ផ្ទុះ​ភ្នំភ្លើង Otake នៅ​លើ​កោះ​ធំ Suwanose ! ជប៉ុន ប្រកាសអាសន្ន

អាជ្ញាធរ​ប្រទេស​ជប៉ុន បានចេញ​សេចក្ដី​ព្រមាន បន្ទាប់ពី​ភ្នំភ្លើង​នៅ​ភាគ​និរតី​ប្រទេស​នេះ ផ្ទុះ បណ្ដាលឱ្យ​ក​ម្អែ​ភ្នំភ្លើង ក៏ដូចជា​ដុំថ្ម​ភ្លើងធំៗ ត្រូវ​ខ្ទាត​ចេញ​ចម្ងាយ​រាប់រយ​ម៉ែត្រ។

ស្ថាប័ន​ឧតុនិយម​របស់ ជប៉ុន ថ្ងៃនេះ បានប្រកាស​អាសន្ន​កម្រិត 3 នៅលើ​មាត្រដ្ឋាន​ទាំង 5 កម្រិត ដែល​មានន័យថា ប្រជាជន​មិនគួរ​ទៅ​ក្បែរ​តំបន់​ជុំវិញ​ភ្នំភ្លើង Otake ដែល​ស្ថិតនៅលើ​កោះ Suwanose នៃ​ខេត្ត Kagoshima នោះទេ ក្រោយ​ករណី​ផ្ទុះ​ក​ម្អែ​កាលពី​ថ្ងៃទី 16 ខែកញ្ញា។

បច្ចុប្បន្ន ពុំទាន់​មាន​របាយការណ៍​ស្ដីពី​ការខូចខាត​ទ្រព្យសម្បត្តិ ក៏ដូចជា​មាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នៅឡើយ។

ការផ្ទុះ​ដំបូង បាន​កើតឡើង​កាលពី​ថ្ងៃទី 16 កញ្ញា។ ស្ថាប័ន​ឧតុនិយម​បាន​ព្រមាន​ថា ផ្ទាំង​ថ្មធំៗដែល​បាញ់​ចេញពី​មាត់​ភ្នំភ្លើង​កម្ពស់ 799 ម៉ែត្រ នៅឯ​ភូមិ Toshima អាច​ធ្លាក់​ក្នុង​រង្វង់​ចម្ងាយ 2 គីឡូម៉ែត្រ។

ក្រោយ​ការផ្ទុះ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃនេះ រាជរដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​ការិយាល័យ​ទំនាក់ទំនង​មួយ​នៅក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ប្រមូល​ព័ត៌មាន។

Suwanose ជា​កោះ​ភ្នំភ្លើង​មួយ​ដែលមាន​ប្រជាជន​មិន​ដល់ 100 នាក់ ស្ថិតនៅ​ភាគខាងត្បូង​កោះធំ Kyushu នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន។ ប្រទេស​ដែលមាន​ភ្នំភ្លើង​សកម្ម​ជាច្រើន​មួយ​នេះ ស្ថិតនៅលើ​តំបន់​ខ្សែក្រវ៉ាត់​ភ្លើង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាទី​ដែលមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ច្រើនជាងគេ​ក្នុង​ពិភពលោក៕

Advertisement