កំពូលកីឡាករប្រដាល់របស់ ហ្វីលីពីន ក្លាយជាបេក្ខភាពប្រធានាធិបតី

ជើងឯក​ប្រដាល់​របស់​ប្រទេស​ហ្វីលីពីន លោក Manny Pacquiao កាលពី​ម្សិលមិញ បានប្រកាស​ចូលរួម​ប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2022។

«បច្ចុប្បន្ន​គឺជា​ពេលវេលា​សមស្រប។ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការដឹកនាំ» Manny Pacquiao វ័យ 42 ឆ្នាំ បាន​និយាយ​ដូច្នេះ​បន្ទាប់ពី​យល់ព្រម​តាម​សំណើ​ពី​ក្រុម​ដែល​លោក​ដឹកនាំ​នៅក្នុង​បក្ស​កាន់អំណាច PDP-Laban។

មុននេះ​មិនយូរប៉ុន្មាន ក្រុម​គូប្រជែង​របស់ Pacquiao បាន​ជ្រើសតាំង​ជំនួយការ​ផ្ទាល់​របស់​ប្រធានាធិបតី Rodrigo Duterte គឺ​តំណាងរាស្ត្រ Christopher “Bong” Go ជា​បេក្ខភាព​ប្រធានាធិបតី។ ក្រុម​នេះ​ក៏បាន​ជ្រើសតាំង Duterte សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ផងដែរ ដើម្បី​ជួយ​ឱ្យ​ប្រធានាធិបតី ហ្វីលីពីន រូបនេះ អាច​បន្ត​កាន់អំណាច។

Go បាន​បដិសេធ​ការជ្រើសតាំង​ខាងលើ ប៉ុន្តែ បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​ក្រុម Pacquiao និង​ក្រុម Duterte នៅក្នុង​បក្ស នៅតែ​បន្ត​កើនឡើង។

«ខ្ញុំ​គឺជា​អ្នក​ប្រយុទ្ធ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើជា​អ្នក​ប្រយុទ្ធ មិន​ថា​នៅ​ខាងក្នុង ឬ​ខាងក្រៅ» កំពូល​អ្នក​ប្រដាល់​របស់ ហ្វីលីពីន លោក Pacquiao ប្រកាស​ដូច្នេះ។ លោក​​បាន​បញ្ជាក់​​ថា «ខ្ញុំ​យល់ព្រម​ទទួលយក​ការជ្រើសតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​របស់ សាធារណរដ្ឋ​ហ្វីលីពីន»។

កំពូល​អ្នក​ប្រដាល់​របស់​ ហ្វីលីពីន លោក​ Pacquiao (ស្ដាំ)

Pacquiao គឺជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​បំផុត និង​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​ដណ្ដើមបាន​ខ្សែក្រវាត់​ពិភពលោក​ចំនួន 8 ក្នុង​ប្រភេទ​ទម្ងន់ផ្សេងៗគ្នា។

ទោះជា​ល្បីឈ្មោះ ប៉ុន្តែ Pacquiao នៅតែ​មិនអាច​ឈរលើ​កំពូល​តារាង​ក្នុង​ការស្ទង់មតិ​នាពេល​កន្លង។ Sara Duterte-Carpio កូនស្រី​របស់​ប្រធានាធិបតី Duterte គឺជា​អ្នក​ស្ថិតនៅលើ​កំពូល​តារាង​នេះ។

កាលពី​ខែកក្កដា គណបក្ស PDP-Laban បាន​បោះឆ្នោត​ទម្លាក់ Pacquiao ពី​តំណែង​ប្រធាន​បក្ស ក្រោយពី​លោក​បាន​រិះគន់​ប្រធានាធិបតី Duterte ទាក់ទិន​នឹង​បញ្ហា​ជាមួយ​ប្រទេស​ចិន និង​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ។ ប៉ុន្តែ ការសម្រេច​នេះ​ត្រូវបាន​ក្រុម​អ្នកនយោបាយ​ដែល​ដឹកនាំ​ដោយ Pacquiao នៅក្នុង​បក្ស ច្រានចោល។

កំពូល​អ្នក​ប្រដាប់​រូបនេះ បាន​ចូលប្រលូក​ក្នុង​វិស័យ​នយោបាយ​ចាប់ពី​ឆ្នាំ 2010 ក្នុងនាម​ជា​តំណាងរាស្ត្រ​ម្នាក់ មុននឹង​ត្រូវបាន​បោះឆ្នោត​ជា​សមាជិកសភា​ជាន់ខ្ពស់។ លោក​ទទួលបាន​ការចូល​ចិត្តខ្លាំង​នៅ ហ្វីលីពីន ដោយសារតែ​ចិត្ត​ទូលាយ និង​ការ​ប្រឹង​ប្រែ​រើខ្លួន​ចេញពី​ភាពក្រីក្រ ដើម្បី​ក្លាយជា​អ្នក​ប្រដាល់​ម្នាក់​ក្នុងចំណោម​អ្នក​ប្រក​ដាល់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ។

ក្រុមអ្នកវិភាគ​អះអាងថា ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់ រួម​នឹង​គោលដៅ​ប្រឆាំង​ភាពក្រីក្រ និង​អំពើពុករលួយ អាចជា​ប្រធានបទ​សំខាន់​នៅក្នុង «យុទ្ធនា​ការដណ្ដើម​សំឡេងឆ្នោត» របស់ Manny Pacquiao៕

Advertisement