ក្មេងស្រី​អាយុ​ទើបតែ​មួយឆ្នាំ ត្រូវគេ​លួច​ចាប់​យកទៅ «បូជាយញ្ញ» នៅឯ​ល្អាង​ភ្នំ

ប្រទេស​ថៃ៖ ក្មេងស្រី​ម្នាក់ អាយុ 1 ឆ្នាំ ឈ្មោះ Pornsiri Wongsilarung ត្រូវបាន​សង្គ្រោះ​ជីវិត​ទាន់ពេល បន្ទាប់ពី​ត្រូវបាន​ជនល្មើស​ចាប់ យកទៅ​កាន់​រូងភ្នំ ឈៀង​ម៉ៃ (Chiang Mai) និង​ទុកចោល​រយៈពេល 3 ថ្ងៃ ដើម្បី «បូជាយញ្ញ» ជូន​វិញ្ញាណ​បិសាច។

កុមារី Wongsilarung ឬ​ហៅថា Gina ត្រូវបាន​ចាប់ជំរិត​នៅពេល​កំពុង​លេង​នៅ​ខាងក្រៅ​ផ្ទះ នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី 5 កញ្ញា។ ជនល្មើស​មានឈ្មោះ​ថា Siew អាយុ 44 ឆ្នាំ ជា​ពលករ​មកពី​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) ហើយក៏​ជា​មិត្ត​របស់​ឱ​ពុក Gina។

កុមារីរងគ្រោះ

បន្ទាប់ពី​បាន​ចាប់ Gina ជនដៃដល់ Siew បាន​ទុក​កុមារី​នេះ​នៅឯ​រូងភ្នំ​ដែលមាន​ចម្ងាយ 3 គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ Gina ហើយ​បណ្ដោយឱ្យ​នាង​នៅ​ម្នាក់ឯង​រយៈពេល 3 យប់។ Siew សារភាព​អំពី​សកម្មភាព​នេះ ប៉ុន្តែ​និយាយថា ខ្លួន​ត្រូវ «វិញ្ញាណ​អាទិទេព​ចូល​សណ្ឋិត »។

«វិញ្ញាណ​អាទិទេព​ក្នុងព្រៃ បាន​ប្រាប់​ឱ្យ​ខ្ញុំ​រក​កូនក្មេង​ម្នាក់​មក​បូជាយញ្ញ​ឱ្យ​វិញ្ញាណ​របស់​ព្រាយ​បិសាច ដូច្នេះ ខ្ញុំ​ក៏​បី Gina ទៅ​ដាក់​នៅមុខ​ច្រក​ល្អាង​ភ្នំ។ ខ្ញុំ​មិនបាន​សម្លាប់​ក្មេង​នេះ​ទេ» Siew សារភាព​ប្រាប់​សមត្ថកិច្ច។

កន្លែង​កើត​ហេតុ

ប៉ូលិស បុគ្គលិក​សង្គ្រោះបន្ទាន់ រួម​នឹង​អ្នកស្ម័គ្រចិត្ត​ជាង 200 នាក់ ត្រូវបាន​បញ្ជូន​ទៅរក​កុមារី​រងគ្រោះ​នៅក្នុង​ភូមិ និង​នៅក្នុង​ព្រៃ​ក្បែរ​ទីតាំង​ក្មេងស្រី​បាត់​ខ្លួន។ ក្រុម​សុនក​ជំនាញ យន្តហោះ​ដ្រូ​ន និង​ក្រុម​អ្នក​មុជទឹក​ក៏ត្រូវ​បាន​បញ្ជូន​ទៅរក Gina។

រហូតដល់​ថ្ងៃទី 8 កញ្ញា កុមារី​រងគ្រោះ​ត្រូវបាន​រកឃើញ​នៅខាងមុខ​រូងភ្នំ។ នៅលើ​ខ្លួន​មានតែ​អាវ​មួយគត់ ហើយ​ត្រូវ​សត្វល្អិត​ខាំ​គ្រប់កន្លែង និង​មាន​សភាព​អស់កម្លាំង​រលីង។ ប៉ុន្តែ នៅពេល​បានឃើញ​ក្រុម​អ្នក​សង្គ្រោះ កុមារី​សើច​សប្បាយរីករាយ។ Gina ភ្លាមនោះ​ក៏ត្រូវ​បាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។

ម្ដាយ​របស់​កុមារី​រង​គ្រោះ

«ខ្ញុំ​បាន​បួងសួង​ទាំង​ថ្ងៃ ទាំងយប់ ដើម្បីឱ្យ​កូន​អាច​ត្រលប់មក​ផ្ទះ​ដោយ​សុវត្ថិភាព។ ខ្ញុំ​រំភើប​ណាស់​ពេល​បានឃើញ​កូន​នៅមាន​ជីវិត។ ខ្ញុំ​អាច​បូជាជីវិត​ផ្ទាល់ខ្លួន​ដើម្បី​បានឃើញ​កូន​ត្រលប់មក​ដោយ​សេចក្ដីសុខ» Malee Pasee អាយុ 23 ឆ្នាំ ដែលជា​ម្ដាយ​របស់ Gina ថ្លែង​ដូច្នេះ។

ជន​ល្មើស

ប៉ូលិស​ឱ្យដឹងថា ដំបូង​ជនជាប់ចោទ Siew មិន​ព្រម​សហការ និង​គ្រាន់តែ​សារភាព​អំពី​សកម្មភាព​លួច​ចាប់ Gina ក្រោយពី​ត្រូវបាន​សួរចម្លើយ​ពេញ​មួយ​យប់។ ជននេះ​ក៏ត្រូវ​បាន​ប៉ូលិស​សង្ស័យថា​មាន​បញ្ហា​សុខភាព និង​រង​ផលប៉ះពាល់​ពី​​គ្រឿង​ញៀន៕

Advertisement