រដ្ឋប្រហារ​យោធានៅ​ប្រទេស​ស៊ូដង់ ទទួល​បរាជ័យ» 

មន្ត្រី​យោធា​នៃ​ប្រទេស​ស៊ូដង់ ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ព្យាយាម​ដណ្ដើម​កាន់កាប់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព នៅក្នុង​ផែនការ​រដ្ឋប្រហារ​ដែល​មិនបាន​សម្រេច។

«កងទ័ព​បាន​រាំងខ្ទប់​ផែន​ការធ្វើ​រដ្ឋប្រហារ ហើយ​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង» ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់​ឧ​ត្ត​ម​សេនីយ៍ Abdelfattah al-Burhan និង​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យ ស៊ូដង់ បាន​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិលមិញ​ដូច្នេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទាហាន​ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​កំពុង​ព្យាយាម​ដណ្ដើម​កាន់កាប់​អគារ​នានា​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព។ អាជ្ញាធរ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ូដង់ បាន​ចោទប្រកាន់​កងកម្លាំង​ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ​ថា ជាប់​ទាក់ទិន​នឹង​អតីត​ប្រធានាធិបតី Omar al-Bashir ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2019។

«យើង​ធានា​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់ ថា ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង។ សមាជិក​កងទ័ព និង​កម្លាំង​ស៊ីវិល​ដែល​ចូលរួម​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​ចាប់ខ្លួន និង​កំពុង​ត្រូវបាន​សួរចម្លើយ» Hamza Balol អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ស៊ូដង់ ប្រកាស​លើ​ទូរទស្សន៍​ដូច្នេះ និង​បន្ថែមថា ពួកគេ​កំពុង​បន្ត​ស្វែងរក​ក្រុមមនុស្ស​ស្មោះស្ម័គ្រ​នឹង Bashir ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ។

Abdalla Hamdok គឺ​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​នៅ​ ស៊ូដង់ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ Omar al-Bashir កាល​ពី​ឆ្នាំ​ 2019

អតីត​ប្រធានាធិបតី Omar al-Bashir បច្ចុប្បន្ន​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​មួយ​ក្នុង​តំបន់ Khartoum និង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន។ ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់ កំពុង​រ៉ាប់រង​លើ​ការដឹកនាំ​ប្រទេស ដោយយោង​ទៅតាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​កងទ័ព និង​កងកម្លាំង​ស៊ីវិល ចាប់តាំងពី Bashir ត្រូវបាន​ផ្ដួលរំលំ។ ការបោះឆ្នោត​នានា តាម​គម្រោង​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ 2024។

នេះ​មិនមែនជា​លើកដំបូង​ដែល​រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​ប្រទេស​ស៊ូដង់ ត្រូវ​ប្រឈម​នឹង​ឧបសគ្គ។ ពួកគេ​បានឱ្យដឹងថា កន្លងមក​ក៏​ធ្លាប់មាន​ការព្យាយាម​ធ្វើ​រដ្ឋប្រហារ​ជាច្រើនលើក ដែល​ជាប់​ទាក់ទិន​នឹង​ក្រុមគាំទ្រ​របស់លោក Bashir ប៉ុន្តែ ត្រូវបាន​បែកធ្លាយ​ជា​ព័ត៌មាន ឬ​ត្រូវបាន​កម្ចាត់។ កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី ស៊ូដង់ Abdalla Hamdok បាន​រួច​ពី​ការស្លាប់ នៅពេល​ត្រូវគេ​លួច​ធ្វើឃាត​នៅឯ Khmartoum។

ស៊ូដង់ ជា​ប្រទេសមួយ​ដែលមាន​ប្រវត្តិ​រដ្ឋប្រហារ​ជាច្រើនលើក និង​យូរអង្វែង។ Bashir បាន​ក្លាយជា​ប្រធានាធិបតី ក្រោយពី​រដ្ឋប្រហារ​ដែល​គាំទ្រ​ដោយ​សាសនិក​អ៊ីស្លាម កាលពី​ឆ្នាំ 1989។ លោក Bashir គឺជា​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​ប្រធានាធិបតី​ច្រើន​រូប​ដែល​កាន់អំណាច​យូរ​ជាងគេ​នៅ ស៊ូដង់ (ជិត 30 ឆ្នាំ) និង​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាម​ចាប់ខ្លួន​ពីបទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Bashir ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ 2019 នៅក្នុង​រដ្ឋប្រហារ​យោធា ក្រោយ​ពលរដ្ឋ​ចេញ​ធ្វើបាតុកម្ម​អស់​រយៈពេល 4 ខែ ដើម្បី​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង៕

Advertisement