មេដឹកនាំ​កំពូល​បង្អស់​របស់ តា​លី​បង់ ស្នើឱ្យ​រក្សា​ច្បាស់ សារីអះ (Sharia)

អ្នកនាំពាក្យរបស់ តាលីបង់ លោក Zabihullah Mujahid

មេបញ្ជាការ​កំពូល​ដ៏​អាថ៌កំបាំង​របស់ តា​លី​បង់ ស្នើឱ្យ​រដ្ឋាភិបាល​ថ្មី រក្សា​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដែល​នេះ​គឺជា​សារ​ដំបូង​របស់​មេដឹកនាំ​រូបនេះ រាប់​ចាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ។

«ខ្ញុំ​ធានា​ចំពោះ​ប្រជាជន​គ្រប់រូប​ថា អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​នៅក្នុង​រដ្ឋាភិបាល នឹង​ប្រឹងប្រែង​ធ្វើការ​ដើម្បី​រក្សា​វិន័យ និង​ច្បាប់ Sharia ក្នុងប្រទេស» លោក Hibatullah Akhundzada មេ​បញ្ជា​កំពូល​របស់ តា​លី​បង់ ដែល​មិន​ធ្លាប់បាន​បង្ហាញខ្លួន​ជា​សាធារណៈ បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី 7 កញ្ញា។

មេដឹកនាំ​រូបនេះ​បាន​ប្រាប់​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន ថា រដ្ឋាភិបាល​ថ្មី នឹង​ធានា «សន្តិភាព សម្បូរ​សប្បាយ និង​រីកចម្រើន​យូរអង្វែង» និង​បាន​អំពាវនាវ​ដល់​គ្រប់គ្នា​ថា «មិនគួរ​ចាកចេញ​ពី​ប្រទេស»។

«រដ្ឋ​អ៊ីស្លាម​នៃ អា​ហ្វ​ហ្គា​នី​ស្ថាន (Islamic Emirate of Afghanistan) ពុំមាន​បញ្ហា​អ្វី​ជាមួយ​អ្នកណា​ឡើយ។ គ្រប់គ្នា​នឹងចូលរួម​ស្ដារ​របប និង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ។ តាមរយៈ​វិធី​នេះ យើង​នឹង​កសាង​ប្រទេសជាតិ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម» លោក Hibatullah Akhundzada ថ្លែង​ដូច្នេះ។

កន្លងមក សកម្ម​ភាពជា​សាធារណៈ​របស់ Hibatullah Akhundzada ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ដោយមាន​កម្រិត​ត្រឹម​ការចេញ​សារ​នៅក្នុង​ថ្ងៃបុណ្យធំៗរបស់​សាសនា​អ៊ីស្លាម ប៉ុន្តែ តា​លី​បង់ បានឱ្យដឹង​អំពី​ទីកន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​រូបនេះ បន្ទាប់ពី​ក្រុម​ប្រដាប់អាវុធ​នេះ​បាន​កាន់កាប់​អំណាច។ អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid ឱ្យដឹងថា មេដឹកនាំ​របស់ តា​លី​បង់ កំពុងស្ថិត​នៅឯ Kandahar ជាទី​ក្រុង​ធំ​ទី​ពីរ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​អ្នកនាំពាក្យ​មួយរូប​ផ្សេងទៀត​បាន​និយាយថា លោក​នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នាពេលឆាប់ៗនេះ។

តា​លី​បង់ កាលពី​ថ្ងៃទី 7 កញ្ញា បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែលមាន​លោក Mullah Mohammad Hasan Akhund ជា​នាយករដ្ឋមន្ត្រី។ តំណែង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុទ្ធតែជា​ក្រុម​មេដឹកនាំ​យូរ​ឆ្នាំ​របស់ តា​លី​បង់។

តា​លី​បង់ ដណ្ដើមបាន​អំណាច​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ កាលពី​ខែ​មុន និង​បាន​សន្យាថា នឹង​បង្កើត​រដ្ឋាភិបាល «សមាហរណកម្ម» ដែល​តំណាងឱ្យ​ប្រជាជាតិ​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ បច្ចុប្បន្ន តា​លី​បង់ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន រួមទាំង​វិបត្តិ​ហិរញ្ញវត្ថុ និង​មនុស្សធម៌​ផងដែរ៕

Advertisement