ទីក្រុង​បាងកក គ្រោង​នឹង​បើកទ្វារ​ទទួល​ទេសចរ ចាប់ពី​ខែក្រោយ

រាជធានី​បាងកក

ប្រទេស​ថៃ មាន​ផែនការ​បើកទ្វារ​រាជធានី​បាងកក និង​តំបន់​មួយចំនួន ដើម្បី​ទទួលភ្ញៀវ​បរទេស​ចាប់ពី​ខែតុលា ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង COVID-19 ថ្មី ប្រហែលជា​បាន​ឡើងដល់​ចំនុចកំពូល​រួចហើយ។

អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ថៃ ថានក​ន វ៉ាង​ប៊ុន​គង់​ចាន់ (Thankorn Wangboonkongchan) កាលពី​ថ្ងៃទី 9 កញ្ញា បានឱ្យដឹងថា រាជធានី​បាងកក រួម​នឹង ហួ​ហ៊ី​ន ប៉ា​តៃ​យ៉ា និង ឈៀង​ម៉ៃ នឹង​ស្ថិតក្នុង​កម្មវិធី​បើកទ្វារ​ទទួល​ទេសចរ​បរទេស​ទាំងឡាយ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 រួចរាល់ និង​សន្យាថា នឹងធ្វើ​តេស្ត​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​អ្នកទេសចរ។

ក៏ប៉ុន្តែ ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក យុ​ត្ថា​សាក់ ស៊ុ​ប៉ា​សន (Yuthasak Supasorn) សង្កត់ធ្ងន់ថា ទីក្រុង​បាងកក នឹង​បើកទ្វារ​តែមួយ​ផ្នែក​ប៉ុណ្ណោះ ដោយ​ចាប់ផ្ដើម​ពី​តំបន់​ទេសចរណ៍សំខាន់។ លោក​ថ្លែងថា អាជ្ញាធរ​បានដាក់​គោលដៅ​ទទួល​អ្នក​ទេសចរណ៍​ឱ្យបាន 1 លាន​នាក់​នៅក្នុង​ឆ្នាំនេះ។ តួលេខ​នេះ​កាលពី​ឆ្នាំ 2019 គឺ​ជិត 40 លាន​នាក់។

ប្រទេសថៃ ចាក់វ៉ាក់សាំង COVID-19 ជូនពលរដ្ឋទូទាំងប្រទេសបាន 15% ខណៈនៅទីក្រុងបាងកក តួលេខនេះគឺ 34%

ប្រទេស​ថៃ កាលពី​ថ្ងៃទី 9 កញ្ញា បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ចំនួន 16,031 នាក់ និង 220 នាក់​បាន​ស្លាប់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់ 1,338,550 នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ 13,731 នាក់។

បច្ចុប្បន្ន ប្រទេស​ថៃ ចាក់​វ៉ាក់សាំង COVID-19 ជូន​ពលរដ្ឋ​ទូទាំងប្រទេស​បាន 15% ខណៈ​នៅ​ទីក្រុង​បាងកក តួលេខ​នេះ​គឺ 34%៕

Advertisement