ច្បាប់​សាសនា​អ៊ីស្លាមដ៏តឹងរ៉ឹង​ សារី​អះ (Sharia) គឺជា​អ្វី បានជា​ពិភពលោក​ព្រួយបារម្ភ នៅពេល តា​លី​បង់ ស្នើឱ្យ​អនុវត្ត​ច្បាប់​នេះ?

ចាប់តាំងពី​រដ្ឋធានី​កា​ប៊ុល និង អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងមូល បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុម តា​លី​បង់ ដែលជា​កងកម្លាំង​ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ការអនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម សារី​អះ ដ៏​មហា​តឹងរ៉ឹង ក្នុងអំឡុង​កាន់អំណាច​ពី​ឆ្នាំ 1996 ដល់ 2001 ពិភពលោក ពិសេស​គឺ​ស្ត្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មានការ​ភ័យ​បារម្ភ​ជា​ពន់ពេក។

ច្បាប់ សារី​អះ គឺជា​ប្រព័ន្ធ​វិន័យ​របស់​សាសនា​អ៊ីស្លាម។ ច្បាប់​នេះ​មាន​ប្រភពពី​គម្ពីរ Koran និង Fatwa។ សារី​អះ (Sharia) មានន័យ​ត្រង់​ថា «ផ្លូវលំ​ច្បាស់លាស់ នាំទៅ​កាន់​ភាព​ស្អាតស្អំ»។

ច្បាប់ សារី​អះ ដើរ​តូ​នាទី​ដូច​ទៅនឹង​គោលការណ៍​រស់នៅ​ប្រចាំថ្ងៃ​ដែល​អ៊ីស្លាម​សាសនិក​ត្រូវតែ​គោរព​តាម រួមមាន​ទាំង​ការថ្វាយ​បង្គំ​ព្រះ តម​អាហារ និង​បរិច្ចាគ​ទាន​ដល់​អ្នកក្រីក្រ។ វិន័យ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ឱ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម យល់​អំពី​វិធី​ដែល​ពួកគេ​គួរ​ដឹកនាំ​ជីវភាព​ទៅតាម​បំណង​របស់​ព្រះ​អាល់​ឡោះ។

សារី​អះ មាន​អត្ថន័យ​យ៉ាងណា​នៅក្នុង​ភាពជាក់ស្ដែង?

សារី​អះ អាច​បញ្ជូន​សារ​ពី​ព្រះ​នៅក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវភាព​ប្រចាំថ្ងៃ ទៅឱ្យ​អ៊ីស្លាម​សាសនិក។ ឧទាហរណ៍៖ អ្នក​កាន់សាសនា​អ៊ីស្លាម​ម្នាក់ មិនដឹង​ត្រូវធ្វើ​យ៉ាងណា នៅពេល​ត្រូវបាន​មិត្ត​រួមការ​ងារ​អញ្ជើញ​ទៅ​ហាង​ស្រា​ក្រោយ​ម៉ោង​ធ្វើការ អ្នកនោះ​អាច​ទៅរក​អាចារ្យ​ផ្នែក​វិន័យ សារី​អះ ដើម្បី​សុំ​យោបល់ ក្នុង​បំណង​ធានាថា សកម្មភាព​ដែល​ខ្លួន​នឹងធ្វើ នឹង​នៅតែ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​សាសនា​របស់​ពួកគេ។

អ៊ីស្លាម​សាសនិក អាច​សុំ​យោបល់​ពី​អាចារ្យ​វិន័យ សារី​អះ ដើម្បី​ណែនាំ​អំពី​វិស័យ​នានា រួមទាំង​ការរស់នៅ​ក្នុង​គ្រួសារ ហិរញ្ញវត្ថុ និង​ជំនួញ​ផងដែរ។

ទណ្ឌកម្ម​របស់​ច្បាប់ សារី​អះ មាន​អ្វីខ្លះ?

ច្បាប់ សារី​អះ បែងចែក​ទោសទណ្ឌ​ជា​ពីរ​ប្រភេទ។ ទីមួយ​គឺ ទោស «hadd» ជា​ទោស​ធ្ងន់ធ្ងរ​ដែល​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ដែល​បានកំណត់​ជាស្រេច។ ទី​ពីរ​គឺ​ទោស «tazir» ជា​ទោស​ដែល​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ទៅតាម​ការសម្រេច​របស់​ចៅក្រម។

ការ​ដាក់​ទណ្ឌកម្ម​ដោយ​ការវាយ​នឹង​រំពាត់​លើ​ស្ត្រី​មូស្លីម​ នៅ​ក្នុង​ប្រទេស​មួយចំនួន​

សកម្មភាព​ដែល​ត្រូវបាន​កំណត់ថា​ជាប់ទោស​ប្រភេទ​ទីមួយ (hadd) រួមមាន ការឆក់ប្លន់ (អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល) និង​ទោស​សហាយស្មន់ ដែល​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​ការ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាម (ប្រហារជីវិត)។

