តា​លី​បង់ ដណ្ដើម​តំណែង​គ្នា​! ថ្នាក់​លើ​ឈ្លោះ​​ប្រកែក​គ្នា​ ថ្នាក់​ក្រោម​វាយតប់​គ្នា​នៅឯ​​វិមាន​ប្រធានាធិបតី

ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​របស់​ តាលីបង់

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​ជាន់ខ្ពស់ តា​លី​បង់ បានឱ្យដឹងថា ការ​វាយតប់​គ្នា​ដ៏​ធំ​មួយ​បានកើត​ឡើង​រវាង​សមាជិក​របស់​ក្រុម​នេះ ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី។

ប្រភពព័ត៌មាន​ពី តា​លី​បង់ កាលពី​ថ្ងៃទី 14 កញ្ញា បានឱ្យដឹងថា សហ​ស្ថាបនិក​ក្រុម លោក Abdul Ghani Baradar និង Khalil ur-Rahman Haqqani រដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ទទួលបន្ទុក​ជនភៀសខ្លួន ដែលជា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បណ្ដាញ Haqqani (សាខា​ប្រដាប់អាវុធ​សំខាន់​របស់ តា​លី​បង់) បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំងក្លា ខណៈដែល​ថ្នាក់ក្រោម​របស់​ពួកគេ លោត​ចូល​ប្រវាយប្រតប់​គ្នា។

សមាជិក​ជាន់ខ្ពស់​ម្នាក់​របស់ តា​លី​បង់ នៅ​ប្រទេស​កាតា និង​ប្រភពព័ត៌មាន​មួយទៀត​ក៏បាន​បញ្ជាក់ថា ការឈ្លោះទាស់ទែង​គ្នា​ខាងលើ រវាង​ក្រុម​មេដឹកនាំ តា​លី​បង់ បាន​កើតឡើង​កាលពី​ចុង​សប្ដាហ៍​មុន។ ប្រភពព័ត៌មាន​នានា​ឱ្យដឹងថា មូលហេតុ​គឺ​ដោយសារ​ឧបនាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន Baradar មិន​ពេញ​ចិត្តនឹង​រចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល តា​លី​បង់។

សហស្ថាបនិកក្រុម លោក Abdul Ghani Baradar

ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​នេះ​ត្រូវបាន​គេ​ជឿថា បានចាប់ផ្ដើម​ចេញពី​ការបែកបាក់​ផ្ទៃក្នុង ជុំវិញ​បញ្ហា​ដែលថា សមាជិក​ណាខ្លះ​ត្រូវ​ទទួលបាន​តំណែង បន្ទាប់ពី​ក្រុម​នេះ​បាន​ឡើង​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន។ Baradar យល់ថា ក្រុមមនុស្ស​ដែល​បានធ្វើ​សកម្មភាព​ការទូត​ដូចជា​ថ្នាក់ក្រោម​របស់លោក ត្រូវតែ​ទទួលបាន​ចំណាប់អារម្មណ៍ ខណៈដែល​សមាជិក​នៃ​បណ្ដាញ Haqqani និង​អ្នកគាំទ្រ​និយាយថា តា​លី​បង់ ដណ្ដើមបាន​ជ័យជំនះ​តាមរយៈ​ការប្រយុទ្ធ។

Baradar គឺជា​មេដឹកនាំ តា​លី​បង់ ដំបូង​គេ​ដែល​បាន​ចរចា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ដែល​កាលណោះ​គឺ​លោក Donald Trump។ មុន​នោះ Baradar ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង Doha ស្ដីពី​ការដក​ទ័ព​របស់ អាម៉េរិក ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

ចំណែកឯ​បណ្ដាញ Haqqani វិញ មាន​ជាប់ទាក់ទង​នឹង​ការវាយប្រហារ​ភេរវកម្ម​មួយចំនួន​សំដៅលើ​កងទ័ព អា​ហ្វ​ហ្កា​នី​ស្ថាន និង​សម្ព័ន្ធមិត្ត ក្នុងអំឡុង​ច្រើន​ឆ្នាំ​មកនេះ។ សហរដ្ឋ​អាម៉េរិក ចាត់ទុក​បណ្ដាញ Haqqani ជា​អង្គការ​ភេរវកម្ម។ Sirajuddin Haqqani ដែលជា​មេដឹកនាំ​បណ្ដាញ​នេះ គឺជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្ដោះអាសន្ន​នៅក្នុង​រដ្ឋាភិបាល​អន្តរ​កាល​របស់ តា​លី​បង់។

Khalil ur-Rahman Haqqani រដ្ឋមន្ត្រីបណ្ដោះអាសន្នទទួលបន្ទុកជនភៀសខ្លួន

ជម្លោះ​រវាង​ក្រុម​ទាំងពីរ​ខាងលើ​បាន​កើតឡើង​មុនពេល Baradar បាត់​ខ្លួន​ពី​ទីសាធារណៈ។ មនុស្ស​មួយចំនួន​យល់ថា Baradar ប្រហែលជា​បាន​ស្លាប់។ ប៉ុន្តែ ប្រភពព័ត៌មាន​ពី តា​លី​បង់ និយាយថា Baradar បាន​ចាក​ចេញពី​រដ្ឋធានី​កា​ប៊ុល ទៅកាន់​ទីក្រុង កាន​ដា​ហារ បន្ទាប់ពី​មាន​ជម្លោះ​កើតឡើង។ កាលពី​ថ្ងៃទី 13 កញ្ញា Baradar ឱ្យដឹងថា លោក​ទៅ​បំពេញបេសកកម្ម​ឆ្ងាយ និង​អះអាងថា លោក​ពុំមាន​បញ្ហា​អ្វី​នោះទេ បើទោះជា​ស្ថិតនៅ​ទីណា​ក៏ដោយ។

តា​លី​បង់ បាន​បញ្ជាក់ថា មិនមាន​ករណី​ឈ្លោះប្រកែក​គ្នា ឬ​វាយតប់​គ្នា​នោះទេ ហើយ Baradar នៅតែមាន​សុវត្ថិភាព ប៉ុន្តែ​បានលើកឡើង​នូវ​ការប្រកាស​ផ្ទុយគ្នា​ស្ដីអំពី​សកម្មភាព​របស់​សហ​ស្ថាបនិក​របស់​ក្រុម​នេះ។ អ្នកនាំពាក្យ​ម្នាក់​បានឱ្យដឹងថា Baradar ទៅកាន់ កាន​ដា​ហារ ដើម្បី​ជួប​មេដឹកនាំ តា​លី​បង់ Hibatullah Akhundzada ប៉ុន្តែ​ក្រោយមក​បែរជា​និយាយថា Baradar «ហត់នឿយ និង​ចង់​សម្រាក​បន្តិច»៕

Advertisement