្បី​សាសនា​អ៊ីស្លាម) រាប់រយ​នាក់ របស់​រដ្ឋ​អ៊ីស្លាម​អេ​មី​រ៉ា​ត​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ឆ្ពោះទៅកាន់ Panjshir ដើម្បី​ដណ្ដើម​កាន់កាប់​ជ្រលង​ភ្នំ បន្ទាប់ពី​ក្រុមមន្ត្រី​មូលដ្ឋាន មិន​ព្រម​ប្រគល់​អំណាច​ដោយ​សន្តិវិធី» តា​លី​បង់ បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ Twitter កាលពី​ថ្ងៃទី 22 សីហា។ មូ​ចា​ហ៊ី​ឌី​ន (Mujahideen) គឺជា​ពាក្យ​ដែល តា​លី​បង់ ប្រើប្រាស់ សំដៅលើ​ទាហាន​ខ្លួន។

ចាប់តាំងពី តាលីបង់ បានគ្រប់គ្រង អាហ្វហ្គានីស្ថាន គេឃើញមានចលនាប្រឆាំងនានា កំពុងផ្ទុះឡើង នៅពេលទាហានរបស់រដ្ឋាភិបាលដែលបានដួលរលំ ប្រមូលផ្ដុំគ្នានៅជ្រលងភ្នំ Panjshir ជាទីតាំងដែលត្រូវបានគេហៅថា មូលដ្ឋានប្រឆាំងនឹង តាលីបង់។ លោក Amrullah Sahel អតីតអនុប្រធានាធិបតី អាហ្វហ្គានីស្ថាន ក៏បានប្រកាសបង្កើតចលនាប្រឆាំងនឹង តាលីបង់ នៅជ្រលងភ្នំនេះផងដែរ។

លោក Ahmad Massoud អតីតរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ អាហ្វហ្គានីស្ថាន ជាអ្នកប្រយុទ្ធចុងក្រោយដែលនៅប្រឆាំងនឹង តាលីបង់ បានឱ្យដឹងថា ពួកគេសង្ឃឹមថា អាចចរចាដោយសន្តិភាព ប៉ុន្តែ បញ្ជាក់ថា កងកម្លាំងរបស់ខ្លួននៅ Panjshir បានត្រៀមប្រយុទ្ធរួចរាល់ហើយ។

«យើងចង់ប្រាប់ តាលីបង់ ឱ្យដឹងថា ផ្លូវដែលត្រូវដើរបន្តគឺ ការចរចា។ យើងមិនចង់បង្កើតសង្គ្រាម» Ahmad Massoud ថ្លែងដូច្នេះ។ កងកម្លាំងរបស់ Massoud រួមមាន ក្រុមទាហាននៃកងទ័ពរដ្ឋាភិបាល និងកម្លាំងពិសេស របស់ អាហ្វហ្កានីស្ថាន រួមទាំងកងជីវពលក្នុងតំបន់ផងដែរ។

ជ្រលងភ្នំ​ Panjshir

Ahmad Massoud គឺជាកូនប្រុសរបស់ Ahmad Shah Massoud ជាមេបញ្ជាការម្នាក់ក្នុងចំណោមមេដឹកនាំសំខាន់ៗរបស់សម្ព័ន្ធយោធាខាងជើង ដែលធ្លាប់ប្រឈមមុខជាមួយ តាលីបង់ រហូតដល់ឆ្នាំ 2001។ Ahmad Massoud អះអាងថា អ្នកគាំទ្ររបស់លោក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រយុទ្ធ បើសិទ្ធជា តាលីបង់ ព្យាយាមចូលមកគ្រប់គ្រងជ្រលងភ្នំ Panjshir។

យ៉ាងនេះក្ដី មិនទាន់ច្បាស់ថា យុទ្ធនាការចូលដណ្ដើមកាន់កាប់ Panjshir របស់ តាលីបង់ បានចាប់ផ្ដើមហើយ ឬនៅ។ មន្ត្រី តាលីបង់ ម្នាក់ និយាយថា តាលីបង់ បានចេញបញ្ជាឱ្យវាយប្រហារ ខណៈដែលជំនួយការម្នាក់របស់ Massoud ឱ្យដឹងថា មិនទាន់មានសញ្ញាបង្ហាញថា ក្រុមប្រដាប់អាវុធ តាលីបង់ ឆ្លងកាត់ផ្លូវនៅលើភ្នំដើម្បីចូលទៅកាន់ជ្រលងភ្នំ ហើយក៏មិនទាន់មានរបាយការណ៍ស្ដីពីការប្រយុទ្ធគ្នានៅឡើយដែរ។

Masoud ប្រកាសថា មិនធ្វើការវាយប្រហារដោយប្រើប្រាស់កងជីវពលក្នុងតំបន់នេះ ប៉ុន្តែ បានអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលពេញលេញមួយនៅ កាប៊ុល ដែលតំណាងឱ្យគ្រប់ជាតិសាសន៍ របស់ អាហ្វហ្គានីស្ថាន។

តាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី 15 សីហា ដោយស្ទើរតែមិនមានការប្រយុទ្ធគ្នា បន្ទាប់ពី សហរដ្ឋ​អាមេរិក ដកទ័ពចេញពី អាហ្វហ្គានីស្ថាន ទៅតាមបំណងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden ក្រោយ​រយៈ​ពេល 20 ឆ្នាំ ដែលពួកគេមានវត្តមាននៅប្រទេសនេះ៕

Advertisement