កងទ័ព ហ្គី​ណេ ប្រកាសថា «រដ្ឋប្រហារ​យោធា ត្រូវបាន​រំលត់»

ក្រុម​បះបោរ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ បាន​ឡើង​ទូរទស្សន៍​ប្រកាស​រំលាយ​រដ្ឋាភិបាល​

ប្រទេស​ហ្គី​ណេ៖ ក្រសួងការពារជាតិ ហ្គី​ណេ ប្រកាសថា ការវាយប្រហារ​ចូល​គ្រប់គ្រង​វិមាន​ប្រធានាធិបតី ពី​សំណាក់​កងកម្លាំង​បះបោរ ត្រូវបាន​កម្ចាត់​រួចហើយ។

សារព័ត៌មាន Al Jazeera បាន​រាយការណ៍​ថា ក្រុម​យោធាបះបោរ​​ដែល​​បាន​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​រំសាយ៖ «កងកម្លាំង​ការពារ​ប្រធានាធិបតី ដែល​ទទួលបាន​ការគាំទ្រ​ពី​កងកម្លាំង​ការពារជាតិ និង​ក្រុម​សន្តិសុខ​ដែលមាន​ភក្ដីភាព បាន​ទប់ស្កាត់​ការគំរាមកំហែង និង​រុញច្រាន​ក្រុម​រដ្ឋប្រហារ»។

យោងតាម​ក្រសួងការពារជាតិ ហ្គី​ណេ កងទ័ព​ប្រទេស​នេះ​កំពុងតែ​អនុវត្ត «សកម្មភាព​ធានា​សន្តិសុខ ស្ការ​ស្ថិរភាព និង​សន្តិភាព»។ ក្រសួង​នេះ​បាន​បញ្ជាក់ថា ខ្លួន​កំពុង​គ្រប់គ្រង​ស្ថានការណ៍។ ក្រសួងការពារជាតិ​កំពុង​ដាក់ពង្រាយ​ទាហាន​នៅ​ទីក្រុង Conakry និង​ចេញ​បទបញ្ជា​ហាម​មិនឱ្យ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ។

ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​ណាមួយ​កំពុង​គ្រប់គ្រង​ប្រទេស​នៅ អាហ្វ្រិក​ខាងលិច​នេះ​​នៅ​ឡើយ។ មុន​នោះ វីដេអូ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញថា វិមាន​ប្រធានាធិបតី Alpha Conde ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី Conde រួម​ជាមួយនឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់ ត្រូវបាន​ចាប់ខ្លួន។

ប្រធានាធិបតី​ Alpha Conde

ប៉ុន្តែ ប្រភពព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា ប្រធានាធិបតី Alpha Conde នៅមាន​សុវត្ថិភាព​នៅឡើយ។ កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី Alpha Conde ក្រោយមក​ក៏បាន​ចាប់ខ្លួន​ទាហាន 25 នាក់​ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​យោធា។

រដ្ឋប្រហារ​យោធា​នេះ ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី 5 កញ្ញា ដោយ​កងកម្លាំង​ពិសេស​របស់​កងទ័ព ហ្គី​ណេ ក្រោម​ការដឹកនាំ​របស់​វរសេនីយឯក Mamady Doubouya។ ក្រោយ​រដ្ឋប្រហារ ក្រុម​បះបោរ​បានប្រកាស​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា រដ្ឋាភិបាល​ត្រូវបាន​រំសាយ ចំណែក​រដ្ឋធម្មនុញ្ញ​ក៏ត្រូវ​បាន​រំលាយ ព្រមទាំង​បានចេញ​បម្រាម​គោចរ​ទូទាំងប្រទេស «រហូតដល់​មាន​ប្រកាស​ថ្មី»។ កងកម្លាំង​រដ្ឋប្រហារ​ក៏បាន​ឱ្យដឹងថា នឹង​កោះហៅ​រដ្ឋមន្ត្រី​នានា និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ដទៃទៀត នៅ​ថ្ងៃទី 6 កញ្ញា​នេះ។

វរសេនីយឯក Mamady Doumbouya និយាយថា សកម្មភាព​រដ្ឋប្រហារ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​ប្រទេស ហ្គី​ណេ ដោយ​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​នៅ​ប្រទេស​ដែលមាន​ប្រជាជន​ជាង 12.7 លាន​នាក់​នេះ នៅតែ​មិន​រីកចម្រើន ចាប់តាំងពី​ដណ្ដើមបាន​ឯករាជ្យ​ពី​បារាំង កាលពី​ឆ្នាំ 1958៕

Advertisement