ឥណ្ឌា ចាប់បាន​ថ្នាំញៀន ហេ​រ៉ូ​អ៊ី​ន ជិត 3 តោន ពី អា​ហ្វ​ហ្គា​នី​ស្ថាន

កំពង់​ផែ​ Mundra នៅក្នុង​រដ្ឋ​ Gujarat នៃ​ប្រទេស​ឥណ្ឌា

អាជ្ញាធរ​ឥណ្ឌា បាន​រឹបអូស ហេ​រ៉ូ​អ៊ី​ន ជាង 2.9 តោន ដែលមាន​តម្លៃ 2.72 ពាន់​លាន​ដុល្លារ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ តា​លី​បង់ ឡើងកាន់​អំណាច​នៅ​ប្រទេស​នេះ​បាន 1 ខែ។

មន្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Gujarat របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី 21 កញ្ញា បានឱ្យដឹងថា នាយកដ្ឋាន​ស៊ើបការណ៍​ផ្នែក​ប្រាក់ចំណូល (DRI) ជា​ស្ថាប័ន​ប្រឆាំង​អំពើ​គេចពន្ធ​កំពូល​របស់ ឥណ្ឌា កាលពី​សប្ដាហ៍​មុន បាន​ត្រួតពិនិត្យ​កុងតឺន័រ​ចំនួន 2 នៅឯ​កំពង់ផែ Mundra ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន។

ក្រុមហ៊ុន​មួយ​នៅក្នុង​ទីក្រុង Vijayawada នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា គឺជា​អ្នក​នាំចូល​កុងតឺន័រ​ទាំងនេះ។ ពេល​ត្រួតពិនិត្យ អាជ្ញាធរ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ទម្ងន់ 2,989 គីឡូក្រាម ដែលមាន​ប្រភពពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស 2 នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ការដឹកជញ្ជូន ហើយ​កំពុង​សួរចម្លើយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​នាក់​ផ្សេងទៀត​ដែល​ជាប់ទាក់ទង។

បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ កំពុង​ប្រមូល​ផ្កា​អាភៀន​​ នៅ​ក្នុង​ខេត្ត​ Jalalabad កាល​ពីឆ្នាំ​ 2014

ក្រុមមន្ត្រី​ឱ្យដឹងថា កុងតឺន័រ ទាំង 2 ខាងលើ ដែល​ត្រូវបាន​ប្រកាសថា ផ្ទុក​ថ្ម talc ជា​ធាតុ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​គីមី និង​សេ​រ៉ា​មិច គឺ​មកពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន។

កុងតឺន័រ​ទាំងនេះ​ត្រូវបាន​ដឹក​ពី​កំពង់ផែ Bandar Abbas របស់​ប្រទេស​អ៊ីរ៉ង់ ទៅកាន់​កំពង់ផែ Gujarat Mundra ប្រទេស​ឥណ្ឌា។

អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផ្គត់ផ្គង់​អាភៀន​ធំជាងគេ​ក្នុង​ពិភពលោក។ ក្រោយពី​បាន​ឡើងកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានប្រកាសថា នឹង​ហាមឃាត់​សកម្មភាព​ជួញដូរ​ថ្នាំញៀន ប៉ុន្តែ មិនទាន់​ឱ្យដឹង​សេចក្ដីលម្អិត ក៏ដូចជា​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​របស់​ពួកគេ​នៅឡើយ៕

Advertisement