តា​លី​បង់ វាយតប់​ក្រុម​ស្ត្រី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល

អាជ្ញាធរ​ តាលីបង់ កំពុង​តាមដាន​ក្រុម​ស្ត្រី​ជា​បាតុករ

អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ ប្រើប្រាស់​រំពាត់ ដំបង វាយ​ទៅលើ​ក្រុម​ស្ត្រី​ដែល​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល ដើម្បី​ជំទាស់​ទៅនឹង​រដ្ឋាភិបាលបណ្ដោះអាសន្ន​ដែលមាន​សុទ្ធតែ​បុរស។

ហេតុការណ៍​បានកើត​ឡើង​នៅពេល​ក្រុម​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន នាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 8 កញ្ញា និង​បាននាំគ្នា​ស្រែកថា «ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន​ម៉ឺន​ឆ្នាំ»។ បាតុករ​ខ្លះ​កាន់​បដា​ដែល​សរសេរថា «ពុំមាន​រដ្ឋាភិបាល​ណា​ដែល​បដិសេធ​វត្តមាន​របស់​ស្ត្រី»។

បាតុករ​មួយចំនួន​ក៏បាន​លើក​រូបថត​ស្ត្រី​ជា​នគរបាល​មួយរូប​កំពុងមាន​ផ្ទៃពោះ ដែល​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ខេត្ត Ghor កាលពី​ប៉ុន្មាន​ថ្ងៃមុន​ផងដែរ។

«យើង​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​ប្រកាស​កាលពីពេលថ្មីៗនេះ​អំពី​អាជ្ញាធរ​ដែល​មិនមាន​វត្តមាន​របស់​ស្ត្រី» បាតុករ​ម្នាក់​និយាយ​ដូច្នេះ។ នាង​និយាយថា បាតុករ​មួយចំនួន ត្រូវបាន​គេ​វាយ​នឹង​រំពាត់។ «ពួកគេ​ប្រាប់​ឱ្យ​យើង​ត្រលប់​ទៅផ្ទះ និង​ទទួលស្គាល់​រដ្ឋាភិបាល​នេះ។ ហេតុអ្វី​យើង​ត្រូវ​ទទួលស្គាល់ នៅពេលដែល​វា​មិន​ផ្ដល់​សិទ្ធិ និង​ពុំមាន​វត្តមាន​របស់​យើង​ជា​ស្ត្រី»។

សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា អាជ្ញាធរ តា​លី​បង់ ក៏បាន​វាយតប់​អ្នកកាសែត​មួយចំនួន​ដែល​រាយការណ៍​អំពី​បាតុកម្ម​នេះ។ មនុស្ស​ម្នាក់​និយាយថា នារី​វ័យ 16 ឆ្នាំ​ម្នាក់ កំពុងធ្វើដំណើរ​ទៅ​សាលារៀន «ត្រូវបាន​ចាប់​ចូល​ផ្ទះ និង​វាយដំ​យ៉ាងធ្ងន់ធ្ងរ»។

បាតុករ​ម្នាក់​និយាយថា តា​លី​បង់ បាន​បង្ហាញថា «ពួកគេ​មិនអាច​ផ្លាស់ប្ដូរ» សារជាតិ​ដើម​របស់​ពួកគេ។

នេះ​គឺជា​បាតុកម្ម​ថ្មី​បំផុត​របស់​សកម្មជន​ស្ត្រី ដើម្បី​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​អាជ្ញាធរ តា​លី​បង់។ មុន​នោះ​មួយថ្ងៃ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​បានចេញ​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​នៅ កា​ប៊ុល រាប់​ចាប់ពី​ពេល តា​លី​បង់ បាន​សម្រុកចូល​កាន់កា​ប់​ទីក្រុង​កាលពី​ខែ​មុន។

តា​លី​បង់ ពុំទាន់​បាន​បញ្ចេញមតិ​អ្វី​អំពី​បាតុកម្ម​កាលពី​ថ្ងៃទី 8 កញ្ញា។ កងកម្លាំង​នេះ កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដែលមាន​សមាជិក​សុទ្ធតែជា​បុរស ក្នុងនោះ​ភាគច្រើន​គឺជា​មេដឹកនាំ​ដែល​ធ្លាប់​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ទសវត្សរ៍ 1990៕

Advertisement