ទារកអាយុ 3 ខែ និងកុមារីអាយុ 5 ឆ្នាំ ត្រូវគេប្លុងចោលនៅព្រំដែន អាម៉េរិក ដោយសង្ឃឹមថា បានរស់នៅលើទឹកដីនេះ

(សហរដ្ឋ​អាម៉េរិក)-ទាហាន​ការពារ​ព្រំដែន​នៅ​រដ្ឋ Texas បាន​ប្រទះ​ទើ​ញ​កុមារី​ម្នាក់​អាយុ 2 ឆ្នាំ អង្គុយ​ក្បែរ​ប្អូនប្រុស​របស់ខ្លួន​ដែលមាន​អាយុ 3 ខែ នៅក្រោម​គុម្ពោធ​ព្រៃ ហើយ​នៅក្បែរនោះ​គឺជា​លិខិត​មួយ​សន្លឹក។

ក្នុងពេល​ល្បាត​នៅឯ​ទន្លេ​ជាប់​ព្រំដែន Rio Grande ដែល​ខណ្ឌ​ចែក សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 14 កញ្ញា បុគ្គលិក​គយ និង​កម្លាំង​ការពារ​ព្រំដែន​របស់ អាម៉េរិក (CBP) បាន​ប្រទះឃើញ​សញ្ញា​មិន​ប្រក្រតី​នៅ​មាត់ទន្លេ។ ពេល​ទៅ​ក្បែរ ពួកគេ​បានឃើញ​កុមារី​ម្នាក់​ពាក់អាវ​ពណ៌​លឿង ខោ​ពណ៌​ផ្កាឈូក អង្គុយ​ក្បែរ​កូន​គ្រែ​យួរដៃ​របស់​ទារក​តូច​ម្នាក់។

ជន​អន្តោប្រវេសន៍​ កំពុង​ឆ្លង​ដែន​ពី​ ម៉ិកស៊ិក ចូល​ សហរដ្ឋ​អាមេរិក​ ត្រង់​តំបន់​ Rio Grande​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ 2021

លិខិត​មួយ​សន្លឹក​នៅក្បែរនោះ បានឱ្យដឹងថា កុមារី​អាយុ​ 2 ​ឆ្នាំ និង​ទារក​អាយុ 3 ខែ​នេះ​គឺជា​បងប្អូន​បង្កើត មកពី ហុង​ឌូ​រ៉ា​ស។ ក្រុម​ទាហាន​ការពារ​ព្រំដែន​បាន​ស្វែងរក​មនុស្ស​នៅ​ជុំវិញ​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​ឃើញ​អ្នកណាម្នាក់​ឡើយ។ ក្មេង​ទាំងពីរ​នាក់​នេះ ត្រូវបាន​នាំទៅ​កន្លែង​សុវត្ថិភាព និង​មិនចាំបាច់​ត្រូវ​ចូល​ពេទ្យ។

នេះ​គឺជា​ករណី​ថ្មី​បំផុត​ដែល​កុមារ​ត្រូវបាន​គេ​យកទៅ​ប្លុង​ចោល​នៅ​ព្រំដែន ដោយ​សង្ឃឹមថា ទាហាន​ព្រំដែន​របស់ អាម៉េរិក នឹង​បានឃើញ និង​ទទួលយក​ពួកគេ រួច​ដោះស្រាយ​បញ្ហា​លិខិតស្នាម ហើយ​ប្រគល់​ក្មេង​ទាំងនេះ​មកឱ្យ​អាណាព្យាបាល ដែល​ភាគច្រើន​គឺជា​ឪពុក ម្ដាយ ឬ​សាច់ញាតិ​របស់​ក្មេង ដែល​ពួកគេ​កំពុងស្ថិត​នៅក្នុង​ទឹកដី អាម៉េរិក។

ជនអន្តោប្រវេសន៍​ កំពុង​រត់​ឡើង​ច្រាំង​ទន្លេ Rio Grande ក្នុង​តំបន់ Penitas រដ្ឋ​ Texas កាល​ពី​ខែ​មីនា​ ឆ្នាំ​ 2021

កាលពី​ខែឧសភា CBP បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញថា កុមារី​តូច​ម្នាក់ អាយុ 5 ឆ្នាំ ដើរ​អណ្ដែតត្រសែត​ម្នាក់ឯង បន្ទាប់ពី​ត្រូវគេ​ប្រាប់​ឱ្យ​ដើរ​ឆ្លង​ព្រំដែន។

ក្រុម​អន្តោប្រវេសន៍​ នាំ​គ្នា​រត់​ឆ្លង​ដែន​ ពី​ ម៉ិកស៊ិក ចូល​ទឹក​ អាម៉េរិក ត្រង់​តំបន់​​ទន្លេ Rio Grande កាល​ពី​ខែ​ឧសភា ឆ្នាំ​ 2019

កាលពី​ខែសីហា កម្លាំង​ការពារ​ព្រំដែន សហរដ្ឋ​អាម៉េរិក ក៏បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ចំពោះ​កុមារ​ចំនួន 834 នាក់ ដែលជា​ក្រុម​អន្តោប្រវេសន៍​ឆ្លងដែន​ដោយ​មិនមាន​មនុស្ស​ចាស់​ដើរ​ជាមួយ។ នៅក្នុង​ខែសីហា ឆ្នាំ 2021 កុមារ​អន្តោប្រវេសន៍​ដែល​ពុំមាន​មនុស្ស​ចាស់​ដើរ​ជាមួយ សរុប​ប្រមាណ 18,847 នាក់ បាន​ឆ្លងដែន​ចូល​ទឹកដី អាម៉េរិក ប៉ុន្តែ តួលេខ​នេះ​បាន​ថយចុះ​បន្តិច បើ​ធៀប​នឹង​ខែកក្កដា៕

Advertisement