(វីដេអូ)-«បុរស​ធ្លាក់​ពី​អគារ​ពាណិជ្ជកម្ម​ពិភពលោក» កាលពី​ឆ្នាំ 2001 នៅតែ​ជា​រូបភាព​រន្ធត់​បំផុត​នៃ​ហេតុការណ៍​ភេរវកម្ម ថ្ងៃទី 11 កញ្ញា

រូបភាព​ដែល​ថត​បាន​ដោយ​លោក Richard Drew មកពី​ទីភ្នាក់ងារសារព័ត៌មាន អាមេរិក AP (Associated Press) ដែល​បង្ហាញ​អំពី​បុរស​ម្នាក់​ធ្លាក់​ពី​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center) នៅ​ទីក្រុង​នី​វ​យ៉​ក បាន​ក្លាយជា​រូបភាព​រន្ធត់​បំផុត​នៅក្នុង​អំពើ​ភេរវកម្ម​នៅ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001។

បុរស​ដែល​ធ្លាក់…

ខ្ញុំ​ធ្វើដំណើរ​តាម​រថភ្លើង​ក្រោម​ដី ពីតំបន់ Times Square ទៅកាន់​ផ្លូវ Chamber ហើយ​ក៏​បាន​ឈប់​នៅមុខ​អគារ​ពាណិជ្ជកម្ម​ពិភពលោក។ អ្វីដែល​ខ្ញុំ​បានឃើញ​មុនដំបូង​បង្អស់​គឺ​ផ្សែង និង​អណ្ដាតភ្លើង​បាញ់​ចេញពី​អគារ​ចំនួន​ពីរ។

ខ្ញុំ​ក៏​ចាប់ផ្ដើម​ថតរូប។ ពេល​ខ្ញុំ​កំពុង​ថត​អគារ​ដែល​កំពុង​ឆេះ ស្រាប់តែ​បុគ្គលិក​សុខាភិបាល​ម្នាក់​ស្រែក​ឡើង «ព្រះ​អឺយ មើល​នោះ»។ ខ្ញុំ​ក៏​លើក​ម៉ាស៊ីនថតរូប​ឡើង ថត​មនុស្ស​ដែល​កំពុង​ធ្លាក់។ រូប​ដែល​ខ្ញុំ​ថត​បាន ក្រោយមក​ក៏ត្រូវ​បានដាក់​ឈ្មោះថា «បុរស​ដែល​ធ្លាក់»។

រូបភាព​ដ៏​ស្ងប់ស្ងាត់ និង​មិន​ដូច​ទៅនឹង​រូបភាព​ដ៏​សាហាវ​នៃ​សោកនាដកម្ម​ដទៃ។ ពុំមាន​ឈាម ពុំមាន​អ្នកណាម្នាក់​ត្រូវបាន​គេ​បាញ់ប្រហារ។ ប៉ុន្តែ ពេល​មើល​ទៅលើ​រូបថត​នេះ អ្នកណា​ក៏​ស្រមៃ​ឃើញថា ខ្លួន​ហាក់​កំពុង​ស្ថិតនៅ​ទីនោះ។ ពួកគេ​អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​នេះ នៅពេល​ត្រូវធ្វើ​ការសម្រេចចិត្ត​ដូច​ទៅនឹង​បុរស​នៅក្នុង​រូបថត។

ថ្ងៃនោះ ប្រទេស​របស់​យើង​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ភេរ​វករ ហើយ​យើង​ត្រូវ​ជួបនឹង​រូបភាព​នៃ​ពលរដ្ឋ​របស់​យើង​បាត់បង់​ជីវិត។ រូបថត (បុរស​ដែល​ធ្លាក់) នេះ បង្ហាញ​អំពី​បុរស​ម្នាក់​នៅក្នុង​ចំណោម​នោះ។

រហូតមកដល់​បច្ចុប្បន្ន គេ​នៅតែ​មិនទាន់​ដឹង​អំពី​អត្តសញ្ញាណ​របស់​បុរស​ដែល​ធ្លាក់​នោះ។ បុរស​នោះ​អាចជា​បុគ្គលិក​ភោជនីយដ្ឋាន Windows on the World នៅលើ​អគារ​ខាងជើង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក៕

Advertisement