យ៉ាងនេះ​ក្ដី តាម​ជាក់ស្ដែង ច្បាប់​នេះ​ពុំ​ត្រូវបាន​ប្រទេស​ទាំងអស់​ដែល​កាន់សាសនា​អ៊ីស្លាម អនុវត្តតាម​ទាំងស្រុង​នោះទេ។ ក៏ប៉ុន្តែ មាន​ក្រុម​ប្រដាប់អាវុធ​មួយចំនួន បាន​ប្រើប្រាស់​ច្បាប់​នេះ និង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៀតផង ពិសេស​គឺ តា​លី​បង់។

ហេតុអ្វី​បានជា​វិន័យ សារី​អះ ក្លាយជា​ច្បាប់​ដ៏​គួរឱ្យខ្លាច នៅពេល​ត្រូវបាន​អនុវត្ត​ដោយ ក្រុម​តា​លី​បង់?

ក្នុងអំឡុង​ឆ្នាំ 1996 ដល់​ឆ្នាំ 2001 តា​លី​បង់ បាន​អនុវត្ត​ច្បាប់ សារី​អះ។ ពួកគេ​បាន​ហាម​ប្រជាជន​មិនឱ្យ​ទទួលទាន​សាច់ជ្រូក និង​ផឹកស្រា។ តន្ត្រី ទូរទស្សន៍ ភាពយន្ត និង​អ៊ី​ន​ធើ​ណិ​ត ក៏ដូចជា​ទម្រង់​នានា​នៃ​សិល្បៈ ដូចជា​គំនូរ ឬ​ការថតរូប​ជាដើម ក៏​ត្រូវបាន​ហាមឃាត់។

ស្ត្រី​ត្រូវបាន​ហាម​មិនឱ្យ​ចេញទៅ​ធ្វើការ ចំណែក​ក្មេងស្រី​ក៏ត្រូវ​ហាម​មិន​ឱ្យទៅ​សាលារៀន។ ស្ត្រី​ត្រូវគេ​តម្រូវ​ឱ្យទៅ​ទស្សនា​ពិធី purdah (ពិធីបង្ហាញ​អំពី​ទំនៀម​ទម្លាប់​របស់​ស្ត្រី​​ នៅ​ក្នុង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​ មួយ​ចំនួន​) ហើយ​រាល់ពេល​ចេញទៅ​ខាងក្រៅ​គឺ​ត្រូវតែមាន​បុរស​ជា​ញាតិ​ទៅជា​មួយ។ អ្នក​ដែល​រំលោភ​លើ​វិន័យ​នេះ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម។

ក្រុម​ប្រដាប់​អាវុធ​ តាលីបង់ កាល​ពី​ទើប​ចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល

ចំណែកឯ​បុរស​វិញ ក៏ត្រូវ​ហាម​មិនឱ្យ​កោរពុកមាត់ ពុកចង្កា ដោយ​ត្រូវ​ទុក​វា​ឱ្យ​វែង និង​ត្រូវ​ស្លៀកពាក់​ឈុត turban ពេល​ចេញទៅ​ក្រៅ។ សកម្មភាព​ថ្វាយបង្គំ​ព្រះ​គឺជា​តួនាទី​ដែល​ត្រូវតែ​ធ្វើ ហើយ​អ្នក​ដែល​មិន​គោរព​តាម​តួនាទី​នេះ​នឹង​ត្រូវបាន​ចាប់ខ្លួន។

ចំពោះ​ទោស​ដូចជា ការ​លួច​ប្លន់​វិញ ការដាក់ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល នៅតែ​ត្រូវបាន តា​លី​បង់ អនុវត្ត។ ចំណែក​ស្ត្រី​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​សហាយស្មន់ ទណ្ឌកម្ម​ដែល​ត្រូវ​ទទួល​នោះ​គឺ​ការប្រហារជីវិត​ដោយ​គប់​នឹង​ដុំថ្ម ឬ​ព្យួរ​ក។ ទាំងនេះ​គឺជា​ការកំណត់​នៅក្នុង​ច្បាប់​អ៊ីស្លាម សារី​អះ ហើយ​មានតែ តា​លី​បង់ និង​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន។ មុននេះ នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ តា​លី​បង់ ច្បាប់​នេះ​នៅតែ​ត្រូវបាន​អនុវត្ត។

ដោយសារតែ តា​លី​បង់ ធ្លាប់បាន​អនុវត្ត​ច្បាប់ សារី​អះ ដ៏​មហា​តឹងតែង​នេះហើយ ទើប​នៅពេល​កងកម្លាំង​នេះ​ត្រលប់មក​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិញ មនុស្ស​ជាច្រើន​បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង ពិសេស​គឺ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី និង​កុមារី៕

Advertisement