ក្រុម​រដ្ឋប្រហារ​យោធា បង្ហើប​ឱ្យដឹង​ទីតាំង​ឃុំខ្លួន​ប្រធានាធិបតី ហ្គី​ណេ 

មេដឹកនាំ​រដ្ឋប្រហារ​ និង​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​របស់​ ហ្គីណេ លោក​វរសេនីយ​ឯក Mamady Doumbouya

ហ្គី​ណេ៖ មេដឹកនាំ​កងទ័ព​រដ្ឋប្រហារ បានឱ្យដឹងថា ក្រុម​នេះ​កំពុង​ឃុំខ្លួន​ប្រធានាធិបតី​ដែល​ត្រូវបាន​ទម្លាក់​ពី​អំណាច Alpha Conde នៅក្នុង​ពន្ធនាគារ​យោធា។

ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី 5 កញ្ញា ប្រធានាធិបតី​ប្រទេស​ហ្គី​ណេ លោក Alpha Conde មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ និង​ពុំទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា កំពុងស្ថិត​នៅទីណា​ឱ្យ​ប្រាកដ​នៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​រូបថត​របស់លោក Conde ក្នុង​សម្លៀកបំពាក់​អាវ​សាមី ខៅ​ខូវប៊យ អង្គុយ​លើ​កៅអី​សា​ឡុង ខណៈ​នៅ​ជុំវិញ​គឺជា​ក្រុម​ប្រដាប់អាវុធ។ Doumbouya មេដឹកនាំ​រដ្ឋប្រហារ និង​ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា ពួកគេ​កំពុង​ឃុំខ្លួន Conde។

កងកម្លាំង​រដ្ឋប្រហារ​បានឱ្យដឹងថា ប្រធានាធិបតី Conde កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​យោធា នេះ​បើតាម​សារព័ត៌មាន Guardian ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 6 កញ្ញា។ ក្រៅពី​លោក Conde កម្លាំង​រដ្ឋប្រហារ​ក៏បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ហ្គី​ណេ ជាច្រើនរូប​ផងដែរ។

ប្រធានាធិបតី​ ហ្គីណេ លោក​ Alpha Conde និង​កង​កម្លាំង​ប្រដាប់​អាវុធ

Doumbouya កាលពី​ថ្ងៃទី 5 កញ្ញា បានប្រកាស​រំលាយ​រដ្ឋធម្មនុញ្ញ រំលាយ​រដ្ឋាភិបាល បិទ​ព្រំដែន និង​ដាក់​បម្រាម​គោចរ 24 ម៉ោង។ អ្នកទោសនយោបាយ​ទាំងអស់​នឹងត្រូវ​បាន​ដោះលែង ហើយ​ដំណើរការ​នៃ​ប្រគល់​អំណាច​ដែល​អូសបន្លាយ 18 ខែ នឹងត្រូវ​បានចាប់ផ្ដើម ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈកម្មការ​ផ្សះផ្សា និង​អភិវឌ្ឍ​ជាតិ​ថ្មី។

«បើសិនជា​ប្រជាជន​ត្រូវ​ក្រុមអ្នកមានអំណាច​កៀបសង្កត់ កងទ័ព​ត្រូវតែ​ចេញមុខ​ផ្ដល់​សេរីភាព​ដល់​ប្រជាជន» វរសេនីយឯក Doumbouya សង្កត់ធ្ងន់​ដូច្នេះ។

មេដឹកនាំ​កងកម្លាំង​រដ្ឋប្រហារ កាលពី​ថ្ងៃទី 6 កញ្ញា បាន​កោះហៅ​រដ្ឋមន្ត្រី និង​មេដឹកនាំ​ស្ថាប័ន​ទាំងឡាយ​របស់​រដ្ឋាភិបាល​ចាស់​មក​ចូលរួម​ប្រជុំ ហើយ​បាន​ព្រមាន​ដល់​អ្នក​ដែល​មិនបាន​ចូលរួម​ថា នឹងត្រូវ​បាន​ចោទ​ពីបទ «បះបោរ»។ នៅក្នុង​កិច្ចប្រជុំ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ប្រកាសថា អតីតរដ្ឋមន្ត្រី​ទាំងអស់​មិនត្រូវ​បានកំណត់​ជា​គោលដៅ​នោះទេ ប៉ុន្តែ ត្រូវប្រគល់​មធ្យោបាយ​ទាំងអស់​របស់​រដ្ឋាភិបាល និង​មិនត្រូវ​ចាក​ចេញពី​ប្រទេស ពេល​មិនទាន់មាន​ការអនុញ្ញាត។

ប្រធានាធិបតី​ ហ្គីណេ លោក​ Alpha Conde និង​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping

ហ្គី​ណេ គឺជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​ពិភពលោក បើទោះជា​មាន​ធនធានធម្មជាតិ​សម្បូរបែប។ ប្រទេស​នេះ កំពុង​ជួប​វិបត្តិ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ។ រដ្ឋប្រហារ​យោធា​ថ្មី​បំផុត បានធ្វើឱ្យ​ក្រឡាប់ចាក់​អំណាច​របស់​ប្រធានាធិបតី Conde ដែល​បាន​គ្រប់គ្រង​ប្រទេស​រយៈពេល 11 ឆ្នាំ​មកនេះ។

ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នេះ។ «អំពើហិង្សា និង​ច្បាប់​ទាំងឡាយណា​ក្រៅពី​រដ្ឋធម្មនុញ្ញ សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​ក្ដីសង្ឃឹម​ដែលថា ហ្គី​ណេ នឹង​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​រីកចម្រើន» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក Ned Price និយាយ​ដូច្នេះ និង​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​គោរព​ច្បាប់។

សហភាព​អាហ្វ្រិក និង​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី Conde។ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច (Economic Community of West African States) បាន​គំរាមថា​នឹងដាក់​ទណ្ឌកម្ម បើសិន ហ្គី​ណេ មិន​ស្ការ​រដ្ឋធម្មនុញ្ញ​ឡើងវិញ៕

Advertisement