យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល វាយប្រហារ​លើ​តំបន់ ហ្គា​ហ្សា ទៀតហើយ

អ៊ីស្រាអែល​ វាយ​ប្រហារ​លើ​តំបន់​ ហ្គាហ្សា កាល​ពី​ថ្ងៃទី 13 ឧសភា​ ឆ្នាំ​ 2021

អ៊ីស្រាអែល ប្រកាសថា បាន​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​ផលិត​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស នៃ​ចលា​នា ប៉ា​លេ​ស្ទី​ន បន្ទាប់ពី​កងជីវពល​នេះ​បង្ហោះ​ប៉ោង​ប៉ោង​បំពាក់​ជាតិ​ផ្ទុះ​ចូលទៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល។

ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាសថា កងទ័ព​ប្រទេស​នេះ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ជាច្រើន ក្នុងនោះ​មាន​ទាំង​មូលដ្ឋាន​អភិវឌ្ឍ​រ៉ុក្កែត​របស់​ក្រុម​ប្រដាប់អាវុធ ហា​ម៉ាស នៅ​ទីក្រុង Khan Younis ក្នុង​តំបន់ ហ្គា​ហ្សា កាលពី​យប់​ថ្ងៃទី 6 កញ្ញា និង​បាន​បន្ថែមថា នេះ​គឺជា​ការសង​សឹក​ទៅនឹង​ករណី​បង្ហោះ​ប៉ោង​ប៉ោង​ភ្ជាប់​ជាតិ​ផ្ទុះ​បង្ក​អគ្គិភ័យ​ចំនួន​បី​លើក​ទៅលើ​តំបន់​ភាគខាងត្បូង​រប​ស់ អ៊ីស្រាអែល។

វីដេអូ​ក្នុង​បណ្ដាញ​សង្គម​បង្ហាញថា ករណី​ផ្ទុះ​ជាច្រើន រួម​ជាមួយនឹង​អណ្ដាតភ្លើង បានកើត​ឡើង​ដោយសារ​ការបាញ់ប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។ សាក្សី​មួយចំនួន​និយាយថា ស្របពេលនោះ​ក៏មាន​សំឡេង​កាំភ្លើង​ធំ​បន្លឺឡើង ទំនងជា​បាញ់​សំដៅ​យន្តហោះ​ចម្បាំង​ដែល​កំពុង​ហោះ​ពីលើ​តំបន់ ហ្គា​ហ្សា។

អ៊ីស្រាអែល បាន​វាយប្រហារ​តាម​អាកាស​ជាច្រើនលើក​ទៅលើ​តំបន់ ហ្គា​ហ្សា រាប់​ចាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ ហា​ម៉ាស ក្រោយ​ការប្រយុទ្ធ​គ្នា 11 ថ្ងៃ ដែល​បាន​បណ្ដាលឱ្យ​ជនជាតិ​ប៉ា​លេ​ស្ទី​ន 260 និង​ជនជាតិ​អ៊ីស្រាអែល 13 បាន​ស្លាប់​កាលពី​ខែឧសភា។

មូលហេតុ​ដែលនាំឱ្យ អ៊ីស្រាអែល បើក​ការវាយប្រហារ​សងសឹក ត្រូវបាន អ៊ីស្រាអែល អះអាងថា មកពី​ការ​បង្ហោះ​ប៉ោង​ប៉ោង​ដែលមាន​ភ្ជាប់​ជាតិ​ផ្ទុះ និង​ការបាញ់​រ៉ុក្កែត ចូល​ទឹកដី អ៊ីស្រាអែល ពី​សំណាក់​កងជីវពល ហា​ម៉ាស៕

Advertisement