តា​លី​បង់ ចេញ​បទបញ្ជា បង្ខំ​ឱ្យ​ស្ត្រី​គោរព​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​តឹងរ៉ឹង

ស្ត្រី​ជនជាតិ​ អាហ្វហ្គានីស្ថាន​ ម្នាក់ នៅ​លើ​ដង​ផ្លូវ​ក្នុង​រដ្ឋធានីកាប៊ុល កាល​ពី​ថ្ងៃទី 5 កញ្ញា​

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​កាន់អំណាច តា​លី​បង់ បានស្នើ​ឱ្យ​នារី​ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ​ឯកជន ប្រើប្រាស់​កន្សែង niqab បិទមុខ​ទុក​តែ​ភ្នែក ហើយ​សិ​ក្ស​ប្រុស និង​សិស្សស្រី ត្រូវ​រៀន​ក្នុង​បន្ទប់​ដាច់ដោយឡែក​ពីគ្នា។

បទបញ្ជា​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ចុង​សប្ដាហ៍​មុន បាន​ហាម​មិនឱ្យ​សិស្ស​ប្រុស-ស្រី រៀន​ក្នុង​បន្ទប់​រួមគ្នា ឬ​យ៉ាងហោច​ក៏ត្រូវ​មាន​វាំងនន​ឃាំង​សិស្ស​ប្រុស និង​សិស្សស្រី​ដាច់ដោយឡែក។

គ្រូបង្រៀន​នៅក្នុង​ថ្នាក់រៀន​ដែលមាន​សិស្សស្រី គឺ​ត្រូវតែ​ជា​អ្នកគ្រូ ឬ​លោកគ្រូ​ដែលមាន​វ័យ​ចំណាស់​ប្រកបដោយ «ភាពចាស់ទុំ» ក្នុងករណី​ខ្វះ​គ្រូបង្រៀន។

ស្ត្រី​អាហ្វហ្គានីស្ថាន​ ក្នុង​សម័យ​ តាលីបង់​ (1996-2001)

ក្នុង​បទបញ្ជា​នោះ សិស្សស្រី​ត្រូវតែ​ចេញពី​ថ្នាក់រៀន​មុន​សិស្ស​ប្រុស 5 នាទី ចៀសវាង​ជួប​មុខ​គ្នា​ពេលចេញ​ក្រៅ។ សិស្សស្រី​ត្រូវតែ​អង្គុយ​រង់ចាំ​នៅក្នុង​បន្ទប់​រង់ចាំ រហូតដល់​សិស្ស​ប្រុស​ចេញ​អស់ពី​សាលារៀន។

សាស្ត្រា​ច​រ្យ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា៖ «ជាក់ស្ដែង នោះ​គឺជា​បទបញ្ជា​ដែល​បង្ក​ការលំបាក​ច្រើន។ យើង​មិនមាន​គ្រូបង្រៀន និង​បន្ទប់រៀន​គ្រប់គ្រាន់​ដើម្បី​បែងចែក​សិស្ស​ប្រុស និង​សិស្សស្រី»។ ប៉ុន្តែ សាស្ត្រាចារ្យ​រូបនេះ​បន្ថែមថា ការដែល តា​លី​បង់ អនុញ្ញាតឱ្យ​ស្ត្រីភេទ​ទៅ​សាលារៀន​គឺជា «ជំហាន​ល្អ​មួយ»។

ក្នុងអំឡុងពេល​កាន់អំណាច ចាប់ពី​ឆ្នាំ 1996 ដល់ 2001 តា​លី​បង់ បាន​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដ៏​តឹងរ៉ឹង ដោយ​បង្ខំ​ឱ្យ​ស្ត្រី​ត្រូវ​បិទមុខ មិន​អនុញ្ញាតឱ្យ​ស្ត្រី​ទៅ​រៀន និង​មិនឱ្យ​ចេញទៅ​ខាងក្រៅ​ផ្ទះ​បើសិន​មិនមាន​ញាតិ​ជា​បុរស​ដើរ​ជាមួយ។ ប៉ុន្តែ ពេលនេះ តា​លី​បង់ បាន​អះអាងថា នឹង​ផ្លាស់ប្ដូរ ហើយ​សន្យាថា​គោរព​សិទ្ធិ​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម បើទោះជា​មនុស្ស​ជាច្រើន​នៅតែ​មិន​ទុក​ចិត្តនឹង​ការសន្យា​នេះ។

ស្ត្រី​ អាហ្វហ្កានីស្ថាន​ ក្នុង​សម័យ​គាំទ្រ​ដោយ​ សហរដ្ឋ​អាមេរិក​ មាន​សិទ្ធិ​ស្ទើរ​តែ​គ្រប់​យ៉ាង​ក្នុង​ការ​ងារ​សង្គម​ និង​ការ​រស់​នៅ​

មុនពេល តា​លី​បង់ បាន​ឡើងកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 15 សីហា ក្នុងអំឡុង 20 ឆ្នាំ​កន្លង អត្រា​នៃ​ការចូល​សិក្សា​នៅ​មហាវិទ្យាល័យ​នៃ​ប្រទេស​នេះ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ពិសេស​គឺ​សិស្ស​ជា​ស្ត្រីភេទ។ ក្នុងអំឡុង អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្រោម​ការគាំទ្រ​រប​ស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ស្ត្រី​នៅ​ប្រទេស​នេះ​ក៏មាន​សិទ្ធិ​ចូលរួម​ការស្រាវជ្រាវ និង​ចូលរួម​កិច្ចពិភាក្សា​នានា​ជាមួយ​មិត្ត​រួមការ​ងារ​ជា​បុរស​ផងដែរ៕

Advertisement